ទីក្រុងខាយរ៉ូ៖ បន្ទាប់ពីប្រធានក្រុមហាម៉ាស់ត្រូវគេធ្វើឃាតកាលពីថ្ងៃពុធ គេគិតថាលោកខាលីត ម៉ាសាល់ (Khaled Mashal) អាចនឹងក្លាយជាអ្នកស្នងតំណែងបន្ត។ លោកចាប់ផ្ដើមល្បីនៅឆ្នាំ១៩៩៧នៅពេលភ្នាក់ងារសម្ងាត់អ៊ីស្រាអែលចាក់ថ្នាំប៉ុនប៉ងធ្វើឃាតគាត់នៅពេលធ្វើដំណើរទៅកាន់ការិយាល័យរបស់គាត់នៅទីក្រុងអាម៉ាន់ (Amman) ប្រទេសហ្សកដង់។
ការចាក់ថ្នាំប្រុងផ្ដាច់ផ្ដិលជីវិតមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់នេះត្រូវបានបញ្ជាដោយលោកណឺតាន់យ៉ាហ៊ូ។ ស្ដេចប្រទេសហ្សកដង់មានកំហឹងយ៉ាងខ្លាំង។ ព្រះអង្គមានបន្ទូលថានឹងចាប់ព្យួរកឱ្យអស់អ្នកណាដែលជាជនដៃសល់នៅក្នុងអំពើនេះ ហើយព្រះអង្គគំរាមលុបចោលកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែលបើអ៊ីស្រាអែលមិនព្រមប្រគល់ថ្នាំបន្សាប។
កាលនោះ អ៊ីស្រាអែលមិនហ៊ានប្រកែកដែរ សុខចិត្តប្រគល់ថ្នាំបន្សាបតាមសម្រួល និងយល់ព្រមដោះលែងមេហាម៉ាស់ឈ្មោះសេកអាមេតយ៉ាស៊ីន (Sheikh Ahmed Yassin)។ កន្លងផុតទៅបាន៧ឆ្នាំ អ៊ីស្រាអែលនៅតែតាមធ្វើឃាតយ៉ាស៊ីនឱ្យទាល់តែបាននៅតំបន់ហ្កាហ្សា។ នៅក្នុងចិត្តរបស់ពួកអ៊ីស្រាអែល និងបស្ចិមប្រទេស, ហាម៉ាស់ជាក្រុមភេរវកម្មដែលដើរតែដាក់គ្រាប់បែកអត្តឃាតនៅអ៊ីស្រាអែល និងវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែលគ្មានថ្ងៃបញ្ចប់។
ប៉ុន្តែនៅក្នុងចិត្តរបស់ពួកប៉ាឡេស្ទីន លោកមេសាអាល់ និងថ្នាក់ដឹកនាំហាម៉ាស់ដទៃទៀតជាអ្នកតស៊ូដើម្បីរំដោះជាតិសាសន៍របស់ខ្លួនចេញពីការត្រួតត្រារបស់អ៊ីស្រាអែល។ មេសាអាល់សព្វថ្ងៃនេះមានអាយុ៦៨ឆ្នាំ គាត់ក្លាយជាមេដឹកនាំនយោបាយនិរទេសរបស់ក្រុមហាម៉ាស់តាំងពី១ឆ្នាំមុនពេលក្រុមអ៊ីស្រាអែលចង់កម្ចាត់គាត់ចេញ។ តាមរយៈតួនាទីនេះ មេសាអាល់ជាអ្នកតំណាងឱ្យក្រុមហាម៉ាស់នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋាភិបាលបរទេសនៅទូទាំងពិភពលោក។
ទោះបីមន្ត្រីហាម៉ាស់ដទៃទៀតមិនអាចចេញទៅក្រៅប្រទេសដោយសារអ៊ីស្រាអែលហាមឃាត់ ប៉ុន្តែខាលីត ម៉ាសាល់អាចចូលរួមប្រជុំដោយគ្មានបញ្ហា។ ប្រភពពីក្រុមហាម៉ាស់ថ្លែងថាមេសាអាល់អាចនឹងត្រូវគេជ្រើសរើសជាមេដឹកនាំថ្មីរបស់ហាម៉ាស់ដើម្បីស្នងតំណែងលោកអ៊ីស្មាអ៊ីល ហានីយេ (Ismail Haniyeh) ដែលត្រូវគេធ្វើឃាតនៅប្រទេសអ៊ីរ៉ង់។ អ៊ីស្រាអែលមិនបានប្រកាសថាខ្លួនជាជនដៃដល់នៅក្នុងការធ្វើឃាតនេះទេ។ ប៉ុន្តែអ៊ីរ៉ង់ និងហាម៉ាស់យល់ថានេះជាស្នាដៃរបស់អ៊ីស្រាអែលច្បាស់ណាស់។
មន្ត្រីជាន់ខ្ពស់ហាម៉ាស់ឈ្មោះខាលីល អាល់ហាយ៉ា (Khalil al-Hayya) ដែលកំពុងរស់នៅប្រទេសកាតា និងដែលបានដឹកនាំគណៈប្រតិភូរបស់ក្រុមហាម៉ាស់ទៅចរចាគ្នាជាមួយអ៊ីស្រាអែលដើម្បីឱ្យមានបទឈប់បាញ់នោះ គាត់ក៏អាចនឹងក្លាយជាមេដឹកនាំកំពូលថ្មីរបស់ក្រុមហាម៉ាស់ផងដែរ។ គាត់ជាមនុស្សសំណព្វចិត្តរបស់អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ខាលីត ម៉ាស៊ីល និងអ៊ីរ៉ង់ធ្លាប់មានទំនាក់ទំនងរកាំរកូសនឹងគ្នានៅពេលមេសាអាល់គាំទ្រចលនាបះបោររបស់ក្រុមឥស្លាមស៊ុននីកាលពីឆ្នាំ២០១១ប្រឆាំងនឹងរបបដឹកនាំរបស់លោកអាល់អាសាតនៅប្រទេសស៊ីរី។ ចាប់តាំងពីក្រុមហាម៉ាស់បង្កើតឡើងកាលពីឆ្នាំ១៩៨៧ អ៊ីស្រាអែលបានធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតមេដឹកនាំ និងភ្នាក់ងាររបស់ក្រុមហាម៉ាស់ជាច្រើននាក់។
មេសាអាល់បានប្រកាន់យកមាគ៌ាកណ្ដាលនៅក្នុងចំណោមមន្ត្រីកំពូលៗរបស់ហាម៉ាស់ដទៃទៀតចាប់តាំងពីទសវត្សទី៩០។ តាំងពីយូរមកហើយ គាត់ច្រើនធ្វើការនៅក្រៅប្រទេសអ៊ីស្រាអែលជាលក្ខណៈអ្នកនយោបាយពនេចរ។ នៅអំឡុងពេលនោះ អ៊ីស្រាអែលរៀបផែនការសំឡេះមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ជាបន្តបន្ទាប់នៅជ្រោយហ្កាហ្សា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រឆេនណាល ញូ អេស៊ា (Channel News Asia)៕
ចែករំលែកព័តមាននេះ