ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថ បានបើកប្រតិបត្តិការបន្តបំបែកសំបុកចោរ ដែលជាក្រុមទី២ ក្នុងករណីលួចកាច់.ក.ម៉ូតូ ជួញដូរគ្រឿងញៀន និងទីតាំងពាក់ព័ន្ធទទួលផលចោរកម្ម ក្រោយក្រុមទី១ ត្រូវបានបង្ក្រាប និងបញ្ជូនចូលពន្ធនាគារការពារពេលថ្មីៗ កន្លងមកនេះ ។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់នៅពីវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៤នេះថា កាលពីវេលាម៉ោង០២និង៥២នាទីទៀបភ្លឺថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីបាត់ម៉ូតូ បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ ដោយមានការសម្របសម្រួលពីលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអយ្យ
ការអមសាលាដំបូងខេត្ត ចុះធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញា រហូតដល់ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមមាន ៖
១-ឈ្មោះ ញ៉ាង ឆៃយ៉ា ហៅអាយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ (ខ្មែរ) មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិផ្អាវ ឃុំអន្លងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
២-ឈ្មោះ ទុយ សុភ័ក្រ ហៅសុខ អាយុ១៧ឆ្នាំ (ខ្មែរ) មុខរបរគ្មាន បច្ចុប្បន្រស់នៅភូមិ-ឃុំ-ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
៣-ឈ្មោះ វ៉ែន សល់ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅចំណុចគោរោទ៍ ភូមិ-ឃុំឆ្វាំង ស្រុកថាទ្បាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។
ព្រមទាំងដកហូតវត្ថុតាង រួមមាន ៖
-ម៉ូតូ ចំនួន០៦គ្រឿង (ខូច០១គ្រឿង)
-ទូរសព្ទដៃ ចំនួន០២គ្រឿង
-កាំបិតបុ័ងតោ ចំនួន០១
-ដាវ ចំនួន០១
-ស្បែកជើងស៊ក ពណ៌ក្រហម លាយខ្មៅ ចំនួន០១គូ
-នាឡិកាដៃ ចំនួន០១គ្រឿង
-ម៉ាស៊ីនបូមទឹក ចំនួន០១គ្រឿង
-គ្រឿងបន្លាស់ម៉ូតូ មួយចំនួនធំ
-កំបាំងម៉ូតូ មួយចំនួនធំ
-ខ្នងកងម៉ូតូ ចំនួន០៧
-ដូយ ចំនួន០១
-ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន០១កញ្ចប់តូច ស្មើរ០,៤៣ក្រាម
-សម្ភារប្រើប្រាស់(ជក់)ថ្នាំញៀនមួយចំនួន ។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ក្រុមនេះ គឺនៅមិនទាន់អស់នៅឡើយទេ ហើយមានអ្នកនៅពីក្រោយ ថែមទៀតផង។ ទទឹមនេះ លោកក៏បានស្នើសុំទៅស្ថាប័នអយ្យការអមសាលាដំបូង ធ្វើការសហការបន្តស៊ើបសួរស្រាវជ្រាវ និងពន្លៀតនីតិវិធី ដើម្បីបោសសម្អាតក្រុមនេះ អោយអស់ ។
លោកសង្កត់ធ្ងន់ថា មិនអោយមានកិច្ចអន្តរាគមន៍ណាឡើយ ទោះបីជាកូនអ្នកណាក៏ដោយ ហើយអ្នកណាចេញមុខអន្តរាគមន៍ក៏យើងមិនលើកលែងដែរ ច្បាប់គឺជាច្បាប់ ផ្ទះយើងតូច តែគ្រួសារយើងមានវិន័យ ។ យើងសុខចិត្តឲ្យអ្នកអន្តរាគមន៍ទាំងនោះស្អប់ខឹងសម្បារនឹងយើង តែយើងមិនឱ្យប្រជាពលរដ្ឋស្អប់ខឹងសម្បារនឹងយើងទេ ។
លោកបន្តថា នេះជាសំបុកក្រុមទី២ ដែលត្រូវបានបង្ក្រាប និងបន្តបង្ក្រាបក្រុមទី៣ ទី៤ ទី៥ ទី៦ បន្តទៀត ប្រសិនក្រុមទាំងនេះនៅតែបង្កអស្ថេរភាព និងបង្កអសន្តិសុខក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ។
ចំពោះជនសង្ស័យទាំង០៣នាក់ខាងលើ ក្រោយធ្វើការឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចាត់ការតាមនីតិវិធី និងបន្តបញ្ជូនទៅពន្ធនាគារផងដែរ ។
ជាមួយនឹងបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ក្តី លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក៏បានដាក់បទបញ្ជាទៅកងកម្លាំងចុះល្បាតជាប្រចាំរាល់យប់ ដើម្បីការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្ត ផងដែរ ៕
ចែករំលែកព័តមាននេះ