IQ ខ្ពស់ណាស់ ចាស់ពីដើម ពិតជាប៉ិនប្រសព្វច្នៃណាស់ ក្រោយលោកយាយមួយរូបច្នៃសម្បកកាហ្វេ ថង់នំ ដែលគេបោះចោល និងបំពង់បឺត ជាកន្ត្រក់យ៉ាងស្រស់ស្អាតផ្ទុះពេញបណ្តាញសង្គមយក្ស Tik Tok ។
ជាការពិត ការកែច្នៃប្រឌិតរិះរកអ្វីដែលថ្មីប្លែកទាក់ទាញ ជាគំនិតជាមានប្រសិទ្ធភាពបំផុតនៅក្នុងជីវិតរស់នៅខណៈវីដេអូដែលបង្ហោះពីលោកយាយច្នៃសម្បកកាហ្វេធ្វើអោយបងប្អូនមហាជនចង់ជាវរបស់ទាំងនេះជាខ្លាំង ដោយខ្លះលើកឡើងថា«ខ្ញុំចង់ទិញហើយ និងសុំមើលម៉ូតផងបង តើខ្ញុំអាចទាក់ទងលោកយាយណាដែរបង?» ។
មហាជនខ្លះទៀតលើកឡើថា«លោកយាយពិតជាពូកែមែន ពិតជាស្អាតណាស់ »។ ឯមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះទៀតថា«គួរតែដាក់ទីតាំង ដើម្បីអោយអ្នកចាប់អារម្មណ៍អាចទៅរកជាវបានណាមួយលើកស្ទួយស្នាដៃរបស់អ៊ំស្រីផង» ។ និងខ្លះទៀតលើកឡើងថា«ស្អាតៗណាស់ ទិញទុកដាក់អីវ៉ាន់ទៅផ្សារទិញម្ហូបត្រូវម៉ង» ។
គួរជម្រាបដែរ ការច្នៃសម្បកកាហ្វេ ថង់នំ បំពង់បឺត របស់លោកយាយអាចថា ជាការកែច្នៃដ៏ល្អបំផុត ដើម្បីជួយដល់បរិស្ថាន គ្មានផ្លាស្ទិច ទីក្រុងស្អាត ផ្តើមពីបុគ្គលម្នាក់ៗ និងយើងទាំងអស់ ។
តាមរយៈបទសម្ភាសន៍ជាមួយនៃសារព័ត៌មានកោះសន្តិភាព លោក ទ្រី ប៊ុនញូច ដែលជាអ្នកជិតខាងនិយាយថា លោកយាយរូបនេះឈ្មោះ ឌុច ធុច ។ ឆ្នាំនេះ លោកយាយ ធុច មានអាយុ៦៤ឆ្នាំហើយ ដោយសារវ័យចំណាស់ ធ្វើអីមិនកើត លោកយាយមានតែក្រងសម្បកកាហ្វេ សំបកនំ និងបំពង់បឺត ជាកន្ត្រក់ ដើម្បីបានលុយកាក់តិចតួច ក្នុងការដោះស្រាយជីវភាព ។
លោក ប៊ុនញូច បន្តថា ការច្នៃក្រងរបស់ទាំងនេះ លោកយាយចេះតាមរយៈចៅស្រីប្រសាររបស់លោកយាយ រួចលោកយាយក៏បង្រៀនដល់អ្នកភូមិ ឬជួលកាលក៏ស៊ីឈ្មួលក្រងកន្ត្រក់អោយគេជាដើម ។ សម្រាប់កន្ត្រក់ដែលក្រង ដោយសម្បកកាហ្វេនេះ គឺមានការគាំទ្រច្រើន ពេលក្រងបានយកទៅលក់នៅទីផ្សារ គឺមានបងប្អូនទិញយកអស់ៗ ខណៈបងប្អូនមានការគាំទ្រការច្នៃសម្បកកាហ្វេ បំពងបឺតជាកន្ត្រក់នេះ ។
សម្រាប់ការច្នៃកន្ត្រក់មួយ ត្រូវការពេលវេលាច្រើន ដោយលោកយាយ ឌុច ធុចថា ត្រូវបត់សម្បកកាហ្វេ ឬបំពងបឺតយ៉ាងហោចណាស់៤ទៅ៥ថ្ងៃ រួចទើបយកវាមកក្រង ។ ហើយការក្រងនេះទៀតសោត លោកយាយថា សម្បកកាហ្វេ ពិបាកក្នុងការក្រង និងត្រូវប្រើរយៈពេលយូរ ចំណែកបំពងបឺតងាយស្រួល និងមានភាពរហ័សជាង ។
លោកយាយ ឌុច ធុច ដែលនៅរស់នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំបន្តថា សម្រាប់ការក្រងកន្ត្រក់នេះ លោកយាយលក់បានតម្លៃចន្លោះពី១ម៉ឺន៥ពាន់រៀលរហូតដល់៥ម៉ឺនរៀល ទៅតាមទំហំរបស់កន្ត្រក់ និងតម្រូវការរបស់ភ្ញៀវ ។
គួរបញ្ជាក់ដែរថា ការច្នៃសំបកដប កាក់សំណល់ របស់ចាស់ៗឡើងវិញ ជាការជួយដល់បរិស្ថាននៅជុំវិញខ្លួន ដោយអនាម័យនាំមកនូវសុខភាពល្អ សណ្តាប់ធ្នាប់ និងសោភណ្ឌភាព៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ