រាជធានីភ្នំពេញ ៖ កម្ពុជា និងជប៉ុន នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២ ០២៤ មកនេះ បានបើកសន្និសីទ ASJA-ASCOJA-JAC លើកទី ២២ នៅរាជធានីភ្នំពេញក្រោមវត្តមានរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Tsuge Yoshifumi (សូគេ យូស៊ីហ្វូមី) អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ពីសារសំខាន់នៃសន្និសីទដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់អាទិភាពចំពោះបច្ចេកវិទ្យាឌីជីថលដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេវារដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
តាមរយៈបច្ចេកវិទ្យាឌីជីថលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងអាចពង្រឹងផលិតភាពការងារ និងភាពសំបូរបែបនៃកម្លាំងពលកម្មដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាទីផ្សារតំបន់និងអន្តរជាតិដ៏គួរឱ្យទាក់ទាញ ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់សន្និសីទអំពីទំនើបកម្មរបស់ក្រសួង-មន្ទីរនៃរាជរដ្ឋាភិបាលកម្ពុជាដែលស្របទៅនឹងការវិវត្តនៃនិន្នការក្នុងតំបន់និងអន្តរជាតិដែលរាជរដ្ឋាភិបាលកម្ពុជាទាំងមូលបាននិងកំពុងយកចិត្តទុកដាក់ ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពីភាពចាំបាច់នៃការទាញប្រយោជន៍ចេញពីបច្ចេកវិទ្យាឌីជីថលដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រើវិស័យសេវាសាធារណៈ ការសិក្សាអប់រំ និងការសកម្មភាពសេដ្ឋកិច្ចនានាទាំងនៅកម្ពុជា តំបន់អាស៊ាន និងប្រទេសជប៉ុន ។ ឯកឧត្តមបានស្នើឱ្យអង្គសន្និសីទជជែកនិងចែករំលែកបទពិសោធន៍ស្តីពីបច្ចេកវិទ្យាឌីជីថលរបស់សមាជិកអាស៊ាន និងជប៉ុនដើម្បីក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមកក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ