ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​ភាព​ឯករាជ្យ ត្រូវ​តែ​មាន​លក្ខណៈវិទ្យាសាស្ត្រ មិន​លំអៀង និង​មាន​ភាព​ជាតំណាង​គ្រប់គ្រាន់

3 ខែ មុន

រាជធានីភ្នំពេញ ៖ អ្នកជំនាញ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើក​ឡើង​ថា របាយការណ៍​របស់​សហជីព​ដែល​មាន​ភាព​ឯករាជ្យ និង​សុក្រឹតភាព ត្រូវធ្វើ​ឡើង​តាម​លក្ខណៈ​វិទ្យាសាស្ត្រ មិន​លំអៀង…

រាជធានីភ្នំពេញ ៖ អ្នកជំនាញ និងមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើក​ឡើង​ថា របាយការណ៍​របស់​សហជីព​ដែល​មាន​ភាព​ឯករាជ្យ និង​សុក្រឹតភាព ត្រូវធ្វើ​ឡើង​តាម​លក្ខណៈ​វិទ្យាសាស្ត្រ មិន​លំអៀង មាន​ភាព​ជា​តំណាង​គ្រប់គ្រាន់ គ្រប់​ជ្រុងជ្រោយ មានការ​វិភាគ​ទិន្នន័យ និង​វាយតម្លៃ​តាម​កម្មវិធី​ត្រឹមត្រូវ​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ​របាយការណ៍​ដែល​ចេញផ្សាយ​នោះ​នឹង​មិន​ត្រឹមត្រូវ​នោះ​ទេ ​។

លោក​បណ្ឌិត យ៉ង់ ពៅ​ ​អ្នកវិភាគ​សង្គម និង​ជា​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើក​ឡើង​ថា ការ​ធ្វើ​របាយការណ៍​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​សង្គម​ពី​សំណាក់​សង្គម​ស៊ី​វិល គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ គឺ​ត្រូវធ្វើ​ឡើង​ដោយ​មិន​លំអៀង និង​មិន​ធ្វើការ​វិភាគ​តាម​អារម្មណ៍ និន្នាការ​នយោបាយ ដែល​នាំ​ឱ្យ​មានការ​វាយតម្លៃ​ខុស ខាត​ប្រយោជន៍​ជាតិ អត្ថប្រយោជន៍​របស់​កម្មករ​ជា​រួម និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​សង្គម និង​សេដ្ឋកិច្ចជាតិ​នោះ​ឡើយ ​។ លោក​បណ្ឌិត បាន​សង្កត់ធ្ងន់​ថា ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ណាស់​ក្នុង​ការ​ជ្រើសរើស​ភាព​ជា​តំណាង (sampling) ការ​កំណត់​វិធីសាស្ត្រ និង​ប្រភព ដែល​ទាំង​អស់នេះ​ត្រូវ​ជ្រើសរើស​ដោយ​ឯករាជ្យ ហើយ​ទិន្ន័យ​ទាំងអស់​ត្រូវ​ធ្វើការ​វិភាគ (analyst) តាម​កម្មវិធី​ច្បាស់លាស់​ត្រឹមត្រូវ សុក្រឹត​ជាទី​បំផុត​ ។ បើសិនជា មិន​បាន​កំណត់​វិធីសាស្ត្រ​ស្រាវជ្រាវ ការ​កំណត់​ទិន្នន័យ ប្រភព​សម្ភាសន៍ ភាព​ជា​តំណាង​បាន​ត្រឹមត្រូវ​នោះ​ទេ គឺ​របាយការណ៍​ដែល​ធ្វើ​ឡើង​នោះ​នឹង​មាន​ភាព​លម្អៀង ។

ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ដែរ​ថា ការ​ធ្វើ​របាយការណ៍​របស់​សហជីព និង​អង្គការ​សង្គម​ស៊ី​វិល​នានា​ត្រូវ​គោរព​នូវ​គោល​ការ​សុក្រឹតភាព ទី ​១ ត្រូវ​ផ្តល់​ព័ត៌មាន​ពិតប្រាកដ ច្បាស់លាស់​នៃ​ការ​ប្រព្រឹត្ត​ទៅ និង​ទិដ្ឋភាព​ជាក់ស្តែង​នៅ​ក្នុង​សង្គម​ពាក់ព័ន្ធ​នឹង​សហជីព និង​អង្គការ​សង្គម​ស៊ី​វិល ​។ ទី ​២ ការ​សិក្សា​ចង.ក្រង​របាយការណ៍​ត្រូវ​មាន​វិធីសាស្ត្រ​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ដោយ​មាន​ភាព​ជា​តំណាង ត្រឹមត្រូវការ​សម្ភាស និង​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ ។ ទី​ ៣ ត្រូវ​មានការ​វិភាគ​ទិន្នន័យ ការ​វាយតម្លៃ​តាម​បែប​វិទ្យាសាស្ត្រ ដោយ​អ្នកជំនាញ ដោយ​ធានា​ភាព​ឯករាជ្យ និង​មិន​លំអៀង ។ ទី ​៤ ត្រូវ​គោរព​តាម​គោលការណ៍​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ដែល​ពាក់ព័ន្ធ​នានា ​។ ទី​ ៥ ត្រូវ​គិត​ពី​ផល​ប៉ះពាល់ និង​អត្ថប្រយោជន៍​នៅ​ក្នុង​សង្គម​ ។ ទី ​៦ ត្រូវ​លើក​ពី​បញ្ហា​ប្រឈម និង​ទី​ ៧ ត្រូវ​ផ្តល់​ជា​អនុសាសន៍​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ត្រឹមត្រូវ ​។

ឯកឧត្តម​រដ្ឋលេខាធិការ សង្កត់ធ្ងន់​ថា សហជីព ឬ​អង្គការ​សង្គម​ស៊ី​វិល ត្រូវ​ទទួលខុសត្រូវ​ចំពោះ​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ចេញផ្សាយ និង​ត្រូវ​ធានា​ថា​របាយការណ៍​នោះ​ត្រូវ​តែ​ឯករាជ្យ ពិតប្រាកដ មិន​បំផ្លើស​បំភ្លៃ មិន​លំអៀង មិន​បម្រើ​ផលប្រយោជន៍​អង្គការ​ចាត់តាំង​ណាមួយ ឬ​ក្រុម​ណាមួយ ឬ​ប្រទេស​ណាមួយ​នោះ​ទេ​ ។ ក្នុង​នោះ​ដែរ នៅ​ពេល​ដែល​គេ​រក​ឃើញ​ថា របាយការណ៍​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត មាន​ភាព​លំអៀង មាន​របៀបវារៈ​បម្រើ​ក្រុម ឬ​អង្គការ ឬ​ប្រទេស​ណាមួយ នោះ​សហជីព និង​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​ត្រូវ​ទទួលខុសត្រូវ​លើ​ការ​ចេញផ្សាយ​របាយការណ៍​របស់​ខ្លួន​៕ អត្ថបទសហការ