ទីក្រុងឡុនដុន៖ លទ្ធផលឆ្នោតបឋមក្រៅផ្លូវការនៅអង់គ្លេសបង្ហាញថាគណបក្សពលករកំពុងវ៉ាដាច់គេឆ្ងាយណាស់បើប្រៀបធៀបជាមួយគណបក្សដទៃទៀត។ មានន័យថាគណបក្សពលករទទួលបានជិត៣០០អាសនៈទៅហើយ ខណៈដែលបក្សធំៗ២ទៀតគឺគណបក្សអភិរក្សនិយម និងគណប្រជាធិបតេយ្យសេរីទទួលបានត្រឹមតែម្ភៃសាមសិបអាសនៈតែប៉ុណ្ណោះ។
នៅក្នុងការបោះឆ្នោតលើកនេះ, ពលរដ្ឋម្ចាស់ឆ្នោតមិនថានៅអង់គ្លេស ស្កុតលែន វេល ឬអៀកឡង់ខាងជើងទេហាក់ដូចជាណាត់ត្រូវគ្នា ហើយវាយសំពងទៅលើគណបក្សអភិរក្សនិយមមួយទំហឹងៗតែម្ដងបន្ទាប់ពីបក្សនេះកាន់អំណាចរយៈពេល១៤ឆ្នាំ។ ពួកគេគិតថាល្មមដល់ពេលវេរអំណាចទៅឱ្យបក្សពលករកាន់ម្ដងហើយ។ នយោបាយដដែលៗងាប់ក្រឡាធ្វើឱ្យសេដ្ឋកិច្ចមិនរីកចម្រើន មនុស្សអត់ការងារធ្វើ អតិផរណាឡើងខ្ពស់។ល។ ចំណុចទាំងនេះធ្វើឱ្យពួកគេឆ្អែតចិត្តខ្លាំងណាស់។
ដូច្នេះ លើកនេះច្បាស់ហើយថាលោកខៀស្តាមើ (Keir Starmer) កំពុងសំលៀងមាត់ឡើងអង្គុយកៅអីនាយករដ្ឋមន្ត្រីអង់គ្លេសនៅអាណត្តិថ្មីបន្ទាប់ពីលទ្ធផលឆ្នោតបឋមបង្ហាញថាគណបក្សរបស់លោកអាចឈ្នះអាសនៈច្រើនលើសលប់អាចបង្កើតរដ្ឋាភិបាលម្នាក់ឯងដោយមិនចាំបាច់ចរចាចែកអំណាចគ្នាជាមួយបក្សដទៃទៀតទេ។ គណបក្សអភិរក្សនិយមចាញ់ឆ្នោតលើកនេះគឺចាញ់ងើបមុខលែងរួចតែម្ដងបន្ទាប់ពីបាត់បង់អាសនៈជាង១០០បើប្រៀបធៀបនឹងការបោះឆ្នោតលើកមុន។
ក្រោយការចេញលទ្ធផលឆ្នោតនេះ តម្លៃប្រាក់ផោនរបស់អង់គ្លេសនៅរក្សាតម្លៃដដែលមិនឡើងថ្លៃ ហើយក៏មិនចុះថ្លៃ។ មូលហេតុដោយសារលទ្ធផលឆ្នោតលើកនេះចេញមកដូចការរំពឹងទុករបស់ក្រុមអ្នកវិនិយោគខាងទិញ-លក់ភាគហ៊ុននៅផ្សារមូលប័ត្រ។ ពួកគេរំពឹងថាបក្សពលករមុខតែឈ្នះឆ្នោតជាមិនខានឡើយ។ ទីផ្សារហិរញ្ញវត្ថុរំពឹងថានឹងមានទឹកមាត់លេបនៅពេលគណបក្សពលករឡើងកាន់អំណាច។ បក្សនេះប្រកាន់នយោបាយខាងឆ្វេង។ ប៉ុន្តែមិនមែនឆ្វេងនិយមជ្រុលពេកទេ។
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃសុក្រនេះ ត្រូវនឹងម៉ោង៥ជិតភ្លឺនៅអង់គ្លេស បក្សពលករអាចទទួលបាន៣២៩អាសនៈបាត់ទៅហើយ។ ចំណែកគណបក្សអភិរក្សនិយមទទួលបាន៧២អាសនៈ, គណបក្សប្រជាធិបតេយ្យសេរីទទួលបាន៤៥អាសនៈ។ ក្រៅពីនេះ គណបក្សតូចៗដទៃទៀតអាចទទួលបានត្រឹមពីរបីអាសនៈតែប៉ុណ្ណោះ។
គេគិតថាសភាពការណ៍ពិភពលោកអាចនឹងប្រែប្រួលដោយសារការបោះឆ្នោតនៅប្រទេសមហាអំណាចធំៗ។ មូលហេតុដោយសារនយោបាយការបរទេសរបស់ពួកគេនឹងប្រែប្រួលពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មី។ ឥឡូវនេះ គេកំពុងសម្លឹងឃើញថាក្រោយការបោះឆ្នោតនៅអង់គ្លេស នយោបាយចំពោះប្រទេសអ៊ុយក្រែនអាចនឹងប្រែប្រួល។ អ្នកខ្លះគិតថាការបោះ ឆ្នោតនៅអង់គ្លេសអាចនឹងធ្វើឱ្យប្រជាជនអាមេរិកពិចារណាទៅលើការបោះឆ្នោតជ្រើសរើសលោកត្រាំ ឬលោកបៃដិននៅចុងឆ្នាំ២០២៤នេះ។
ត្រាំសន្យារួចហើយថាឱ្យតែដឹងថាឈ្នះឆ្នោតភ្លាម គាត់មិនចាំបាច់រង់ចាំដល់ស្បថចូលកាន់តំណែងទេ។ គាត់នឹងចាប់ផ្ដើមចរចាគ្នាក្រោមតុក្ដី លើតុក្ដី ធ្វើម៉េចត្រូវតែបញ្ចប់សង្គ្រាមឱ្យបានតាមដែលអាចធ្វើទៅបាន។ គាត់ត្អូញត្អែរថាអាមេរិកចាយលុយជាង១០០ពាន់លានដុល្លារទៅលើអ៊ុយក្រែនឥតប្រយោជន៍នៅក្នុងអ្វីដែលលោកហៅថាជា «សង្គ្រាមបង្ហូរឈាមដ៏ឥតន័យ»។ ការប្ដេជ្ញាចិត្តរបស់លោកត្រាំក៏ត្រូវលោកពូទីនទទួលស្គាល់ថាលោកត្រាំពិតជាមានឆន្ទៈចង់បញ្ចប់សង្គ្រាមអ៊ុយក្រែនពិតមែន។ គ្រាន់តែថាការបញ្ចប់សង្គ្រាមដោយវិធីណានោះនៅមិនទានដឹងនៅឡើយទេ៕
ចែករំលែកព័តមាននេះ