រាជធានីភ្នំពេញ ៖ គិតចាប់ពីដើមខែ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការ និង សម្រេចលើពាក្យប្តឹងសរុបចំនួន៤២ ហើយក្នុងនេះមានមន្ត្រី ២១០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល ។
ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៣ លើកទី៣៦ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ និងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ក្នុងខែមិថុនានេះ មានមន្ត្រីចំនួន២១០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រី ទើបទទួលបានការតែងតាំងថ្មី ចំនួន៩២នាក់ និងមន្ត្រី១១៨នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ ។
របាយការណ៍ដដែលនេះ បានបញ្ជាក់ឱ្យដឹងដែរថា ៖ ក្នុងខែមិថុនានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន៤២ ពាក្យប្តឹង ។
អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងដែរថា ក្នុងការខែមិថុនា អង្គភាពប្រឆាំងអំពើពុករលួយបានចុះសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈចំនួន១០០គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន៣៧ អង្គភាព និងបានបន្តចុះប្រតិបត្តិការ នៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀតផងដែរ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/3b9a0b6daf3feccccf67ce190c7b6f36.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/3080cad9eca2c61f7364c61842de890e.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/9c92c64e5e43786effe47fe20a1e7db3.jpg)
ចែករំលែកព័តមាននេះ