មកដល់ពេលនេះ មានខេត្តមួយចំនួនបានប្រកាសជាខេត្តដែលអស់មីន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកដែលស្លាប់និងរបួស ដោយសារតែការផ្ទុះសំណល់សង្គ្រាមជាបន្តបន្ទាប់ ទើបមន្ត្រីជាន់ខ្ពស់មួយរូបចេញពន្យល់ ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤តាមបណ្តាញសង្គមរបស់លោកថា ប៉ុន្មានថ្ងៃនេះសាធារណៈជន ប្រជាពលដ្ឋ និងមន្ត្រីរាជការ មានជជែកដេញដោលនិងវាយប្រហារថា ការប្រកាសថា «ជាខេត្តអស់មីន» ហេតុអ្វីបានជាគ្រាប់មីននៅតែមាន និងសម្លាប់ប្រជាជនទៀត?
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង រតនា បានបញ្ជាក់ថា «ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនជ្រាបថា៖ ការប្រកាសថា ភូមិ ឃុំ ស្រុក ខេត្តអស់មីន គឺសំដៅអស់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ (anti personnel landmines) ស្ថិតក្រោមអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា និងនៅតាមគ្រប់ទីតាំងភូមិសាស្ត្រដែលបានដឹងដោយមានកំណត់ត្រាក្នុងទិន្នន័យជាតិតែប៉ុណ្ណោះ»។
លោកបានបញ្ជាក់បន្តថា ការប្រកាសនេះ មានន័យថា គ្រាប់មីនតោន គ្រាប់បែកចង្កោម គ្រាប់ទម្លាក់ពីយន្តហោះ និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមគ្រប់ប្រភេទជាសំណល់សង្គ្រាម មិនស្ថិតក្នុងនិយមន័យភូមិឃុំស្រុកខេត្តអស់មីននោះទេ ហើយសូម្បីតែគ្រាប់មីនប្រឆាំងមនុស្សដែលស្ថិតនៅរ៉ាយប៉ាយដោយគ្មានព័ត៌មាន និងកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យជាតិនោះក៏គ្មានក្នុងយុទ្ធសាស្ត្រប្រកាសអស់មីននេះដែរ ។
លោកបានបន្តទៀតថា ជាក់ស្តែងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ថ្មីៗនេះ មានករណីផ្ទុះគ្រាប់មីនតោន នៅភូមិ ត្រពាំងរំសែង ឃុំត្រពាំងថ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បណ្តាលឱ្យបុរស អាយុ៦៦ឆ្នាំម្នាក់ស្លាប់ដោយខ្ទេចសាកសពទាំងស្រុង។ គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះបង្កឡើងនៅពេលរូបគាត់ជីករណ្តៅបោះបង្គោលរបងព្រំដីចម្ការរបស់គាត់ ។
លោកបានបញ្ជាក់ថា តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញអង្គភាពស៊ីម៉ាក់បានរកឃើញថាជាគ្រាប់មីនប្រឆាំងយានយន្តប្រភេទT46 សំណល់ពីសង្គ្រាម តំបន់នេះជាផ្លូវចាស់និងជាខ្សែរកប់គ្រាប់មីននិងគ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះផងដែរ។
ចែករំលែកព័តមាននេះ