ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ដាក់​ថ្នាំ​ពុល​បញ្ច.ប់​ជីវិ.ត​មនុ​ស្ស​៦​នាក់​នៅ​សណ្ឋា​គារ​ប្រទេស​ថៃ​?

4 ខែ មុន

ទី​ក្រុង​បាងកក​៖ សមត្ថ​កិច្ច​ថៃ​ថ្លែង​​ស្ត្រី​ឈ្មោះ​សឺរីន​ឆុង​ វ័យ​៥៦​ឆ្នាំ​ ជា​ជន​ជាតិ​អាមេរិក​ដើម​កំណើត​វៀតណាម​ និង​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ដាក់​ថ្នាំ​ពុល​​ស្យានីត​នៅ​ក្នុង​ពែង​តែ​ និង​បំពង់​ទឹក​ក្ដៅ​​នោះ​ មាន​ទំនាស់​ប្ដឹង​ផ្ដល់​គ្នា​ទៅ​តុលាការ​​​ជា​មួយ​នឹង​ជន​រង​គ្រោះទាំង​៥​នាក់​ដែល​ស្លាប់​​​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ជា​មួយ​គ្នា​​​​​​។ ​អ្នក​ទាំង​៥​​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​​ប្រទេស​ជប៉ុន។​​ ​គេ​បាន​សម្ភាស​​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ​ ហើយ​​​ដឹង​តម្រុយ​ខ្លះ​​ៗ​ថា​អ្នក​ទាំង​៦​នោះ​មាន​ទំនាស់​​ពាក់​ព័ន្ធ​នឹង​រឿង​លុយ​កាក់​។…

ទី​ក្រុង​បាងកក​៖ សមត្ថ​កិច្ច​ថៃ​ថ្លែង​​ស្ត្រី​ឈ្មោះ​សឺរីន​ឆុង​ វ័យ​៥៦​ឆ្នាំ​ ជា​ជន​ជាតិ​អាមេរិក​ដើម​កំណើត​វៀតណាម​ និង​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ដាក់​ថ្នាំ​ពុល​​ស្យានីត​នៅ​ក្នុង​ពែង​តែ​ និង​បំពង់​ទឹក​ក្ដៅ​​នោះ​ មាន​ទំនាស់​ប្ដឹង​ផ្ដល់​គ្នា​ទៅ​តុលាការ​​​ជា​មួយ​នឹង​ជន​រង​គ្រោះទាំង​៥​នាក់​ដែល​ស្លាប់​​​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ជា​មួយ​គ្នា​​​​​​។ ​អ្នក​ទាំង​៥​​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​​ប្រទេស​ជប៉ុន។​​

​គេ​បាន​សម្ភាស​​ក្រុម​គ្រួសារ​​ជន​រង​គ្រោះ​ ហើយ​​​ដឹង​តម្រុយ​ខ្លះ​​ៗ​ថា​អ្នក​ទាំង​៦​នោះ​មាន​ទំនាស់​​ពាក់​ព័ន្ធ​នឹង​រឿង​លុយ​កាក់​។ បំណុល​នេះ​ផ្ដើម​ចេញ​ពី​ការ​បបួល​រកស៊ី​ចូល​ហ៊ុន​​គ្នា​​ដើម្បី​សាង​សង់​មន្ទីរ​ពេទ្យ​​​នៅ​ប្រទេស​ជប៉ុន​។ ទំនង​ជា​ស្ត្រី​ឈ្មោះ​សឺរីន​ឆុង​ជា​អ្នក​បោះ​មេ ហើយ​ជា​អ្នក​កាន់​លុយ​។ ឥឡូវ​នេះ សមត្ថ​កិច្ច​ថៃ​​កំពុង​ស្រាវ​ជ្រាវ​ថយ​ក្រោយ​ឡើង​វិញ​ដើម្បី​ចង់​ដឹង​ថា​ស្ត្រី​ជា​ជន​សង្ស័យ​ឈ្មោះ​សឺរីន​ឆុង​​អាច​​ទទួល​បាន​ថ្នាំ​ពុល​ដ៏​សាហាវ​ឈ្មោះ​ស្យានីត​នោះ​​​​​ពី​​កន្លែង​ណា?​ និង​ដោយ​របៀប​ណា​​​?​

​ស្នង​ការ​រង​នគរបាល​ទី​ក្រុង​បាងកក ឧត្ដម​សេនីយ៍​ណុប​ផាស៊ីន ភូល​សាវ៉ាត (Noppasin Poolsawat) ថ្លែង​ថា​​២​នាក់​ប្ដី​ប្រពន្ធ​ជន​ជាតិ​វៀតណាម​ដែល​ស្លាប់​នៅ​ក្នុង​ចំណោម​​នោះ​ដែរ​​​បាន​​ប្រគល់​​លុយ​​ដប់​លាន​បាត​ ឬ​ស្មើ​នឹង​២៧ម៉ឺន ៨​ពាន់​ដុល្លារ​ទៅ​​ឱ្យ​ស្ត្រី​ឈ្មោះ​​សឺរីន​​ឆុង​​ដើម្បី​​​រក​ស៊ី​ចូល​ហ៊ុន​គ្នា​​​។ ប៉ុន្តែ​គម្រោង​វិនិយោគ​នេះ​នៅ​តែ​ជា​គម្រោង​ខ្យល់​ មិន​ព្រម​ចេញ​ជា​រូប​រាង​ពិត​ប្រាកដ​ទាល់​តែ​សោះ​។ ក្រោយ​មក ​២​​នាក់​ប្ដី​ប្រពន្ធ​សង្ស័យ​ថា​ប្រហែល​ជា​​​ស្ត្រី​ឈ្មោះ​សារីន​​ឆុង​​បោក​​​​​​​​ប្រាស​ពួក​គេ​​ហើយ​។

ពួក​គេ​ក៏​សម្រេច​ចិត្ត​​​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​។ ​ទាំ​​ង​ដើម​​បណ្ដឹង និង​ស្ត្រី​ឈ្មោះ​សឺរីនឆុង​​ត្រូវ​​បង្ហាញ​ខ្លួន​នៅ​​តុលាការ​នា​រយៈ​ពេល​២​សប្ដាហ៍​ទៀត​​។ ​នៅ​​អំឡុង​ពេល​រង់​ចាំ​ឡើង​តុលាការ​នោះ ​ស្ត្រី​ឈ្មោះ​​សឺរីនឆុង​​​ក៏​ណាត់​ជួប​គ្នា​ជា​មួយ​​២​នាក់​ប្ដី​ប្រ​ពន្ធ​នោះ​ដើម្បី​សម្រុះ​សម្រួល​គ្នា​។ ពី​ដំបូង,​ ពួកគេ​គ្រោង​ធ្វើ​ដំណើរ​ទៅ​សម្រុះ​សម្រួល​គ្នា​នៅ​​​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​មាន​បញ្ហា​រអាក់​រអួល​​ផ្នែក​ទិដ្ឋា​ការ​ ពួកគេ​ក៏​​លុប​ចោល​គម្រោង​ទៅជប៉ុន​ ហើយ​សម្រេច​ថា​ជួប​គ្នា​នៅ​បាង​កក។​​

​​​​សឺរីនឆុង​​​​​ទៅ​ដល់​​បាងកក​ជាមួយ​បុរស​ឈ្មោះ​ដាង​ហុងជា​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាម​ រួម​ជា​មួយ​​អ្នក​តុប​តែង​មុខ​មក​ពី​វៀតណាម​ម្នាក់​ឈ្មោះ​ចាន់ឌិញហ្វ៊ូ (Tran Dinh Phu)។ ចំណែក​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ជា​ម្ចាស់​បណ្ដឹង និង​ជា​ម្ចាស់​លុយ​ជាង​២៧​ម៉ឺន​ដុល្លារ​នោះ​មក​ជា​មួយ​​​​មិត្ត​ភក្ដិ​ម្នាក់​។ ​​ការ​សម្រុះ​សម្រួល​គ្នា​លើក​ដំបូង​នេះ​មិន​បាន​ជោគ​ជ័យ​ទេ​។ ​ដូច្នេះ ​អ្នក​បី​នាក់​ខាង​ម្ចាស់​បណ្ដឹង​​ក៏​សម្រេច​ថា​នឹង​ចាក​ចេញ​ពី​សណ្ឋាគារ​នៅ​ថ្ងៃ​ចន្ទ​។ ​ហេតុ​នេះ ​សឺរីនឆុង​​​ក៏​ហៅ​អ្នក​ទាំង​៥​នាក់​ទៅ​ជួប​ជុំ​គ្នា​​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​ជា​លើក​ចុង​ក្រោយ​មុន​នឹង​បែក​គ្នា​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្តិ៍​។​

​​​​សឺរីនឆុង​បាន​​​កុម្ម៉ង់​អាហារ​ និង​ទឹក​តែ​សម្រាប់​ញ៉ាំ​ជុំ​គ្នា​។ បុគ្គលិក​សណ្ឋាគារ​ប្រាប់​ថា​នៅ​ពេល​ខ្លួន​លើក​អាហារ និង​ទឹក​តែ​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​​​គឺ​មាន​តែ​​​​​សឺរីនឆុង​​​ម្នាក់​ប៉ុណ្ណោះ​។​​ បុគ្គលិក​សណ្ឋាគារចង់​​​នៅ​ក្នុង​បន្ទប់​ដើម្បី​​​រៀប​ចំ​អាហារ​ និង​ចាក់​​ទឹក​តែ​ជូន​ភ្ញៀវ​។ ប៉ុន្តែ​​​សឺរីនឆុង​​​ដោយ​សារ​​តែ​ខ្លួន​មាន​​​គម្រោង​​ដាក់​ថ្នាំ​ពុល​ស្យានីត​នៅ​ក្នុង​ទឹក​តែ និង​បំពង់​ទឹក​ក្ដៅ ខ្លួន​​ក៏​​ប្រាប់​ឱ្យ​បុគ្គលិក​សណ្ឋាគារ​ចេញ​ទៅ​វិញ​បាត់​ទៅ​។ សឺរីនឆុង​​ប្រាប់​ថា​ខ្លួន​ចេះ​ចាត់​ចែង​រៀប​ចំ​អាហារ​ និង​ទឹក​តែ​ដោយ​ខ្លួន​ឯង​​​។​

​ប្រធាន​ផ្នែក​កោសល្យ​វិច័យ លោក​ត្រៃរ៉ុង ភិផាន (Trirong Phiwpan) ​ប្រាប់​ថា​នៅ​ថ្ងៃ​កើត​ហេតុ​​នោះ បុគ្គលិក​សណ្ឋាគារ​យក​តែ​មួយ​ប៉ាន់​, ទឹក​ដោះ​គោ និង​ទឹក​ក្ដៅ​២​បំពង់​ចូល​ទៅ​ក្នុង​បន្ទប់​។ ​​សឺរីនឆុង​​​បាន​យក​ថ្នាំ​ពុល​ស្យានីត​លាយ​ជា​មួយ​ទឹក​តែ​។ ក្រុម​អ្នក​ធ្វើ​កោសល្យ​វិច័យ​រក​ឃើញ​ភស្តុតាង​ជា​ច្រើន​ដែល​បន្សល់​ទុក​នៅ​កន្លែង​កើត​ហេតុ​។ ក្នុង​នោះ មាន​កញ្ចប់​តែ​ដែល​សង្ស័យ​ថា​អាច​នឹង​មាន​​លាយ​ថ្នាំ​ពុល​ស្យានីត​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​នោះ​។

លោក​ត្រៃរ៉ុង ភិផាន (Trirong Phiwpan) ប្រធាន​ផ្នែក​កោសល្យ​វិច័យ

ជា​ធម្មតា​ ស្លឹក​តែ​មាន​ពណ៌​ត្នោត​ខ្ចី​នៅ​ពេល​ឆុង​ចូល​ទៅ​ក្នុង​ទឹក​។ ប៉ុន្តែ​ជាក់​ស្ដែង​ ស្លឹក​តែ​នៅ​កន្លែង​កើត​ហេតុ​​បាន​​ប្រែ​ពណ៌​​សឹង​តែ​ក្លាយ​ទៅ​​ជា​ខ្មៅ​​។ អ្នក​ជំនាញ​យល់​ថា​មូល​ហេតុ​ដែល​​​​តែ​ប្រែ​ជា​ពណ៌​បែប​នេះ​​ដោយ​សារ​​​​​សឺរីនឆុង​​លាយ​ជា​មួយ​ថ្នាំ​ពុល​ស្យានីត​ច្រើន​ហួស​ប្រមាណ​។​​ ​លោក​ភីផាន​ប្រាប់​ថា​​​ថ្នាំ​ពុល​ស្យានីត​នៅ​ពេល​រលាយ​​នៅ​ក្នុង​ទឹក​ វា​គ្មាន​​​រស​ជាតិ គ្មាន​ក្លិន ​និង​​គ្មាន​ពណ៌​​​ទេ​​។ ​ដូច្នេះ មនុស្ស​យើង​មិន​អាច​វិនិច្ឆ័យ​ដឹង​ទាល់​តែ​សោះ​​ដោយ​ភ្នែក​ទទេ​ថា​មាន​ ឬ​គ្មាន​ជាតិ​ពុល​​នៅ​ក្នុង​ទឹក​ដែល​ខ្លួន​កំពុង​ផឹក​​​។ ​

លោក​ភីផាន​ប្រាប់​ថា​ថ្នាំ​ពុល​ស្យានីត​​​គ្រាន់​តែ​ផឹក​ចូល​ទៅ​ក្នុង​ខ្លួន​ភ្លាម​​នឹង​ចាប់​ផ្ដើម​ធ្វើ​​ទុក្ខ​ខ្លាំង​ឈាន​ដល់​ការ​​ដាច់​ខ្យល់​ស្លាប់​​ត្រឹម​តែ​រយៈ​ពេល​មិន​ដល់​ប្រាំ​នាទី​ផង​។ មូល​ហេតុ​ដោយ​សារ​​​ស្យានីត​ចូល​ទៅ​បំផ្លាញ​​អុក​ស៊ី​ហ្សែន​នៅ​ក្នុង​ខ្លួន​របស់​ជន​រង​គ្រោះ​​​​។ ​​​​ករណី​នេះ​​អាច​ក្លាយ​​ជា​មេរៀន​ទុក​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។ ​​នៅ​ក្នុង​ស្ថាន​ភាព​ដែល​កំពុង​មាន​ទំនាស់​គ្នា​រឿង​លុយ​កាក់​រាប់​សែន​ដុល្លារ​រហូត​ដល់​ប្ដឹង​ផ្ដល់​គ្នា​ឡើង​តុលាការ​​បែប​នេះ សួរ​ថា​ហេតុ​អ្វី​បាន​ជា​ភាគី​ម្ខាង​ទៀត​មាន​សន្ដាន​ចិត្ត​ល្អ​ម៉េ្លះ​រៀប​ចំ​ពិធី​ជួប​ជុំ​ញ៉ាំ​អាហារ​​ជា​មួយ​​គ្នា​?​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ