ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ផ្សព្វផ្សាយ​ការ​អនុវត្ត​របបសន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ជា​កម្មវិធី​អាទិភាព​ថ្នាក់​ជាតិ នៅ​ខេត្តសៀមរាប

5 ថ្ងៃ មុន

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី ​១ ខែកក្កដា…

ខេត្តសៀមរាប​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី ​១ ខែកក្កដា ឆ្នាំ ​២០២៤ ​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី «​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​» និង «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ​ក្នុង​ខេត្តសៀមរាប ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង ៦០០​ នាក់ ​។

ឯកឧត្តម ហេង សួរ បាន​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​ផ្តួចផ្តើម​គំនិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា បាន​ប្រកាស​ដាក់​ចេញ​នូវ​កម្មវិធី​«​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​» និង «​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​» ​តាំងពី​ខែកក្កដា ឆ្នាំ​២០២៣ ដែល​បាន​ក្លាយជា​ការងារ​អាទិភាព​សំខាន់​ចំនួន ​២ ​ក្នុង​ចំណោម​ការងារ អាទិភាព​ចំនួន ៦ នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណ​តិ្ត​ទី​ ៧ ក្នុង​គោលបំណង​លើកកម្ពស់ សុខុមាលភាព​ប្រជាជន បង្កើន​ឱកាស​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ និង​ជា​យុទ្ធសាស្ត្រ​គន្លឹះ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាជន ​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ពី​ដំណាក់កាល​នៃ​ការ​អនុវត្ត​ជា​បន្តបន្ទាប់​របប​សន្តិសុខ​សង្គម (១). ផ្នែក​ហានិភ័យ​ការងារ​នៅ​ឆ្នាំ​ ២០០៨, (២).​ផ្នែក​ថែទាំ​សុខភាព​នៅ​ឆ្នាំ ​២០១៦, និង (៣).​ផ្នែក​ប្រាក់​សោធន​កាលពី ថ្ងៃ​ទី ​១ ខែកក្កដា ឆ្នាំ ​២០២២ ​។ ជាក់ស្ដែង របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​វិស័យ​ឯកជន ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ឱ្យ​អនុវត្ត​តាំងពី​ឆ្នាំ​២០០៨ និង​ពង្រីក​ដល់​មន្ត្រី​សាធារណៈ នៅ​ឆ្នាំ ​២០២១, ផ្នែក​ថែទាំ​សុខភាព​ចាប់ផ្តើម​សម្រាប់​វិស័យ​ឯកជន​នៅ​ឆ្នាំ​ ២០១៦ និង​ពង្រីក​ដល់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន នៅ​ឆ្នាំ​២០១៨, និង​ផ្នែក​ប្រាក់​សោធន​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃ​ទី​ ១ ខែកក្កដា ឆ្នាំ​ ២០២២ ​។

បន្ថែម​ពី​នេះ នៅ​ឆ្នាំ ​២០២៣ កន្លង​មកនេះ ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. រួម​មាន សហ​ព័ទ្ធ និង​កូន​ក្នុង​បន្ទុក​ដែល​ត្រូវ​កំណត់​ឱ្យ​បង់​ភាគទាន​ចំនួន​ ១៥ ៦០០ ​រៀល​, អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ ជា​បន្ទុក​ថវិកា​របស់​រដ្ឋ​លើ​ការ​ចំណាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​របស់​មន្ត្រី​សាធារណៈ​ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​មន្ត្រីរាជការ​សាធារណៈ កងកម្លាំងប្រដាប់អាវុធ និង​អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន គួរ​នាំ​យក​ក្រុម​គ្រួសារ​ក្នុង​បន្ទុក​ឱ្យ​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​កិច្ច​គាំពារ​ពី​រាជរដ្ឋាភិបាល ​។

ដោយឡែក​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​ទៅ​ដល់​អង្គពិធី​អំពី​អត្ថប្រយោជន៍​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដែល​រាជរដ្ឋាភិបាល​បាន​គិតគូរ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ឱ្យ​មានចំណេះ​ដឹង ចំណេះធ្វើ និង​ទទួល​បាន​ការងារ​សមរម្យ​ដែល​ក្រសួង​ការងារ​ធានា​នូវ​ឱកាស​ការងារ​ក្រោយ​ការ​សិក្សា ឬ​ក៏​អាច​បង្កើត​ការងារ​ដោយ​ខ្លួនឯង​ដោយ​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ចំនួន​២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។ ដោយឡែក​យុវជន​ទូទៅ​និង​បុគ្គលិក​នៃ​រោងចក្រ​សហគ្រាស​ក៏​អាច​ទទួល​បានការ​បណ្តុះបណ្តាល​ដោយ​ឥត​គិតថ្លៃ​ថែម​ទៀត​ផង​ជាមួយនឹង​វេន​សិក្សា​ដែល​មាន​ភាព​បត់បែន​រហូត​ដល់​៧​ជម្រើស​ ។

យ៉ាងណា​ក៏​ដោយ​ដើម្បី​ឱ្យ​កម្មវិធី​ថ្នាក់​ជាតិ​ទាំង​ពីរ​ទទួល​បាន​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឱ្យ​អង្គពិធី​ដែល​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​នៃ​រដ្ឋបាល​ខេត្តសៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​កម្មវិធី​ទាំង​ពីរ​នេះ ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជីវករ និង​បងប្អូន​ដែល​ប្រកប​របរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​លើ​ការ​ថែទាំ​សុខភាព និង​ការ​បង្កើត​ជំនាញ​មួយ​ពិតប្រាកដ​សម្រាប់​ការ​ចិញ្ចឹមជីវិត និង​ក្រុម​គ្រួសារ​ទៅ​អនាគត​ដែល​ជា​សេចក្តី​ប្រាថ្នា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​តែងតែ​គិតគូ​ពី​ប្រជាពលរដ្ឋ​ជា​និច្ច​ ៕ អត្ថបទសហការ