ស្តាប់មិនច្រឡំទេបងប្អូន កូនក្រួច ប្រហែល៨ពាន់ក្បាល ត្រូវបានវៃចេញជាប្រចាំខែ ក្រោយតម្រូវការក្នុងមួយខែៗ ហាក់មានការគាំទ្រខ្លាំង នៅលើទីផ្សារកម្ពុជា?
ជាការពិត បច្ចុប្បន្ន សាច់ក្រួច ពងក្រួច មានតម្រូវការលើកទីផ្សារច្រើន ដោយបងប្អូនដែលជិះតាមដងផ្លូវ អាចបានឃើញហើយ ដូច្នេះបើកងាកការចិញ្ចឹមក៏កាន់តែបំពេញតម្រូវការទីផ្សារអោយបានច្រើន សម្រាប់បងប្អូនដែលចូលចិត្តបរិភោគ ។ កសិដ្ឋានចិញ្ចឹមក្រួច ជាលក្ខណៈគ្រួសារមួយកន្លែង នៅខេត្តកំពង់ធំចិញ្ចឹមក្រួចលក់រាប់ពាន់ក្បាល នៅក្នុងមួយខែ ហើយអាចដោះស្រាយជីវភាព និងផ្គត់ផ្គង់ជីវភាពគ្រួសារ បានតាំងពីជំងឺកូវីត១៩ រហូតមកដល់បច្ចុប្បន្ន ។
អ្នកស្រី ឡុង ស្រីណា ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រួច ជាលក្ខណៈគ្រួសារដែលស្ថិតនៅភូមិត្រពាំងស្វា ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាពថា គ្រួសារអ្នកស្រី ប្រកបមុខរបរចិញ្ចឹមក្រួចនេះ រយៈពេលប្រហែលជា៥ឆ្នាំមកហើយ តាំងពីក្នុងអំឡុងពេលផ្ទុះជំងឺកូវីត១៩ ។
អ្នកស្រីចិញ្ចឹមក្រួចលក់ ភាគច្រើនអ្នកស្រីលក់ជាពង សម្រាប់ភ្ញាស់ និងកូនក្រួច ចំណែកក្រួចសាច់ អ្នកស្រីមិនសូវលក់ទេ ។ សម្រាប់ការចិញ្ចឹមក្រួចពេលនៅតូច អ្នកស្រីបានចែករំលែកថា ត្រូវដាក់នៅក្នុងទ្រុង ដែលមានសីតុណ្ហភាពក្តៅល្មម ហើយត្រូវដាក់ចំណីកូនក្រួចតែចំណីកូនក្រួចត្រូវចំណាយច្រើន លោកស្រីក៏ប្ដូរមកប្រើចំណីកូនមាន់ជំនួសវិញរហូតមកដល់កូនក្រួច បាន១៥ថ្ងៃ ទើបអាចលាយចំណីជាមួយកន្ទក់ អង្ករ និងពោតបាន ក្រួច មានអាយុ២៨ ទៅ៣០ថ្ងៃ ទើបអាចលក់បាន ។
នៅក្នុងរយៈពេលមួយឆ្នាំ លោកស្រីប្រមូលក្រួចទាំងអស់ នៅក្នុងកសិដ្ឋានលក់ម្តងហើយ ត្រៀមពងសម្រាប់ភ្ញាស់ និងត្រូវទិញពូជពីកន្លែងផ្សេងមកចិញ្ចឹម ដើម្បីកុំអោយក្រួចជាន់ឈាមគ្នា និងមានសុខភាពល្អ ។ សម្រាប់បញ្ហាការចិញ្ចឹមរបស់អ្នកស្រីជួបបញ្ហានៅពេលដែលក្រួចមានជំងឺ ក្នុងរយៈពេល៣ខែ គឺខែធ្នូ មករា និងខែកុម្ភៈ អ្នកស្រីអាចលក់ក្រួច នៅក្នុងមួយខែពីចន្លោះ៧០០០ក្បាល ទៅ៨០០០ក្បាល ។
សម្រាប់ការលក់ពងក្រួច សម្រាប់ភ្ញាស់អាចលក់បានក្នុងតម្លៃពី២៥០រៀល ទៅ២៨០រៀល ក្រួចសាច់មានតម្លៃ៣៥០០រៀល ក្រួចពូជទើបពេញវ័យ អាចលក់បានក្នុងតម្លៃ៥០០០រៀល ហើយនឹងក្រួចពូជធ្លាប់ទម្លាក់ពងមានតម្លៃ៦០០០រៀល នៅក្នុងការចិញ្ចឹមក្រួចរបស់អ្នកស្រីអាចជួយផ្គត់ផ្គង់គ្រួសារបានច្រើន ដោយសារតែអ្នកស្រីចិញ្ចឹមតែក្រួចនេះមួយមុខ ហើយអាចជួយដោះបំណុល និងអាចជួយបងប្អូនបានច្រើន ។
លោកស្រីមានប្រសាសន៍បន្តទៀតថា បើចង់ចិញ្ចឹមក្រួចយកពង ឬក៏យកទៅធ្វើជាមេពូជកុំព្យាយាមផ្លាស់ប្តូរចំណី ព្រោះអាចធ្វើអោយក្រួចអាក់ពង និងពងមកមិនបានល្អ ហើយបើចង់ប្តូរចំណី ឬលាយចំណីត្រូវថ្លឹងអោយបានត្រឹមត្រូវ ។
ជាចុងក្រោយលោកស្រី ឡុង ស្រីណា បានបន្ថែមទៀតថា មូលហេតុដែលលោកស្រីចិញ្ចឹមក្រួចនេះ ពីដំបូងលោកស្រីចិញ្ចឹមមាន់ ដោយសារតែមាន់ត្រូវការប្រើពេលវេលាយូរមិនងាយទទួលបានផល ហើយមិនសូវចំណេញ លោកស្រីក៏ប្តូរមកចិញ្ចឹមក្រួចវិញរហូតមកដល់បច្ចុប្បន្ន ៕ ដោយ៖សែ សម – សម្រួលដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ