ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ជួប​ពិភាក្សា​ការងារជាមួយ​គណៈប្រតិភូ​ធនាគារពិភពលោក

3 ខែ មុន

រាជធានីភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃ​ទី​ ៣ ខែកក្កដា ឆ្នាំ​ ២០២៤​ នេះ ឯកឧត្តម…

រាជធានីភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃ​ទី​ ៣ ខែកក្កដា ឆ្នាំ​ ២០២៤​ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុញ្ញាត​ឱ្យ​លោកស្រី Anna Wellenstein នាយិកា​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ធនាគារពិភពលោក ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ ។

ក្នុង​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ធនាគារពិភពលោក លោកស្រី Anna Wellenstein នាយិកា​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ធនាគារពិភពលោក ដែល​បាន​ឆ្លៀតពេល​ដ៏​មាន​តម្លៃ ដើម្បី​ជួប​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ការងារ​អាទិភាព​លើ​វិស័យ​ធនធានទឹក គម្រោង​សន្ដិសុខ​ទឹក និង​បញ្ហា​ប្រឈម​ដែល​កើតឡើង​នៅ​ក្នុង​បឹង​ទន្លេសាប​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ធនាគារពិភពលោក​ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​មោះមុត ស្វាហាប់ មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ ព្រះរាជ​ណា​ចក្រ​កម្ពុជា ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​តែ​បន្ត​អភិវឌ្ឍន៍ និង​ពង្រឹង​វិស័យ​ជល​សាស្ត្រ និង​ឧតុនិយម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ជា​ច​លករ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច កាត់​បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ​២០៥០ ​។

ទន្ទឹម​នឹង​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​មក និង​បាន​ទទួលស្គាល់​នូវ​ភាព​ជា​ដៃគូ​ដ៏​សំខាន់​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ធនាគារពិភពលោក ក្នុង​ការ​កសាង និង​ការ​អភិវឌ្ឍ​ធនធានទឹក​រយៈពេល​វែង​នៅ​កម្ពុជា ​។

តំណាង​គណៈប្រតិភូ លោកស្រី Anna Wellenstein បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ធនាគារពិភពលោក (WB) បាន​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ អំពី​បញ្ហា​ទឹក និង​អាទិភាព​នៃ​ការ​អភិវឌ្ឍ ព្រមទាំង​បញ្ហា​ប្រឈម​របស់​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ធនធានទឹក ក៏​ដូច​ជា​បន្ត​កិច្ច​សន្ទនា​លើ​បញ្ហា​សន្តិសុខ​ទឹក និង​អាង​ទន្លេសាប ដែល​ត្រូវ​បាន​ពិភាក្សា​ក្នុង​វេទិកា​ទឹក​ពិភពលោក​លើក​ទី​ ១០ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី កាលពី​ពេល​ថ្មី​ៗ​នេះ ​។ ជាមួយ​គ្នា​នេះ តំណាង​ធនាគារពិភពលោក​ក៏​បាន​គូសបញ្ជាក់​ពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ធនធានទឹក និង​ឧតុនិយម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។

សូម​បញ្ជាក់​ថា ធនាគារពិភពលោក (World Bank) កាលពី​ថ្ងៃ​ទី ​២១ ខែមិថុនា ឆ្នាំ ​២០២៤ បាន​ប្រកាស​អនុម័ត​ការ​វិនិយោគ​ថ្មី​មួយ​លើ​គម្រោង​កែ​លម្អ​សន្តិសុខ​ទឹក​នៅ​កម្ពុជា ដែល​រំពឹង​ថា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ជាង ១១៣ ០០០ ​នាក់ ​។ ការ​វិនិយោគ​នេះ​គឺ​ក្រោម​ជំនួយ​ឥណទាន​ចំនួន ១៤៥ លាន​ដុល្លារ​អា​មេ​រិ​ក​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) របស់​ធនាគារពិភពលោក ក្នុង​គោលបំណង​ធ្វើ​ឱ្យ​សន្តិសុខ​ទឹក​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ជួយ​បង្កើន​ផលិតភាព​កសិកម្ម និង​កសាង​ភាព​ធន់​ទៅ​នឹង​ហានិភ័យ​អាកាសធាតុ​ ។ គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ​៕ អត្ថបទសហការ