ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​សហជីព​ជាតិ​ ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ​ ពិនិត្យ​លើ​របាយការណ៍​សង់​ត្រា​ល់ ​ដែល​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ប្រទេស​ជាតិ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ ​សម្ព័ន្ធ​សហជីព​ជាតិ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ​នេះ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី នៃ​របាយការណ៍​សង់​ត្រា​ល់ ដែល​ធ្វើ​ឱ្យ​អង្គការ​វិជ្ជាជីវៈ បែកបាក់…

រាជធានីភ្នំពេញ​៖ ​សម្ព័ន្ធ​សហជីព​ជាតិ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ​នេះ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី នៃ​របាយការណ៍​សង់​ត្រា​ល់ ដែល​ធ្វើ​ឱ្យ​អង្គការ​វិជ្ជាជីវៈ បែកបាក់ ប្រកាន់​បក្ខពួក រើសអើង និង​ញុះញង់​ធ្វើ​ឱ្យប៉ះពាល់ ដល់​ការងារ​របស់​កម្មករនិយោជិត​ទូ​ទាំង​ប្រទេស និង​ភាព​ស្អាតស្អំ​របស់​ប្រទេស​ជាតិ​ ។

លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានឱ្យ​ដឹង​ថា តំណាង​កម្មករ​នៅ​ទូ​ទាំង​ប្រទេស​កើតទុក្ខ​មិន​សុខចិត្ត​ ចំពោះ​របាយការណ៍​របស់ មជ្ឈមណ្ឌល សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​ថា សង់​ត្រា​ល់ ដែល​មិន​មាន​ប្រភព នឹង​ភស្តុ​តាង ច្បាស់លាស់ ប្រឌិត បំភ្លៃ គ្មាន​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ​។ ហើយ​មន្ត្រី​ដឹកនាំ​អង្គការ​នេះ​អះអាង​ថា​ជា របាយការណ៍ ស្រមោល ប៉ុន្តែ ធ្វើការ​បែងចែក​ពណ៌​សម្បុរ​សហជីព ដែល​មាន​ច​រិ​ក​លក្ខណៈ ញុះញង់​ឱ្យ​មានការ​រើសអើង​គ្នា ​។

លោក​ថា របាយការណ៍​សង់​ត្រា​ល់​ស្រង់​សម្តី តែ​តំណាង​សហជីព​១០ ក្នុង​ចំណោម​រោងចក្រ​១៤ ដែល​និយាយ​អវិជ្ជមាន​ ពី​សិទ្ធិ​សេរីភាព​ដោយ​បំប៉ោង​ការ​ពិត ថា ពួក​គេ​ជួប​ប្រទះ​ការ​បំភិតបំភ័យ គំរាមកំហែង ការ​យាយី និង​ការ​ដាក់​ក្នុង​បញ្ជីខ្មៅ តែ​អង្គការ​នេះ​មិន​បង្ហាញ​ភស្តុ​តាង​ច្បាស់លាស់ ហើយ​បែរជា​យក​ភាព​អវិជ្ជមាន​នោះ​ ទៅ​វាយតម្លៃ​ទាំងមូល​លើ​ប្រទេស​កម្ពុជា ថា​សិទ្ធិ​សេរីភាព​សហជីព​ត្រូវ​បាន​រិ​ត​ត្បិត​ទៅ​វិញ ​។

លោក ហ្វា សាលី លើក​ឡើង​ថា ក្នុង​ចំណុច​ទី​៩ នៃ​របាយការណ៍​សង់​ត្រា​ល់ បាន​លាប​ពណ៌​សហជីព បំផ្លាញ​មុខមាត់​ប្រទេស​ជាតិ តាម​រយៈ ប្រើ​ពាក្យ​សហជីព​ពណ៌​លឿង រារាំង​ដល់​សហជីព​ឯករាជ្យ មិន​ឱ្យសហការ​បាន​ពេញលេញ​ ។ ក្នុង​ន័យ​នេះ អង្គការ​សង់​ត្រា​ល់​បាន នឹង​កំពុង​ធ្វើ​ឱ្យភាព​សុ​ខុ​ដុម នៃ​អង្គការ​វិជ្ជាជីវៈ សហជីព​បែកបាក់ ប្រកាន់​បក្សពួក រើសអើង​គ្នា និង​ជា​ការ​ញុះញង់ ដែល​ជា​ទ​ង្វើ​អ​សីលធម៌​មិន​អាច ទទួលយក​បាន ។

លោក​ថ្លែង​ថា​៖ «​វា​គឺជា​ការ​ញុះញង់​ឱ្យ​មានការ​រើសអើង រវាង​សហជីព​និង​សហជីព ដូច​ច្នេះ​យើង​ទទួលយក​អត់​បាន​ទេ ដែល​បែងចែក​សហជីព​ពណ៌​លឿង ពណ៌​ស ពណ៌​ខ្មៅ​អីហ្នឹង​គឺ​អត់​អាច​ទេ ​។ ព្រោះ​គាត់​ជា​អង្គការ​វិជ្ជាជីវៈ​មួយ ធ្វើ​ការងារ​ត្រូវ​តែ​តម្លាភាព​» ​។

លោក​បញ្ជក់​បន្ថែម​ថា មក​ដល់​ពេល​នេះ​ការងារ​ជាក់ស្តែង​របស់​អង្គការ​សង់​ត្រា​ល់ ធ្វើ​តែ​ជាមួយ​សហព័ន្ធ​សហជីព ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ហេតុនេះ​លោក​ទាមទារ​ឱ្យ​អង្គការ​សង់​ត្រា​ល់ និង​បណ្តាញ​របស់​ខ្លួន​បង្ហាញ​ភស្តុ​តាង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ឱ្យ​បាន​ច្បាស់លាស់​បង្ហាញ​សា​រណៈ​ជន ឱ្យ​បាន​យល់​ដឹង និង​ឈប់​យល់​ច្រឡំ​លើ​ប្រទេស​ជាតិ ​។

លោក​ថ្លែង​ថា​៖ «​យើង​អំពាវនាវ​ឱ្យ​ខាង ស៊ី​ខៅ​ឌូ ក៏​ដូច​ជា កា​ទូ របស់​លោកស្រី​យ៉ាង សុ​ភ័​ណ្ឌ និង​លោក​គង់​អាទិត្យ បង្ហាញ​នូវ​របាយការណ៍ ដែល​បាន​ដាក់​ធ្វើ​ជាមួយនឹង​អង្គការ​សង់​ត្រា​ល់ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត ការ​លាប​ពណ៌​ថា​តំណាង​សហជីព​គាត់ ត្រូវ​បាន​គេ​ចុះ​ក្នុង​បញ្ជីខ្មៅ នោះ​សូម​បង្ហាញ​ភស្តុ​តាង​»​ ។

បើ​តាម​លោក ហ្វា សាលី សង់​ត្រា​ល់​បង្កើត​របាយការណ៍ មិន​មាន​ប្រភព​ច្បាស់លាស់ នឹង​មិន​មាន​ភស្តុ​តាង ជា​របាយការណ៍​ស្រមោល និង​តំណាង​ឱ្យតែ​សង់​ត្រា​ល់ និង​សហព័ន្ធ​សហជីព​ចំនួន​២ ហើយ​យក​ចុះ​ផ្សាយ ​បង្កា​ច់ប​ន្ទួ​ច​ដល់​សេរីភាព​សហជីព​នៅ​កម្ពុជា​ទាំងមូល ដោយ​មិន​មាន​មូលដ្ឋាន​បែប​នេះ ធ្វើ​ឱ្យសហ​គម​ជាតិ អន្តរជាតិ និង​អ្នកបញ្ជា​ទិញ មានការ​យល់​ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល និង​ស្ថេ​រ​ភាព​នៅ​កម្ពុជា ក៏​ដូច​ជា​ធ្វើ​ឱ្យប៉ះពាល់ ​ដល់​បរិយាកាស​វិនិយោគ ការងារ​របស់​កម្មករ និយោជិត សហជីព ប៉ះពាល់​ដល់​ភាព​ស្អាតស្អំ នឹង​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ ​៕ អត្ថបទសហការ