បាល់ទាត់កម្ពុជារីកចម្រើន តែមិនទាន់ឆ្លើយតបចំណាត់ថ្នាក់ពិភពលោកនៅឡើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចាត់ទុកជាមោទនភាពរបស់ប្រទេសកម្ពុជាផងដែរដែលវិស័យកីឡាបាល់ទាត់នា
រាជធានីភ្នំពេញ ៖ ចាត់ទុកជាមោទនភាពរបស់ប្រទេសកម្ពុជាផងដែរដែលវិស័យកីឡាបាល់ទាត់នា
រាជធានីភ្នំពេញ ៖ ចាត់ទុកជាមោទនភាពរបស់ប្រទេសកម្ពុជាផងដែរដែលវិស័យកីឡាបាល់ទាត់នាពេលបច្ចុប្បន្នមានការរីកចម្រើនគួរកត់សម្គាល់ បើគិតត្រឹមឆ្នាំ១៩៩៥ ដែលកម្ពុជាមានក្រុមបាល់ទាត់ជម្រើសជាតិឡើងវិញចេញប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមនៅប្រទេសថៃ ។
ជាក់ស្ដែង រាល់ការប្រកួតជាលក្ខណៈអន្តរជាតិនាដំណាក់កាលចុងក្រោយនេះ សន្ទុះនៃការគាំទ្របានកើតមានឡើងយ៉ាងសន្ធឹកសន្ធាប់ ។
ដំណឹងនៃការអស់សំបុត្រចូលទស្សនាបានកើតមានតាំងពី២-៣ថ្ងៃមុនការប្រកួតចូលមកដល់
ម៉្លេះ ។ ចំណែកក្រុមគោព្រៃកម្ពុជាត្រូវគេមើលឃើញមានលទ្ធភាពតដៃគូប្រកួតដោយការយក
ឈ្នះឬក៏ស្មើនៅលើសមរភូមិវាលស្មៅក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននាំយកគ្រូបង្វឹកអឺរ៉ុបមានសញ្ញាបត្រកម្រិតខ្ពស់មកបង្វឹកគឺលោកJoachim Fickert សញ្ជាតិអាល្លឺម៉ង់ នៅក្នុងខែមិថុនា ឆ្នាំ១៩៩៦ ។ ការមកដល់របស់លោកJoachim Fickert គឺជារបត់ថ្មីនៃបាល់ទាត់កម្ពុជានៅក្រោយសម័យសង្គ្រាម ។
កីឡាករកម្ពុជាចាប់ផ្ដើមយល់ពិតប្រាកដអំពីកលល្បិចបាល់ទាត់ អំពីបច្ចេកទេស និងចំណេះដឹងសំខាន់ៗមួយចំនួនទៀតក្រោយទទួលបរាជ័យយ៉ាងជូរចត់ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមឆ្នាំ១៩៩៥នៅប្រទេសថៃ ។
ជាលទ្ធផល នៅក្នុងការប្រកួតសុីហ្គេមឆ្នាំ១៩៩៧ កម្ពុជាឈ្នះ២ប្រកួត និងចាញ់២ប្រកួតហើយបានលេខ៣ក្នុងចំណោម៥ក្រុមនៅក្នុងពូលB ។ កាលណោះ កម្ពុជាបើកឆាកឈ្នះព្រុយណេ
៤-០ ប្រកួតទី២ចាញ់សិង្ហបុរី១-២ ប្រកួតទី៣ចាញ់ថៃ០-៤ និងប្រកួតចុងក្រោយឈ្នះមីយ៉ាន់ម៉ា៣-១ ។ នៅចុងទសវត្ស១៩៩០ និងដើមឆ្នាំ២០០០កីឡាករក្រុមជម្រើសជាតិកម្ពុជាបង្វឹកដោយគ្រូអាល្លឺម៉ង់Joachim Fickert ចាប់ផ្ដើមក្លិបបរទេសចូលចែចូវចង់បានជាថ្មី ។
កីឡាករដែលធ្លាប់ក្លិបបរទេសចាប់អារម្មណ៍ចង់បានទៅចូលរួមជាមួយក្លិបពួកគេមានក្លិប
នៅថៃ ម៉ាឡេសុី និងជប៉ុនជាដើមតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នមានអ៊ុង កងយ៉ានិត,
កែវ វិស័យ, ហុក សុចិត្រា, គួច សុកុម្ភះ, មាស ចាន់ណា,កែវ សុខង៉ន, ចន្ទ រិទ្ធី,សិុន ដាលីន, លី រ៉ាវី, ស្រី វាសនា,ប៊ីន ចន្ថាធារី, ចាន់ វឌ្ឍនាកា, កែវ សុផេង, ឃួន ឡាបូរ៉ាវី, ង៉ែត លីទី, ច្រឹង ពលរដ្ឋ និងឈិន ឈឿន ។
ដោយឡែក បើនិយាយពីសមិទ្ធផលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចបានផ្លែផ្កាមួយចំនួនពីកិច្ចខិតខំអភិវឌ្ឍជាច្រើនឆ្នាំមកនេះភាគច្រើនបានទៅលើក្រុមយុវជន ។ ដំបូងក្រុម
U16កម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនអាសុីអាគ្នេយ៍ជាលើកដំ
បូងក្នុងប្រវត្តិសាស្រ្តនៅឆ្នាំ២០១៦ តាំងពីពាននេះបង្កើតឡើងនៅឆ្នាំ២០០២។ នៅឆ្នាំ២០១៧ ក្រុមនារីU15កម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនអាសុីអាគ្នេយ៍ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តតាំងពីពាននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ។
ឆ្នាំ២០១៩ ក្រុមបាល់ទាត់បុរសកម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុីហ្គេមជាលើកដំបូងក្នុងរវត្តិសាស្ត្រ៦០ឆ្នាំនៃសុីហ្គេមពោលគឺតាំងពីឆ្នាំ១៩៥៩មក។ នៅឆ្នាំដដែលនោះក្រុមU19កម្ពុជាជម្រុះជាប់ទៅជុំផ្ដាច់ព្រ័ត្រក្នុងពានយុវជនទ្វីបអាសុីជាលើកដំបូងក្នុងរយៈពេល៤៥ឆ្នាំក្រោយបានចូលលេងវគ្គចែកពូលពាននេះ៣ដងក្នុងឆ្នាំ១៩៦៣,១៩៧២ និង១៩៧៤ ។ បច្ចុប្បន្នគេឃើញមានកីឡាករស្រករក្រោយល្អៗជាច្រើនទៀតកំពុងបញ្ចេញសមត្ថភាពក្នុងក្រុមជម្រើសជាតិដែលទំនងជាមានឱកាសចេញទៅប្រកបអាជីពនៅក្លិបបរទេសនាពេលខាងមុខ។
ទោះបីយ៉ាងណាក៏ដោយ ប្រទេសដែលធ្លាប់តែញាំញីរដោយសង្គ្រាម និងដុនដាបលើវិស័យបាល់ទាត់មួយនេះ នៅមានការងារជាច្រើនទៀតត្រូវធ្វើដើម្បីឆ្លើយតបទៅនឹងល្បឿនអភិវឌ្ឍឥតឈប់ឈរនៃវិស័យបាល់ទាត់ពិភពលោក។
បើតាមអ្នកជំនាញបាល់ទាត់មើលឃើញថា ការចាប់អារម្មណ៍ និងការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យជំនាន់ក្រោយនៅពេលនេះ ជាកត្តាមួយដ៏សំខាន់ក្នុងការជំរុញឲ្យវិស័យកីឡាបាល់ទាត់កម្ពុជារីកដុះដាលទៅមុខ។
ជាការពិត វិស័យបាល់ទាត់កម្ពុជាត្រូវគេមើលឃើញមានការរីកចម្រើន ទី១ ប្រទេសកម្ពុជាចាប់ផ្តើមមានការប្រកួតជាក្របខណ្ឌលីគកំពូលថ្នាក់ជាតិយ៉ាងផុលផុស។ ទី២ មានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ និងទី៣ គឺអ្នកគាំទ្រតែម្ដង ។ អ្នកគាំទ្រសំខាន់ណាស់រហូតគេឲ្យឈ្មោះអ្នកគាំទ្រជាកីឡាករទី១២ ខណៈដែលការប្រកួតនៅលើទីលានមានកីឡាករម្ខាងត្រឹមតែ១១នាក់ប៉ុណ្ណោះ ។ កត្តាទាំង៣នេះជាប្រភពថាមពលដែលរុញច្រានឲ្យកីឡាករបាល់ទាត់កម្ពុជា ឈានទៅចាប់យកបច្ចេកទេសបានដោយច្បាស់លាស់ ខុសពីអតីតកាលដែលកត្តាទាំងអស់នេះមិនមានទេ កីឡាករលេងមិនបានគិតពីកិត្តិយស ឬកេរ្តិ៍ឈ្មោះអ្វីឡើយ។
យ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាទិដ្ឋភាពមួយជ្រុងប៉ុណ្ណោះនៅក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ។ បញ្ហានេះបើយើងក្រឡេកទៅមើលទិដ្ឋភាពអន្តរជាតិវិញ ចាប់តាំងពីដើមខែមករា ឆ្នាំ ២០២៤ មក កីឡាបាល់ទាត់កម្ពុជានៅមិនទាន់បានចំណាត់ថ្នាក់ប្រសើរនៅឡើយទេ។ កាលពីថ្ងៃទី ២ កក្កដា ឆ្នាំ ២០២៤ កម្ពុជាមានចំណាត់ថ្នាក់លេខ១៨០ ក្នុងចំណោម២១០ ប្រទេសដែលសមាគមបាល់ទាត់ពិភពលោក (FIFA) បានដាក់ចំណាត់ថ្នាក់ប្រចាំខែ។
តាមរយៈចំណាត់ថ្នាក់នេះ បង្ហាញថា កីឡាបាល់ទាត់កម្ពុជាបានស្ថិតនៅក្នុងរង្វង់លេខរៀងមិនទាន់ល្អទេ ។ ជាក់ស្ដែង ប៉ុន្មានឆ្នាំចុងក្រោយនេះបាល់ទាត់កម្ពុជាស្ថិតនៅក្នុងលំដាប់ចុងក្រោយគេពីលេខ៧ទៅដល់លេខ១០នៅឡើយក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដូច្នេះការដែលមើលឃើញពីការរីកចម្រើនវាជាមោទនភាពមួយហើយ ដែលគួរតែមានការអបអរនិងលើកទឹកចិត្ត ។ ក៏ប៉ុន្តែ តាមរយៈចំណាត់ថ្នាក់ពិភពលោកដែលកម្ពុជាមិនអាចរើខ្លួនពីចំណាត់ថ្នាក់លេខរៀងទី១៨០បាននោះ បង្ហាញថា បាល់ទាត់កម្ពុជាចាំបាច់ត្រូវតែមានការប្រឹងប្រែងបន្ថែមទៀត ។ ចំណុចសំខាន់គឺកាត់បន្ថយការចាញ់ជាពិសេសប្រទេសដែលមានសក្តានុពលបាល់ទាត់ខ្លាំងៗនៅក្នុងតំបន់ដូចជាថៃ ឬវៀតណាម ឲ្យមកនៅកម្រិតគ្រាប់បាល់ទាប និងព្យាយាមយកឈ្នះឲ្យបានជាអតិបរមាលើប្រទេស ដែលមានកម្រិតបាល់ទាត់ប្រដំប្រសងនឹងកម្ពុជាដូចជាឡាវ ភូមា ឬហ្វីលីពីនជាដើម។
សរុបមក ការប្រែប្រួលរបស់វិស័យបាល់ទាត់កម្ពុជានាពេលនេះ ពិតជាមោទនភាពណាស់ ក៏ប៉ុន្តែគ្រាន់តែចាត់ទុកថាជាមោទនភាពបណ្តោះអាសន្នប៉ុណ្ណោះ ដោយហេតុថា ក្រុមបាល់ទាត់កម្ពុជានៅមានកាតព្វកិច្ចច្រើនបន្ថែមទៀត ដើម្បីរំដោះខ្លួនឲ្យរួចពីពាក្យថា«អន់» ៕
ចែករំលែកព័តមាននេះ