រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “គោលការណ៍ប្រតិបត្តិស្ដង់ដានៃការធ្វើអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល” នៅតាមសហគ្រាស គ្រឹះស្ថាន ដែលមានវត្តមានចូលរួមពី ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង ។
កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមពី ឯកឧត្តម ចាន់ បូរិន្ទ អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម កែវ សុភគ៌ អគ្គាធិការនៃក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាជាច្រើននាក់ផងដែរ ។
កិច្ចប្រជុំផ្សព្វផ្សាយអន្តរក្រសួងនេះផ្តោតលើ ការចុះធ្វើអធិការកិច្ចអន្តរក្រសួងក្នុងវិស័យកម្មន្តសាល នៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ដោយផ្តោតលើរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការចូលរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែប្រសើរ។ ជាក់ស្តែងក្រសួងបានបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាតាមរយៈការចុះធ្វើអធិការកិច្ចការងារ និងធ្វើឲ្យប្រសើរឡើងនូវសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។ ប្រការនេះ គឺជាគន្លឹះដែលធ្វើឲ្យអ្នកវិនិយោគមកពីក្រៅប្រទេសជាច្រើនបានមកចូលរួមអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ