រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញចរាចរណ៍ បានពន្យល់ច្បាស់ៗ អំពីបច្ចេកទេសវាស់វែង និងស្រាវជ្រាវ ដោយចង់លុបបំបាត់ករណីគ្រោះថ្នាក់ចរាចរណ៍ «អាធំ ចាំតែខុស អាតូច ដឹងតែពីត្រូវ ?» ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានពន្យល់ច្បាស់ អំពីបច្ចេកទេសនៃការកសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ទាំងការវាស់វែង និងការស្រាវជ្រាវរបស់មន្ត្រីជំនាញ ដោយផ្អែកលើអង្គហេតុ ដែលបានកើតឡើង ពោលគឺគ្មានឡើយការប្រកាន់ទស្សនៈ បែបសន្មត់ថា «អាធំចាំតែខុស អាតូចដឹងតែពីត្រូវ» ដូចដែលមហាជនមួយចំនួនបាននិយាយតៗ គ្នានោះឡើយ ។
បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ការសន្មត់ថា «អាធំចាំ តែខុស អាតូច ដឹងតែពីត្រូវ» គឺជាការយល់ខុស បណ្ដាលមកពីកង្វះការយល់ដឹង លើការបំពេញតួនាទីរបស់មន្ត្រីជំនាញ ដូចជាការចុះទៅវាស់វែង ការស្រាវជ្រាវ ការធ្វើរបាយការណ៍ និងការរៀបចំសំណុំរឿង នៃករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណជនថា គ្រោះថ្នាក់ចរាចរណ៍ជារឿងសត្យានុម័ត គឺហេតុបែបណា ផលបែបហ្នឹង! អ៊ីចឹងសមត្ថកិច្ចមិនមែនអនុវត្តដូចគាត់ថា ឡានធំ ដឹងតែពីខុសនោះទេ! អង្គហេតុ នៃគ្រោះថ្នាក់ នឹងបញ្ជាក់ច្បាស់ថា គ្រោះថ្នាក់វាកើតឡើងយ៉ាងម៉េច ?» ។
តើមន្ត្រីនគរបាលចរាចរណ៍កសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូចម្ដេច ? លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ត្រួសៗថា មានឯកសារចំនួន ៣៦ ដែលមន្ត្រីត្រូវបំពេញ ជាអាទិ៍ ស្ថានភាព នៃការបើកបរ ការប្រើប្រាស់បណ្ណបើកបរ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន រួមទាំងការធ្វើតេស្ត និងការវាស់វែងនៅហ្នឹងកន្លែងជាដើម ។
លោកឧត្តមសេនីយឯក បន្ថែមថា «ការវាស់វែង គឺដើម្បីដឹងថា គាត់បើកបរត្រឹមត្រូវ ឬអត់ ? ចូលចំណែកផ្លូវគេ ឬអត់ ? ប្រើល្បឿនកម្រិតណា ? ដើម្បីដឹងពីល្បឿនបើកបរ សមត្ថកិច្ច នឹងគណនាទំហំ នៃការខូចខាត ស្នាមហ្វ្រាំងលើផ្លូវក៏អាចគណនាដឹងពីល្បឿនដែរ គឺមិនដូចបងប្អូនថា ឡានធំ ដឹងតែខុសនោះទេ» ។
ទន្ទឹមនឹងភាពច្បាស់លាស់ នៃការបំពេញសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដោយមន្ត្រីជំនាញ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ក៏បានព្រលយឱ្យដែរថា នៅពេលឡើងដល់ស្ថាប័នតុលាការ ចៅក្រម ក៏មិនសម្រេចសេចក្ដី អាស្រ័យលើយានយន្តតូច ឬធំនោះដែរ ពោលគឺការវិនិច្ឆ័យ ក៏ផ្អែកលើអង្គហេតុ ដែលសមត្ថកិច្ចបានកសាងបញ្ជូនទៅ រួមទាំងការប្រមូលព័ត៌មានពីសាក្សី និងភស្តុតាងពាក់ព័ន្ធ ។
លោកបន្តថា «ទន្ទឹមនេះ ក្នុងចំណែក នៃការបង្កើនភាពច្បាស់លាស់ យើងក៏អាចប្រមូលព័ត៌មានចេញពីកាមេរ៉ាសុវត្ថិភាព និងកាមេរ៉ាបំពាក់តាមយានយន្ត ទាំងយានយន្តជួបគ្រោះថ្នាក់ និងយានយន្តផ្សេងទៀតដែលឆ្លងកាត់» ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/d2c57aade5180e96a43fc6d9cfb2b5e9.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/61f9df36ba2b91b35143a9b13588e8fe.jpg)
ចែករំលែកព័តមាននេះ