ខេត្តបន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោងប្រមាណ១១និង១០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ បានឃាត់ខ្លួនជនចំនួន២នាក់ ម្នាក់ឈ្មោះ YAO FUQIANG ហៅ កាំង សឺវាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់ជួលក្នុងរាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ HIN MAUNG TUN ហៅ វៃ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ។
ជនទាំង២នាក់នេះត្រូវបានចាប់ឃាត់ខ្លួន ពីបទជាប់ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តកាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅបុរីដឹផាកស៊ីធី (THE PARK CITY) ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ការឃាត់ខ្លួននេះ ធ្វេីឡេីងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ JIN ZHONG LIN ហៅ ស្វា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងបុរីខាងលើ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខដែលយាមនៅបុរីខាងលើថា មានករណីចាប់ជនជាតិចិនបញ្ចូលទៅក្នុងរថយន្តឡង់គ្រីស្ស័រ ពណ៌ខ្មៅ១គ្រឿង ។ ភ្លាមនោះ កម្លាំងមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលេី នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ ឆ្លើយថា ពួកគេនិងបក្ខពួកចំនួន៥នាក់ ធ្វើដំណើរពីរាជធានីភ្នំពេញមកក្រុងប៉ោយប៉ែតដើម្បីចាប់ខ្លួនឈ្មោះ JIN ZHONG LIN ហៅស្វា យកទៅរាជធានីភ្នំពេញ ដោយសារជននេះជំពាក់ប្រាក់មិនសង ។ ពេលចាប់រុញបញ្ចូលក្នុងរថយន្ត ជននេះបានស្រែកឱ្យគេជួយ ធ្វើឱ្យមានការភ្ញាក់ផ្អើល រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួនពួកគេតែម្តង ។
ផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនជនទាំង២នាក់ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកបក្ខពួកផ្សេងទៀត កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវ
ជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ទទួលបានការអនុ
ញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប
សម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ