ទីក្រុងម៉ានីឡា៖ ថ្ងៃនេះ ប្រទេសជប៉ុន និងហ្វ៊ីលីពីនចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិរបៀបដូចរុស្ស៊ី និងកូរ៉េខាងជើងទើបតែចុះហត្ថលេខាកាលពីប៉ុន្មានសប្ដាហ៍មុនដូច្នេះដែរ។ យោងតាមកិច្ចព្រមព្រៀងនេះ ជប៉ុន និងហ្វ៊ីលីពីនអនុញ្ញាតឱ្យបញ្ជូនកងទ័ពទៅឈរជើងនៅលើទឹកដីគ្នាទៅវិញទៅមក។ នេះជាការបោះជំហានថ្មី១ឆ្ពោះទៅរកការពង្រឹងសន្តិសុខជាតិនៅពេលសភាពការណ៍កាន់តែឡើងកម្ដៅនៅឥណ្ឌូ-ប៉ាស៊ីហ្វិច។ នេះបើតាមមន្ត្រីរដ្ឋាភិបាលម្នាក់បង្ហើបឱ្យដឹងនៅថ្ងៃចន្ទ។
រដ្ឋមន្ត្រីការពារជាតិហ្វ៊ីលីពីន និងសមភាគីជប៉ុនរបស់លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅទីក្រុងម៉ានីឡាដោយមានប្រធានាធិបតីហ្វ៊ីលីពីនលោកម៉ាកូសធ្វើជាសាក្សីនៅក្នុងការចុះកិច្ចព្រមព្រៀងនោះផងដែរ។ តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំង២នឹងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា។ ឧទាហរណ៍ នៅពេលកងទ័ពប្រទេសភាគីហត្ថលេខីមានគម្រោងធ្វើដំណើរទស្សនកិច្ច ឬផ្លាស់ប្ដូរបទពិសោធនោះកាន់តែងាយស្រួលដឹកជញ្ជូនកងទ័ព និងគ្រឿងបរិក្ខារយោធា។
ជាលើកដំបូងបំផុតដែលប្រទេសជប៉ុនបង្កើតកិច្ចព្រមព្រៀងបែបនេះនៅទ្វីបអាស៊ី។ បន្ទាប់ពីចុះហត្ថលេខារួច រដ្ឋាភិបាលប្រទេសទាំង២នឹងបញ្ជូនសេចក្ដីព្រាងច្បាប់ទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័ត។ បើសិនទៅថ្ងៃមុខ ជប៉ុនអាចមានសិទ្ធិបញ្ជូនកងទ័ពទៅឈរជើងនៅលើទឹកដីហ្វ៊ីលីពីនពិតមែន វាអាចនឹងក្លាយជាខ្នងបង្អែកដ៏សំខាន់មួយសម្រាប់ប្រទេសហ្វ៊ីលីពីនក្នុងការឈរតទល់ជាមួយប្រទេសចិនបន្ថែមពីលើវត្តមានកងទ័ពអាមេរិកដែលមានស្រាប់។ ប៉ុន្តែក៏អាចជាការបង្កហេតុផងដែរ។
តាមពិត ជប៉ុនគ្មានជាប់ពាក់ព័ន្ធនឹងជម្លោះបូរណភាពទឹកដីនៅសមុទ្រចិនខាងត្បូងទេ។ ប៉ុន្តែជប៉ុនមានទំនាស់ជាមួយចិននៅសមុទ្រចិនខាងកើតជុំវិញការប្រទាញប្រទង់គ្នានៅប្រជុំកោះដែលជប៉ុនហៅថាស៊ីនកាគូ (Senkaku) ឬចិនហៅថាទាវយូ (Diaoyu island)។ មែនទែនទៅ ទីនេះមិនមែនចំតួជាកោះពេញលក្ខណៈទេ។ វាជាដុំថ្មនៅកណ្ដាលសមុទ្រច្រើនជាង។
កាលពីខែធ្នូ ឆ្នាំ២០២៣ ប្រទេសជប៉ុនប្រកាសថាខ្លួននឹងកសាងកម្លាំងយោធាឡើងវិញឱ្យបានខ្លាំងក្លាមិនធ្លាប់មានចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២។ នេះជាការចាកឆ្ងាយពីមាគ៌ានយោបាយជាប្រពៃណីរបស់ជប៉ុនរយៈជាង៧០ឆ្នាំកន្លងទៅនេះដែលធ្លាប់តែប្រកាន់គោលជំហរសន្តិនិយម និងអហិង្សានិយម។ ប៉ុន្តែជប៉ុនកាន់ធម៌អហិង្សា និងសន្សំសុខទៅលែងរួចហើយព្រោះសភាពការណ៍ប្រែប្រួល។ ប្រទេសជិតខាងជប៉ុនសុទ្ធតែមាននុយក្លេអ៊ែរនៅក្នុងដៃ៖ រុស្ស៊ី ចិន និងកូរ៉េខាងជើង។
ដូច្នេះ ជម្រើសដែលមាននៅក្នុងដៃគឺជប៉ុនត្រូវតែងាកមកចាប់ដៃជាមួយបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជប៉ុនប្រកាសគាំទ្រគោលជំហររបស់ហ្វ៊ីលីពីននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងបង្ហាញការខ្វាយខ្វល់កាន់តែខ្លាំងក្រោយពេលកើតមានការឧបទ្ទវហេតុ និងការប្រទាំងប្រទើសគ្នារវាងទូកល្បាតរបស់កងទ័ពចិន និងទូកហ្វ៊ីលីពីនដែលដឹកស្បៀងទៅចែកគ្នារបស់គេប្រចាំការនៅក្នុងខ្មោចកប៉ាល់បន្សល់ទុកតាំងពីសម័យសង្គ្រាមលោកលើកទី២។
ហ្វ៊ីលីពីនបានចុះកិច្ចព្រមព្រៀងទទួលកងទ័ពបរទេសឱ្យបំពេញទស្សនកិច្ច ឬវីអែហ្វអេ (VFA) ជាមួយប្រទេសអាមេរិក និងអូស្ត្រាលី។ ចំណែកជប៉ុនក៏មានកិច្ចព្រមព្រៀងនេះជាមួយអូស្ត្រាលី និងអង់គ្លេសផងដែរ។ ឥឡូវនេះ ជប៉ុនកំពុងចរចាគ្នាជាមួយប្រទេសបារាំងដើម្បីបង្កើតកិច្ចព្រៀងនេះ។ កាលពីពេលកន្លងមក ជប៉ុនសន្យាផ្ដល់ប្រព័ន្ធរ៉ាដាឃ្លាំមើលនៅលើលំហសមុទ្រដើម្បីជួយពង្រឹងកម្លាំងការពារខ្លួនរបស់ប្រទេសជាដៃគូ។ ប៉ុន្តែជប៉ុនមិនអាចផ្ដល់ជំនួយយោធាធំដុំពេកទេទៅឱ្យប្រទេសដទៃព្រោះប្រទេសនេះត្រូវបានចងផ្អោបដោយច្បាប់ដែលហាមបញ្ជូនអាវុធ ឬគ្រាប់រំសេវទៅក្រៅប្រទេស៕
ចែករំលែកព័តមាននេះ