រាជធានីភ្នំពេញ ៖ បុរសម្នាក់ ចូលចិត្តផឹកស្រាច្រើន គាត់បានផឹកស្រវឹងស្ទើរតែរាល់ថ្ងៃ និងមិនសូវហូបបាយនោះទេ ហើយនៅជីវិតចុងក្រោយ គាត់បានផឹកស្រា នៅក្នុងភូមិតាំងពីវេលាព្រឹក រហូតដល់វេលារសៀលទើបឈប់ បន្ទាប់មកគាត់បានក្រោកដើរចេញពីកន្លែងផឹក ហើយទំនងវិលមុខ ក៏បានអង្គុយចុះលើខឿនចិញ្ចើមផ្លូវ ស្រាប់តែដួលផ្ងាកក្រោយ បណ្ដាលឲ្យស្លា.ប់បាត់បង់ជីវិតភ្លាមៗ មួយរំពេចតែម្តង ។
ហេតុការណ៍នេះ បានកើតឡើង បង្កឲ្យមានការភ្ញាផ្អើល នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតាមផ្លូវបេតុង នៅត្រង់ចំណុច មុខសាលាបឋមសិក្សាគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អ្នកភូមិខាងលើ បាននិយាយថា សពបុរសនោះឈ្មោះ ជី វ័ន្ត អាយុ៣៤ឆ្នាំ គ្មានមុខរបរនោះទេ មានប្រពន្ធជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សព្វថ្ងៃ បានមកស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ គាត់ចូលចិត្តផឹកស្រាខ្លាំងណាស់ ផឹកស្រវឹងស្ទើរតែរាល់ថ្ងៃ ហើយមិនសូវគិតគូរពីការហូបបាយទឹកនោះឡើយ ។
អ្នកភូមិដដែល បាននិយាយបន្តទៀតថា នៅថ្ងៃកើតហេតុ បុរសនេះបានផឹកស្រា នៅក្នុងភូមិនោះ តាំងពីវេលាព្រឹក រហូតដល់វេលារសៀលថ្ងៃដដែល ទើបឈប់ផឹក ហើយបានក្រោកចេញពីកន្លែងផឹក ដើរតាមផ្លូវបេតុ ក្នុងទិសដៅពីត្បូងទៅជើង លុះពេល ទៅដល់ត្រង់ចំណុចកើតហេតុ ទំនងមិនស្រួលខ្លួនវិលមុខ ក៏បានអង្គុយចុះ លើខឿនចិញ្ចើមផ្លូវ ហើយក៏ស្រាប់តែដួលផ្ញាកក្រោយ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងភ្លាមៗ មួយរំពេច តែម្ដង ។
ប្រភពដដែលនេះបានប្រាប់បន្ថែមទៀតថា ខណៈនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគាត់ បាននាំគ្នាទៅមើលនិងបម្រុងហៅរថយន្តសង្គ្រោះទៅដឹកយកទៅមន្ទីរពេទ្យដែរ ប៉ុន្តែមិនអាចជួយទាន់ឡើយ។ ព្រោះបុរសនោះបានស្លាប់បាត់ទៅហើយ ចំណែកការស្លាប់នេះ សង្ស័យបណ្ដាលមកពីគាត់ផឹកស្រាច្រើនពេក អត់ហូបបាយ ហើយក៏ត្រូវខ្យល់គរ ដួលស្លាប់បែបនេះ តែម្ដង ។
ក្រោយពេលកើតហេតុ អាជ្ញាធរសង្កាត់ចោមចៅទី២ បានទៅតាមរកប្រពន្ធរបស់បុរសនោះ នៅផ្ទះជួលដែរ ដើម្បីឲ្យទៅមើលប្ដី ប៉ុន្តែប្រពន្ធមិននៅផ្ទះឡើយ ដោយនាងជាប់រវល់ទៅធ្វើការរោងចក្រ មិនទាន់ត្រលប់មកវិញនៅឡើយ។ បន្ទាប់មក មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅពិនិត្យមើលជាក់ស្ដែង ព្រមទាំងរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/24c0d20d461b8dc638b281af7122d622.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/55c54d0951f038e105ea39f69dd9d6fc.jpg)
ចែករំលែកព័តមាននេះ