ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញស្នើកុំបំផ្លាញវិហារចាស់ហើយសង់ថ្មី

2 ខែ មុន
  • ភ្នំពេញ

អ្នកជំនាញ និង​ព្រះសង្ឃ​នៅ​វត្ត​មួយ​នៅ​សៀមរាប បាន​ស្នើ និង​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នានា អភិរក្ស​វិហារ​ចាស់​ៗ​ជា​ជាង​បំផ្លាញ​ចោល ហើយ​សង់​ថ្មី តួយ៉ាង​ដូច​ជា សំណង់​ព្រះ​វិហារ​បុរាណ​មួយ​នៅ​បរិវេណ​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ នៅ​ក្នុង​ខេត្តសៀមរាប…

អ្នកជំនាញ និង​ព្រះសង្ឃ​នៅ​វត្ត​មួយ​នៅ​សៀមរាប បាន​ស្នើ និង​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នានា អភិរក្ស​វិហារ​ចាស់​ៗ​ជា​ជាង​បំផ្លាញ​ចោល ហើយ​សង់​ថ្មី តួយ៉ាង​ដូច​ជា សំណង់​ព្រះ​វិហារ​បុរាណ​មួយ​នៅ​បរិវេណ​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ នៅ​ក្នុង​ខេត្តសៀមរាប នៅ​ក្នុង​បរិវេណ​អង្គរ ដែល​ត្រូវ​បាន​ជួសជុល និង​កែ​លំអរ​សម្រាប់​ពុទ្ធ​បិ​រ​ស័​ទ​គោរព​បូជា និង​ទេសចរ​ឈាង​ទៅ​ស្វែង​យល់ ។

លោក ស៊ឹ​ម ប៊ុ​ន​ធឿ​ន អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី បេតិកភណ្ឌ​ក្រុង និង​សហគមន៍​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤ តាម​រយៈ​បណ្តាញ​សង្គម​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថា វត្ត​អារាម​ទាំងអស់​គួរ​ចូលរួម​ថែរក្សា​ព្រះ​វិហារ​បុរាណ កុំ​ព្យាយាម​រុះរើ​សំណង់​ចាស់​ចោល សង់​សំណង់​ថ្មី ព្រោះ​សំណង់​ទាំង​បង្ហាញ​ពី​ប្រវត្តិ សិល្បៈ និង​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិខ្មែរ​ទាំងមូល ។ ដោយឡែក​គ្រូសូត្រឆ្វេង​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍ ព្រះ​អង្គ សន វាសនា មាន​សង្ឃដីការ ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​ទាំងអស់​ក្នុង​វត្ត​ដែល​មាន​វិហារ​ចាស់​ៗ ឬ​ថ្មី​ៗ សូម​ជួយ​អភិរក្ស​ថែរក្សា​ជា​រឿយ​ៗ ដើម្បី​បង្ការ​កុំឱ្យ​សំណង់​ទាំងនោះ​ខូចខាត​ខ្លាំង ។

ព្រះ​អង្គ បាន​បន្ថែម​ថា «​ព្រះ​វិហារ​ជា​ចំណុច​សំខាន់ ឬ​ជា​បេះដូង​នៃ​ទី​សក្ការៈបូជា​របស់​សាសនា ហើយ​ព្រះ​អង្គ​សុំ​ឱ្យ​ព្រះសង្ឃ​ទាំងអស់ កុំ​ចង់បាន​របស់​ថ្មី​ដោយ​វាយ​សំណង់​ចាស់​ចោល​ផ្ទុយ​ទៅ​វិញ​សំណង់​បុរាណ​ទាំងនោះ​មានគុណ​តម្លៃ​ផ្នែក​បេតិកភណ្ឌ​ជាតិ​ជា​ច្រើន​» ។

ពាក់ព័ន្ធ​នឹង​ការ​ថែរក្សា និង​អភិរក្ស​វិហារ​ចាស់​ៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា ទើបតែ​បញ្ចប់​ការ​ស្តារ និង​ជួសជុល​សំណង់​ព្រះ​វិហារ​បុរាណ​នៅ​វត្ត​ព្រះ​ឥន្ទ​កោ​សី​យ៍​នៅ​បរិវេណ​នៃ​ដែន​អភិរក្ស​អង្គរ ។ ព្រះ​វិហារ​ដែល​បាន​ជួសជុល​នេះ គឺ​បាន​រង​នូវ​ការ​ខូចខាត​ខ្លាំង​នៅ​ផ្នែក​ដំបូល​ដែល​ពេល​ជួសជុល​ត្រូវ​ប្រើ​សម្ភារ​ថ្មី​ច្រើន តែ​ជា​សម្ភារ​ដូច​របស់​ដើម ចំណែក​ផ្នែក​ផ្សេង​ទៀត​ដែល​មានការ​ខូចខាត ស្ថិត​ក្នុង​កម្រិត​នៃ​ការ​ជួសជុល​បាន ហើយ​ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល និង​អភិរក្ស​ឡើង​វិញ ដោយ​រក្សា​នូវ​ទម្រង់​ដើម​ទាំងស្រុង ។

ចំពោះ​គុណ​តម្លៃ​នៃ​សំណង់​ព្រះ​វិហារ​ខាងលើ​នេះ លោក ស៊ឹ​ម ប៊ុ​ន​ធឿ​ន ពន្យល់​ថា វា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។
លោក​បាន​បន្ត​ថា គុណ​តម្លៃ​រួម សំណង់​វិហារ​នេះ​បាន​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ និង​សិល្បៈ​ដ៏​យូរលង់​របស់​ខ្មែរ​ដែល​មាន​អាយុ​ជិត​១០០​ឆ្នាំ ហើយ​ដែល​បុព្វការី​ជន​អ្នកមាន​ជំនឿ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​ពេល​នោះ មាន​សទ្ធា​សាងសង់​ព្រះ​វិហារ​នេះ ឡើង​ដើម្បី​ទុកជា​មរតក​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ថែរក្សា ។ ចំណែក​តម្លៃ​ជា​រូបរាង​វិញ ព្រះ​វិហារ​នេះ​សង់​លើ​ខឿន​ខ្ពស់​ពី​ដី​បន្តិច មាន​រាង​តូច​ត្រ​ឡឹ​ង មិនធំ​ពេក និង​មិនតូច​ពេក ងាយស្រួល​ការ​គោរព និង​ថែទាំ​អភិរក្ស ។

សម្រាប់​លោក ស៊ឹ​ម ប៊ុ​ន​ធឿ​ន សំណង់​នេះ​បង្ហាញ​ពី​ស្ថាបត្យកម្ម​ជំនាន់​នោះ​ដែល​គិតគូរ​វែង​ឆ្ងាយ​ទៅ​អនាគត បើ​សំណង់​ខ្ពស់​ពេក ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព​នៅ​ផ្នែក​ណាមួយ​មិន​ខាន ។ កន្លង​មក​នៅ​តាម​បណ្តា​វត្ត​មួយ​ចំនួន​ដែល​មាន​វិហារ​ចាស់​ៗ​បាន​បំផ្លាញ​ចោល​ហើយ​សង់​ថ្មី​រហូត​ដល់​ផ្ទុះ ការ​រិះគន់ ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ