ទីក្រុងវ៉ាស៊ីនតោន៖ ថ្មីៗនេះមានការចរចាគ្នាជាសម្ងាត់រវាងប្រទេសបួនគឺអង់គ្លេស អាមេរិក រុស្ស៊ី និងអាល្លឺម៉ង់ដើម្បីដូរអ្នកទោសគ្នាទៅវិញទៅមក។ នៅក្នុងចំណោមនោះក៏មានអ្នកកាសែតវ៉លស្ទី្រតជើណល (Wall Street Journal) ឈ្មោះអ៊ីវ៉ាន ហ្គើសខូវិច (Evan Gershkovich) និងអតីតទាហានជើងទឹកអាមេរិកឈ្មោះផូល វីលេន (Paul Whelan) ស្ថិតនៅក្នុងបញ្ជីដែលត្រូវអាជ្ញាធររុស្ស៊ីយកទៅដូរគ្នាជាមួយអ្នកទោសរុស្ស៊ីដែលជាប់ពន្ធនាគារនៅអាល្លឺម៉ង់ និងប្រទេសដទៃទៀត។
នេះអាចជាការដូរអ្នកទោសដ៏ធំបំផុតមិនធ្លាប់មានរវាងប្លុកខាងលិច និងប្លុកខាងកើតចាប់តាំងពីក្រោយសង្គ្រាមត្រជាក់។ ទូរទស្សន៍ស៊ីអឹនអឹន និងបណ្ដាញព័ត៌មានអាមេរិកដទៃទៀតបានផ្សព្វផ្សាយដំណឹងនេះយ៉ាងគគ្រឹកគគ្រេង។ ទូរទស្សន៍អេប៊ីស៊ីអូស្ត្រាលីផ្សាយថាការដូរគ្នាលើកនេះមិនមែនត្រឹមតែធ្វើឡើងរវាងអាមេរិក និងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែចូលរួមដោយប្រទេសជាច្រើនទៀត។
រហូតមកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលអាមេរិកមិនទាន់បញ្ជាកឱ្យបានច្បាស់នៅឡើយទេ។ វិមានក្រឹមឡាំងក៏រក្សាភាពស្ងៀមស្ងាត់។ អ្នកនាំពាក្យវិមានក្រឹមឡាំងនិយាយដោយខ្លីថាលោកសូមមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ សូមជម្រាបថាអ្នកកាសែតវ៉លស្ទ្រីតជើណល លោកហ្គើសខូវិច វ័យ៣២ឆ្នាំត្រូវសមត្ថកិច្ចរុស្ស៊ីចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២៣ ហើយកាត់ទោសឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំពីបទលួចយកការណ៍សម្ងាត់ចេញពីតំបន់ឧស្សាហកម្មផលិតគ្រឿងបរិក្ខារយោធា។
ដំណឹងស្ដីពីការដូរអ្នកទោសគ្នានេះចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅថ្ងៃព្រហស្បតិ៍នៅពេលគេដឹងថាយន្តហោះមួយគ្រឿងដែលធ្លាប់ប្រើប្រាស់សម្រាប់ដឹកអ្នកទោសដូរគ្នាបានចុះចតនៅលើទឹកដីរុស្ស៊ី។ ម៉្យាងទៀតនៅប្រទេសរុស្ស៊ី គេក៏មានតម្រុយនៃការដោះដូរអ្នកទោសនេះខ្លះៗតាំងពីប៉ុន្មានថ្ងៃមុននេះនៅពេលគេលែងឃើញលោកវីលេនស្ថិតនៅក្នុងបន្ទប់ពន្ធនាគារតទៅទៀត។
នៅក្នុងចំណោមអ្នកទោសរុស្ស៊ីដែលជាប់ឃុំនៅបស្ចិមប្រទេស ហើយដែលត្រូវយកមកដូរគ្នាលើកនេះក៏មានលោកវ៉ាឌីម ក្រាស៊ីកូហ្វ (Vadim Krasikov)ផងដែរ។ គាត់កំពុងជាប់ឃុំនៅប្រទេសអាល្លឺម៉ង់ពីបទសម្លាប់អតីតមេបញ្ជាការក្រុមឧទ្ទាមឆេចនីដោយអំពើឃោរឃៅ។ ប្រតិកម្មចំពោះការដូរអ្នកទោសនេះ លោកស្រីហារីស ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ចាត់ទុកថានេះជាជ័យជម្នះសម្រាប់លោកពូទីន។
នេះជាការដូរអ្នកទោសលើកដំបូងរវាងរុស្ស៊ី និងបស្ចិមប្រទេសចាប់តាំងពីការដូរកីឡាការនីបាល់បាស់ស្កេតអាមេរិក នាងប៊្រីតនី ក្រាញណឺ (Brittney Griner) ជាមួយទណ្ឌិតជនជាតិរុស្ស៊ីម្នាក់ជាឈ្មួញអាវុធកាលពីខែធ្នូ ឆ្នាំ២០២២។ ម៉្យាងទៀត វាក៏ជាការដូរអ្នកទោសទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១០។ កាលនោះ រុស្ស៊ី និងបស្ចិមប្រទេសដូរភ្នាក់ងារចារកម្មចំនួន១៤នាក់៕
ចែករំលែកព័តមាននេះ