រាជធានីភ្នំពេញ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង ដែលទើបចូលកាន់តំណែងថ្មីៗនេះបានដាក់ចេញនូវបទបញ្ជាឲ្យទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ នៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រងទាំងអស់ ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី៥ ខែកក្កដានេះ ដែលជាកិច្ចប្រជុំលើកដំបូងនោះនៅចំពោះមុខថ្នាក់ដឹកនាំនៃគណៈអភិបាល អភិបាលក្រុងស្រុកស្នងការនឹងមេបញ្ជាការ ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អធិការនិងមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ស្រុក អភិបាលខេត្តថ្មីខេត្តតាកែវ ដែលទើបតែផ្លាស់មកពីខេត្តកំពង់ស្ពឺ បានបញ្ជាដល់ជំនាញពាក់ព័ន្ធពាក់ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ។
អភិបាលខេត្តដែលពលរដ្ឋពេញចិត្តនឹងការដឹកនាំរូបនេះ បានបញ្ជាក់ថា ៖«ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់សុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសទៅលើកុមារតែម្តង ព្រោះវាអាចជះឥទ្ធិពលមិនល្អទៅដល់កុមារ ហើយអាចឈានទៅដល់ការផឹកគ្រឿងស្រវឹងទាំងនេះទៀត» ។
ឯកឧត្តម វ៉ី សំណាង បន្តទៀតថា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តក៏ដូចជា ជំនាញពាក់ព័ន្ធក៏ដូចជា អាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរលើដីសាធារណៈរបស់រដ្ឋទាំងអស់ដែលកំពុងតែដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀររបស់ខ្លួនចោលទាំងអស់ ឬអាចប្តូរមកវិញនូវការលើកផ្ទាំងផ្សាយរបស់ខ្លួនដែលទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ ខ្លឹមសារអប់រំល្អៗឬ ឬក៏ដាក់ផ្សាយជាទឹកសុទ្ធជំនួសវិញ ។
ក្នុងនាមរដ្ឋបាលខេត្តតាកែវ ឯកឧត្តមបានអះអាង គឺហាមឃាត់ខាតចំពោះការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាប្រភេទគ្រឿងស្រវឹង គ្រឿងញៀ.ន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយការផ្សព្វផ្សាយប្រភេទនេះក៏មិនមាននៅក្នុងគំនិតរបស់គណៈអភិបាលខេត្តតាកែវនោះទេ ជាពិសេសរាល់ការផ្សព្វផ្យាយដែលប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ គឺមិនបានដាច់ខាត ៕
ចែករំលែកព័តមាននេះ