ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ អាជ្ញាធរ​​ចុះ​រុះរើ​សំណង់​ដែល​សង់រំ.លោ.ភ​លើ​ចំណី​ផ្លូវជាតិ​លេខ​៣​ហើយ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ នៅ​ទីបំផុត ​កម្លាំង​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​រុះរើ​សំណង់ផ្ទះ​មួយ​កន្លែងដែល​សង់​រំលោភ​លើ​ចំណី​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខា​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញរួច​ហើយ…

រាជធានីភ្នំពេញ ​៖ នៅ​ទីបំផុត ​កម្លាំង​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​រុះរើ​សំណង់ផ្ទះ​មួយ​កន្លែងដែល​សង់​រំលោភ​លើ​ចំណី​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខា​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញរួច​ហើយ កាលពីវេលា​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៤ ។

បើ​តាម​មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សំណង់​ខាងលើ​នោះ​ សង់​ពី​ដែក ដែល​មាន​ម្ចាស់​ឈ្មោះ​ហ៊ុ​ល ភា ហើយ​តាម​ការ​វាស់វែង​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ម្សិលមិញ ឃើញ​ថា គាត់​បាន​សង់​រំលោភ​ដី​ចំណី​ផ្លូវជាតិ​លេខ​៣​ប្រវែង​៥,៥០​ម៉ែត្រ ។

កាលពី​គាត់​ចាប់ផ្ដើម​សាងសង់​ដំបូង​អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​ជា​បន្តបន្ទាប់ ប៉ុន្តែ​គាត់​មិន​ស្ដាប់ លុះ​ក្រោយមក​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុងភូមិ​ខាងលើ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​នោះ​ដែរ ហើយ​ដែល​ពួក​គាត់​ជា​អ្នក​គោរព​ច្បាប់ បាន​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ហាមឃាត់​ជ
បន្ទាន់ ។

មន្ត្រី​សាលា​ខណ្ឌ​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ដោយ​ត្រង់​ៗ​ថា បើ​អាជ្ញាធរ​មិន​ព្រម​ហាមឃាត់​ឬ​រុះរើ​សំណង់​ដែល​កំពុង​សាងសង់​នេះ​ចេញ​ទេ ពួក​គាត់​ក៏​មាន​សិទ្ធិ​សាងសង់​សំណង់​ផ្សេង​ៗ​នៅ​លើ​ចំណី​ផ្លូវជាតិ​លេខ​៣​នេះ​បាន​ដូច​គ្នា​ដែរ ។

ក្រោយ​ទទួល​បាន​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ផង និង​ដើម្បី​ការពារ​ដី​ចំណី​ផ្លូវ ដើម្បី​ការ​រៀបចំ​សោភ័ណ​ភាព​ដងផ្លូវ មិន​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​កើតឡើង​នោះ ទើប​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា លោក​សក់ កា​ញ្ញា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់​លោកនាយក​រដ្ឋបាល​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​កម្លាំង​ចុះ​ហាមឃាត់​និង​ឲ្យ​ម្ចាស់​រុះរើ​ចេញ​ជា​បន្ទាន់ ។

មន្ត្រី​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ពេល​ទៅ​ដល់​កម្លាំង​បាន​ធ្វើការ​វាស់វែង​ឃើញ​ថា សំណង់ផ្ទះ​ខាងលើ​នោះ​សង់​រំលោភ​លើ​ចំណី​ផ្លូវ​ប្រវែង​៥,៥០​ម៉ែត្រ ទើប​កម្លាំង​ប្រាប់​ឲ្យ​ជាង​ផ្អាក​ការ​សាងសង់​សិន និង​សុំ​ជួប​ម្ចាស់ផ្ទះ​ដើម្បី​ណែនាំ​ពី​ច្ប​សប់​សាងសង់ និង​ឲ្យ​គាត់​រុះរើ​ចេញ​វិញ ។

ពេល​នោះ​ស្រាប់តែ​ម្ចាស់ផ្ទះ​មាន​គ្នា​ច្រើន​ចេញ​មក​ស្រែក​ឡូឡា​ជេរ​អាជ្ញាធរ និង​បញ្ចេញ​កាយវិការ​ច្រងេងច្រងាង​រយៈពេល​១​ម៉ោង ចំណែក​កម្លាំង​បាន​ត្រឹមតែ​ឈរ​ស្ដាប់​ពួក​គាត់​ជេរ ដោយ​មិន​បាន​តបត​វិញ​នោះ​ឡើយ ។ បន្ទាប់​មក​កម្លាំង​បាន​ធ្វើការ​ពន្យល់​ពី​ច្បាប់​សាងសង់​ឲ្យ​គាត់​យល់ និង​បាន​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​ការ​សាងសង់​នោះ ព្រមទាំង​រុះរើ​សំណង់​នោះ​ចេញ​វិញ​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ។

មន្ត្រី​សាលា​ខណ្ឌ​រូប​នោះ​បាន​ថ្លែង​ថា ខណៈនោះ​គាត់​យល់ព្រម​ផ្ដិត​មេដៃ​លើក​កិច្ចសន្យា​បញ្ឈប់​ការ​សាងសង់ ប៉ុន្តែ​មិន​យល់ព្រម​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​រុះរើ​នោះ​ឡើយ មិនតែប៉ុណ្ណោះ​បាន​គំរាម​ថា បើ​អាជ្ញាធរ​ហ៊ាន​តែ​ធ្វើការ​រុះរើ​ផ្ទះ​គាត់​នេះ គាត់​និង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជាង​ដែល​មក​ធ្វើការ​រុះ​នោះ​ហើយ ។ បន្ទាប់​ពី​មានការ​គំរាម​បែប​នេះ កម្លាំង​ក៏​បាន​ដកថយ​សិន ហើយ​រហូត​ដល់​ថ្ងៃ​កំណត់​ខាងលើ​នេះ គាត់​នៅ​តែ​មិន​ព្រម​រុះ​ចេញ ទើប​លោក​អភិបាល​ខណ្ឌ​ដាក់​កម្លាំង​ចុះ​ទៅ​ធ្វើការ​រុះរើ ហើយ​បាន​សម្រេច​ដោយ​ពុំ​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​ម្ចាស់ផ្ទះ​នោះ​ឡើយ ។

លោក​សក់ កា​ញ្ញា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ថ្លែង​ថា វិធានការ​របស់​អាជ្ញាធរ​គឺ​ត្រូវ​តែ​រក្សា​ចំណី​ផ្លូវជាតិ​និង​ផ្លូវ​សាធារណៈ​នានា​ឲ្យ​បាន មិន​ឲ្យ​មាន​សំណង់​កើតឡើង​ថ្មី​បន្ត​ទៀត​នោះ​ទេ ។ ចំណែកឯ​សំណង់​ចាស់​ដែល​បាន​សាងសង់​រួច​ក្នុង​ពេល​កន្លង​មក​ និង​មាន​វិធានការ​នៅ​ក្រោយ ខណៈ​នេះ​ត្រូវ​រក្សា​ចាស់​មិន​ឲ្យ​បង្កើត​ថ្មី ដែល​នាំ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​បន្ថែម​ទៀត​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ