ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុននឹងផ្តល់នាវាល្បាតដល់នគរបាលកម្ពុជា

2 ខែ មុន

ជប៉ុន​បាន​សន្យា​ថា​នឹង​ផ្តល់​នាវា​ល្បាត​ដល់​នគរបាល​ជាតិ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​នគរបាល​ជើង​ទឹក​កម្ពុជា ជាមួយនឹង​ឆ្មាំ​សមុទ្រ​ជប៉ុន ។ ក្រសួងការបរទេស​កម្ពុជា បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ​ថា ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុងអំឡុងពេល​ដែល​លោក សុខ ចិន្តា​សោភា…

ជប៉ុន​បាន​សន្យា​ថា​នឹង​ផ្តល់​នាវា​ល្បាត​ដល់​នគរបាល​ជាតិ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​នគរបាល​ជើង​ទឹក​កម្ពុជា ជាមួយនឹង​ឆ្មាំ​សមុទ្រ​ជប៉ុន ។

ក្រសួងការបរទេស​កម្ពុជា បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ​ថា ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុងអំឡុងពេល​ដែល​លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ពិភាក្សា​ជាមួយនឹង​សមា​ភាគី​ជប៉ុន គឺ​លោកស្រី ខា​មី​ខា​វ៉ា យ៉ូ​កុ កាលពី​ម្សិលមិញ ។

ប៉ុន្តែ​មិន​មានការ​បញ្ជាក់​អំពី​ចំនួន​នាវា​ដែល​នឹង​ផ្តល់​អោយ​នោះ​នៅឡើយ​ទេ ។ នៅ​ក្នុង​ជំនួប​នេះ រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ និង​សកម្ម​ក្នុង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ និង​បាន​អបអរសាទ​ការ​រៀបចំ​កិច្ច​សន្ទនា​ថ្នាក់​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-​ជប៉ុន​លើក​ទី​១ នៅ​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វាង​នគរបាល​ជើង​ទឹក​កម្ពុជា​ជាមួយ​ឆ្មាំ​សមុទ្រ​ជប៉ុន ហើយ​ភាគី​ជប៉ុន បាន​សន្យា​ផ្តល់​នាវា​ល្បាត​ដល់​នគរបាល​ជាតិ​កម្ពុជា​ផង​ដែរ ។

កាលពី​ឆ្នាំ​២០១៨ ជប៉ុន​ក៏​ធ្លាប់​បាន​ផ្តល់​ជូន​កម្ពុជា​នូវ​នាវា​ល្បាត​ពីរ​គ្រឿង​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​ទំនិញរត់ពន្ធ​នៅ​លើ​លំហរ​សមុទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ