រាជធានីភ្នំពេញ ៖ តាមបណ្តាញសង្គមតេឡេក្រាមរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចភូមិ២៧ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ចុះទៅសហការជាមួយជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ា ផានី អាយុ២១ឆ្នាំ រស់នៅភូមិដីថ្មី ឃុំបោះខ្នោ ស្រុកចំការលើ ខេត្តកំពង់ចាម ពាក់ព័ន្ធករណីលួច (លួចម៉ូតូបាន៥ថ្ងៃ គេចមិនផុតពីកណ្តាប់ដៃនគរបាលព្រហ្មទណ្ឌក្រសួង) ។
ករណីចោរកម្មបានកើតឡើងកាលពីវេលាម៉ោង២១និង០៥នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយជនសង្ស័យលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1BN-1880 របស់ឈ្មោះ ថែ វ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ នៅចំណុច ភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ