ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានប្រកាស នៅថ្ងៃទី០៥ ខែកក្កដាថា ឆមាសទី១នៃឆ្នាំ២០២៤ កម្ពុជាទាក់ទាញទុនវិនិយោគដល់ទៅ៣,២ពាន់លានដុល្លារ និងបង្កើតការងារធ្វើបានរហូតដល់ទៅ១៦៨.៥៧២ កន្លែង ។
គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣,២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង ។
ប្រភពដដែលបានបន្តថា បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគ មានការកើនឡើងចំនួន៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ ដល់ទៅប្រមាណជាង២ពាន់លានដុល្លារអាមេរិក ។
គម្រោងវិនិយោគដែលមានភាពលេចធ្លោ ប្រចាំឆមាសទី១ឆ្នាំ២០២៤ រួមមាន ៖
១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២.៨៧០បន្ទប់ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៥៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣.៨៦០កន្លែង
២. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០ MW តាមរូបភាព Build- Operate-Transfer (BOT) ដែលមានទីតាំងស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណជាង៤៤០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២២០កន្លែង
៣. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំង ស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង១០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១១៥កន្លែង
៤. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង១០៧លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន៥៤កន្លែង
៥. គម្រោងវិនិយោគអភិវឌ្ឍស្ថានីយអគ្គិសនី ដើរដោយថាមរាលព្រះអាទិត្យ អានុភាព៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំង ស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង៦៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៥កន្លែង
៦. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងស្ថិតនៅសង្កាត់ទួល សង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៣កន្លែង
៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ ដើមណូអែល គ្រឿងបង្គំ ដើមណូអែល និងសម្ភារៈបរិក្ខារតុបតែងដើមណូអែលគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ២២លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន១.០៣៦កន្លែង
៨. គម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើប ដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគីរី សាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥.១៥០កន្លែង ។
ដោយឡែក សម្រាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺរួមមានៈ
១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសម្បកកង់រថយន្ត ដែលមានទីតាំងស្ថិត នៅតំបន់សេដ្ឋកិច្ចពិសេសឈីល្អ ជានឮចាយ នៅខេត្តស្វាយរៀង លើកទី១ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង២១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបន្ថែមបានចំនួន៦៥៥កន្លែង និងលើកទី២ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង១០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបន្ថែមបានចំនួន៥៤២កន្លែង
២. គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៣៧កន្លែង
៣. គម្រោងវិនិយោគផលិតបន្ទះហ្វាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៣០លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន២៥៣កន្លែង
៤. គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស វាំង ស៊ូ ផ្លូវជាតិលេខ៦ នៅខេត្តកំពង់ចាម ក្នុងទុនវិនិយោគ ២៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៨៤កន្លែង
៥. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ១៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧២៣កន្លែង
៦. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង
៧. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំង ស្ថិតនៅខេត្តកណ្តាល ក្នុងទុនវិនិយោគ ប្រមាណជាង៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧២កន្លែង
៨. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕
ចែករំលែកព័តមាននេះ