ហ្សាកាតា៖ ថ្មីៗនេះមានរឿងចម្លែកមួយទៀតហើយកើតឡើងនៅប្រទេសឥណ្ឌូណេស៊ីភាគកណ្ដាលពាក់ព័ន្ធនឹងសត្វពស់ថ្លាន់យក្សលេបមនុស្សមួយទាំងមូលចូលទៅក្នុងពោះរបស់វា។ សមត្ថកិច្ចអះអាងថាត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ មានករណីពស់ថ្លាន់លេបមនុស្សស្រស់ៗចូលទៅក្នុងពោះកើតឡើង២ករណីនៅក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង (South Sulawesi)។
សាក្សីនិយាយថាជនរងគ្រោះជាស្ត្រីវ័យ៣៦ឆ្នាំ ឈ្មោះស៊ីរីយ៉ាទី (Siriati)។ នៅថ្ងៃកើតហេតុនោះដោយសារកូនគាត់មានជំងឺតម្កាត់ផ្សេងៗ គាត់ក៏ចាកចេញពីផ្ទះតាំងពីព្រឹកថ្ងៃអង្គារដើម្បីទិញថ្នាំឱ្យកូន។ ប៉ុន្តែគេលែងឃើញគាត់វិលត្រឡប់ទៅផ្ទះវិញចាប់ពីពេលនោះមក។ ហេតុនេះ ក្រុមគ្រួសារក៏ចាត់កម្លាំងដើរស្វែងរក។ លោកអាឌីយ៉ាន់សា (Adiansa) អាយុ៣០ឆ្នាំដែលត្រូវជាប្ដីនារីរងគ្រោះប្រទះឃើញស្បែកជើងផ្ទាត់ និងខោដែលប្លុងចោលនៅលើដីចម្ងាយ៥រយម៉ែត្រពីផ្ទះរបស់គាត់។
គាត់ក៏បន្តដើររកចុះឡើងៗមិនយូរប៉ុន្មានក៏ប្រទះឃើញសត្វពស់ថ្លាន់១ក្បាលដេកសម្ងំស្ងៀមនៅលើទីតាំង១កន្លែងចម្ងាយប្រហែលដប់ម៉ែត្រពីផ្លូវមាត់ដើរ។ កាលនោះ ពស់នៅរស់ទេ។ គាត់ក៏មានចិត្តសង្ស័យថាពស់នេះប្រហែលជាលេបប្រពន្ធរបស់គាត់ផងក៏មិនដឹងព្រោះពោះរបស់វាហាក់ដូចជាធំកំពីងខ្លាំងមែនទែន។ ហាក់ដូចជាទើបតែលេបរបស់អ្វីម៉្យាងដ៏ធំ។
គាត់ក៏ប្រកូកប្រកាសហៅអ្នកភូមិដែលរស់នៅជិតៗនោះឱ្យមកពិនិត្យមើលទាំងអស់គ្នា ហើយជួយចាប់ពស់នេះវះពោះរបស់វា។ នៅពេលវះពោះរបស់វាហើយក៏ប្រទះឃើញសាកសពជនរងគ្រោះនៅក្នុងនោះមែន។ តាមពិតករណីពស់ថ្លាន់លេបមនុស្សចូលទៅក្នុងពោះបែបនេះជាករណីដ៏កម្រណាស់នៅលើពិភពលោក។ ក៏ប៉ុន្តែសួរថាធ្លាប់កើតមានទេ? ប្រាកដជាធ្លាប់កើតមាន។ ជាពិសេស ពស់ថ្លាន់ ឬពស់ត្បាល់នៅឥណ្ឌូណេស៊ីនេះនិយមចូលចិត្តលេបមនុស្សទាំងមូលៗតែម្ដង។
មែនទែនទៅ, មិនមែនឱ្យតែពស់ថ្លាន់យក្ស ឬពស់ត្បាល់សុទ្ធតែលេបមនុស្សទាំងអស់ទេ។ វាអាស្រ័យទៅលើពូជរបស់ពស់ដែលលេបមនុស្ស។ មិនខុសពីពូជសត្វសុនខខ្លះចូលចិត្តស៊ីមាន់, សត្វមាន់ខ្លះកើតមកជាពូជមាន់ជល់។ល។ នៅប្រទេសដទៃក៏សម្បូរពស់ថ្លាន់ និងពស់ត្បាល់ធំៗដូចតែគ្នាទេ។ គ្រាន់តែថាពួកវាច្រើនលេបសត្វពាហនៈដូចជាគោ ក្របី ឈ្លូសជាដើម។ ចំពោះមនុស្សវិញគឺវាមិនដែលហ៊ានប៉ះពាល់ទេ។
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូណេស៊ីចាប់ផ្ដើមកក្រើកឡើងវិញរឿងសត្វពស់លេបមនុស្សកាន់តែញឹកញាប់។ ខាងក្រោមនេះជាការរៀបរាប់សង្ខេបត្រួសៗពីប្រវត្តិសត្វពស់ថ្លាន់លេបមនុស្សនៅក្នុងខេត្តស៊ូឡាវេស៊ី ប្រទេសឥណ្ឌូណេស៊ី។
– ឆ្នាំ២០១៧ កសិករម្នាក់ចេញទៅធ្វើការសុខៗស្រាប់តែបាត់ដំណឹងសូន្យឈឹង។ ក្រោយមក គេប្រទះឃើញសាកសពរបស់គាត់នៅក្នុងខ្លួនពស់ថ្លាន់ប្រវែង៤ម៉ែត្រ។ ពេលនោះ វាកំពុងសម្ងំលាក់ខ្លួននៅក្នុងចម្ការដូងប្រេង។
– ឆ្នាំ២០១៨ គេប្រទះឃើញសាកសពស្ត្រីម្នាក់វ័យ៥៤ឆ្នាំនៅក្នុងពោះរបស់សត្វពស់ថ្លាន់មួយក្បាលប្រវែង៧ម៉ែត្រ។
– ឆ្នាំ២០២៣ អ្នកស្រុកបានព័ទ្ធគ្នាស្ទាក់ចាប់បានពស់ថ្លាន់១ក្បាលប្រវែង៨ម៉ែត្រ។ ពស់នេះបានរឹតសម្លាប់កសិករម្នាក់ ហើយលេបជនរងគ្រោះចូលទៅក្នុងពោះរបស់វា។
– ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តស៊ូឡាវេស៊ី ប្រទេសឥណ្ឌូណេស៊ី គេប្រទះឃើញសពនារីម្នាក់នៅក្នុងពោះរបស់សត្វពស់ថ្លាន់មួយក្បាល៕
ចែករំលែកព័តមាននេះ