រាជធានីភ្នំពេញ ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ដែលតំណាងឱ្យកម្មករនិយោជិតជាង ៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ទៅតុលាការ នៅរសៀលថ្ងៃទី ២៧ ខែមិថុនានេះ បន្ទាប់ពីមន្ត្រីអង្គការនេះបានប្រើពាក្យញោះញង់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ និងមានការរើសអើងសហជីព ។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ប្រាប់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញថា សមាជិកជាកម្មករជាង ៤ ម៉ឺននាក់កើតទុក្ខមិនសុខចិត្ត ចំពោះការចោទប្រកាន់ខុសការពិតធ្ងន់ធ្ងរបំផុត ដោយសារលោក ឃុន ថារ៉ូ បានផ្តល់បទសម្ភាសន៍ទៅវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ ដោយប្រើពាក្យយកសហជីពក្លែងក្លាយទៅវាយសហជីពឯករាជ្យ និងយកយុវជន ឬសង្គមស៊ីវិលក្លែងក្លាយទៅវាយយុវជន និងសង្គមស៊ិវិលឯករាជ្យ ។
លោកបញ្ជាក់ថា ៖ «ការលើកឡើងរបស់លោក ឃុន ថារ៉ូ ប៉ះពាល់ខ្លាំងដល់សហជីពទូទាំងប្រទេស ។ ទី ២ ការប៉ះពាល់របស់គាត់ គឺប្រមាថដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ ហើយមានការរើសអើង ញោះញង់ឱ្យមានការរើសអើងផ្សេងៗទៀត ហើយការដែលខ្ញុំប្តឹង ឃុន ថារ៉ូ ខ្ញុំចង់បញ្ជាក់ថា ករណីដែលយើងប្តឹងបុគ្គល ឃុន ថារ៉ូ យើងសុំឱ្យតុលាការមានចំណាត់ការលើបុគ្គលនេះតាមផ្លូវច្បាប់ជាធរមាន» ។
លោក ហង្ស រ៉ាវី បានឱ្យដឹងថា ការប្តឹងបុគ្គល ឃុន ថារ៉ូ នេះសមាជិក សមាជិកា សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ទាមទារសំណងជំងឺចិត្ត ១០០ លានរៀល ប៉ុន្តែសមាជិកសមាជិកាទាំងអស់មិនចង់បានលុយនោះឡើយ អ្វីដែលសំខាន់ គឺចង់បានភាពស្អាតស្អំមកវិញ ហើយកញ្ចប់ថវិកាដែលបានមកទាំងអស់ សហភាពឯកភាពគ្នាបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា ។
លោក ហ៊ុយ សម្បត្តិ អ្នកនាំពាក្យ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា និយាយថា ការលើកឡើងរបស់លោក ឃុន ថារ៉ូ គឺជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដោយគ្មានមូលដ្ឋានគតិយុត្តច្បាស់លាស់ និងប៉ះពាល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ និងមូលបង្កាច់ ប្រមាថបរិហារ បង្កាច់កេរ្តិ៍មកលើអង្គការវិជ្ជាជីវៈ ហៅកាត់ថា (សហជីព) ក៏ដូចជា សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា-CWPUC ដែលមានវិញ្ញាបនបត្រចុះបញ្ជីអង្គការវិជ្ជាជីវៈត្រឹមត្រូវស្របច្បាប់ ។ លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការប្រើពាក្យថា សហជីពក្លែងក្លាយនះ វាជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ និងមិនឱ្យតម្លៃទៅលើច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៦ កថាខណ្ឌទី ៥ ដែលចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាមួយសមាជិកសហជីពនេះ និងកថាខណ្ឌទី ៦ ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព និងកំណត់ក្នុងច្បាប់ ច្បាប់ស្តីពីសហជីព និងច្បាប់ស្ដីពីការងារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ