ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ព្រ.មាន​ធ្ងន់​ៗ​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង​ចង់​បញ្ជូន​អា.វុធ​ទៅ​អ៊ុយ​ក្រែន

3 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ ​កូរ៉េ​ខាង​ត្បូង​ហាក់​ដូច​ជា​ទើស​ចិត្ត​យ៉ាង​ខ្លាំង​នឹង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​កតិកា​សញ្ញា​​ជួយ​គ្នា​ទៅវិញ​ទៅ​មក​រវាង​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ពុធ​។ ប្រទេស​ទាំង​២​ ម៉ូស្គូ និង​ព្យុង​យ៉ាង​ ប្ដេជ្ញា​ថា​នឹង​ជួយ​​ជ្រោម​ជ្រែង​គ្នា​ផ្នែក​សេដ្ឋកិច្ច​ និង​សន្តិ​សុខ​ជាតិ​។ អ្នក​ខ្លះ​រហូត​ដល់​វិភាគ​ឃើញ​ថា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ កូរ៉េ​ខាង​ជើង​អាច​នឹង​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​​រុស្ស៊ី​នៅ​​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ថែម​ទៀត​​ផង​។…

ទី​ក្រុង​សេអ៊ូល៖ ​កូរ៉េ​ខាង​ត្បូង​ហាក់​ដូច​ជា​ទើស​ចិត្ត​យ៉ាង​ខ្លាំង​នឹង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​កតិកា​សញ្ញា​​ជួយ​គ្នា​ទៅវិញ​ទៅ​មក​រវាង​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ពុធ​។ ប្រទេស​ទាំង​២​ ម៉ូស្គូ និង​ព្យុង​យ៉ាង​ ប្ដេជ្ញា​ថា​នឹង​ជួយ​​ជ្រោម​ជ្រែង​គ្នា​ផ្នែក​សេដ្ឋកិច្ច​ និង​សន្តិ​សុខ​ជាតិ​។ អ្នក​ខ្លះ​រហូត​ដល់​វិភាគ​ឃើញ​ថា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ កូរ៉េ​ខាង​ជើង​អាច​នឹង​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​​រុស្ស៊ី​នៅ​​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ថែម​ទៀត​​ផង​។ ដូច្នេះ បញ្ហា​នេះ​ធ្វើ​ឱ្យ​​កូរ៉េ​ខាង​ត្បូង​អង្គុយ​មិន​ស្រណុក​ខ្លួន​​ទាល់​តែ​សោះ​​​។​

​រដ្ឋាភិបាល​ទី​ក្រុង​សេអ៊ូល​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​នឹង​ពិចារណា​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែន​។ នេះ​ជា​ការ​កែ​សម្រួល​គោល​នយោបាយ​ដ៏​ធំ​១​។ ការ​លើក​ឡើង​របស់​មន្ត្រី​ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ដូច​ខាង​លើ​នេះ​ធ្វើ​ឡើងតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ផ្សាយ​លម្អិត​អំពី​លក្ខ​ខណ្ឌ​នៃ​កិច្ច​​ព្រម​ព្រៀង​។ នៅ​ក្នុង​លក្ខ​ខណ្ឌ​១​​ចែ​ង​ថា​ «បើ​ភាគី​ហត្ថ​លេខី​ណា​​១​​ទទួល​រង​ការ​វាយ​ប្រហារ ឬ​ជាប់​ដៃ​ធ្វើ​សង្គ្រាម​ទល់​នឹង​ប្រទេស​ដទៃ​ ភាគី​មួយ​ទៀត​​ត្រូវ​តែ​ជួយ​ធ្វើ​អន្តរាគមន៍​​ជា​បន្ទាន់​តាម​គ្រប់​មធ្យោ​បាយ​ដោយ​ផ្ដល់​ជា​​ជំនួយ​យោធា​ ឬ​ជំនួយ​ដទៃ​ទៀត​ទៅ​តាម​លទ្ធ​ភាព​ជាក់​ស្ដែង»​​។

ខុទ្ទ​កាល័យ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ​​ដោយ​ចាត់​ទុក​ថា​នេះ​ជា​ការ​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​ ហើយ​ក៏​ជា​ការ​រំលោភ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ផង​ដែរ​។ កូរ៉េ​ខាង​ត្បូង​ព្រមាន​ថា​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​មាន​ផល​វិបាក​អវិជ្ជ​មាន​ដែល​អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ទី​ក្រុង​​ម៉ូស្គូ និង​ទី​ក្រុង​​សេអ៊ូល​ធ្លាក់​ចុះ​ជា​មិន​ខាន​ឡើយ​។

​ពី​ទី​ស្នាក់​ការ​ធំ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ទី​ក្រុង​ញូយ៉ក រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​ចាត់​ទុក​ថា​​វា​ជា​ទង្វើ​ដ៏​គួរ​ឱ្យ​ស្អប់​ខ្ពើម​ណាស់​ដែល​រុស្ស៊ី​នៅ​តែ​​រំលោភ​បំពាន​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​​​សេចក្ដី​សម្រេច​ដាក់​ទណ្ឌ​កម្ម​ពី​សំណាក់​អង្គ​ការ​សហ​ប្រជា​ជាតិ​ទៅ​លើ​កូរ៉េ​ខាង​ជើង​ ហើយ​​មែន​ទែន​ទៅ​គឺ​រុស្ស៊ី​ខ្លួន​ឯង​​ជា​អ្នក​បោះ​ឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​នោះ​ទៅ​ទៀត​។​ នៅ​ឯ​ទី​ក្រុង​សេអ៊ូល​ឯណោះ​វិញ ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​កូរ៉េ​ខាង​ត្បូង​ថ្លែង​ថា​រដ្ឋាភិបាល​របស់​ខ្លួន​នឹង​កែ​សម្រួល​ឡើង​វិញ​នូវ​គោល​នយោបាយ​ចំពោះ​សង្គ្រាម​អ៊ុយ​ក្រែន​ដើម្បី​រៀប​ចំ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​បាញ់​ប្រហារ​​កង​ទ័ព​រុស្ស៊ី​ឱ្យ​ណា​ណី​ម្ដង​។

​​កាល​ពី​ពេល​កន្លង​មក កូរ៉េ​ខាង​ត្បូង​ថ្វី​ដ្បិត​ជា​ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​​ផលិត​អាវុធ​លំដាប់​ពិភព​លោក​ មិន​ខ្វះ​ទេ​គ្រាប់​កាំ​ភ្លើង និ​ងបរិក្ខារ​យោធា​។​ គ្រាន់​តែ​ថា​​ប្រទេស​នេះ​មិន​ចង់​បង្ក​ហេតុ​។ ប៉ុន្តែ​លើក​នេះ​កូរ៉េ​ខាង​ត្បូង​ប្រហែល​ជា​ក្ដៅ​ស្លឹក​ត្រចៀក​​ខ្លាំង និ​ងទ្រាំ​លែង​បាន​ត​ទៅ​ទៀត​ហើយ​ ហើយ​ក៏​ពន្លះមួយ​រយ​ៗ​​ចំពោះ​​កិច្ច​ព្រម​​ព្រៀង​នោះ​​។

គេ​ដឹង​ថា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ម៉ូស្គូ និង​ព្យុង​យ៉ាង​នោះ ក៏​មាន​និយាយ​អំពី​ការ​ជួយ​ផ្ដល់​បច្ចេក​វិទ្យា​មីស៊ីល និង​នុយ​ក្លេអ៊ែរ​ផង​ដែរ​។ មាន​ន័យ​ថា​បើ​កូរ៉េ​ខាង​ជើង​មាន​ចំណុច​ខ្វះ​ខាត​ត្រង់​ចំណុច​ណា​១​ដែល​បាញ់​មីស៊ីល ឬ​នុយ​ក្លេអ៊ែរ​សាក​ល្បង​មិន​បាន​ជោគ​ជ័យ​ ​រុស្ស៊ី​នឹង​ជួយ​បំពេញ​បន្ថែម​។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​​កូរ៉េ​ខាង​ត្បូង​យល់​ថា​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​។

ប្រតិ​កម្ម​តប​ចំពោះ​ការ​ប្រើ​សម្ដី​ខ្លាំង​របស់​កូរ៉េ​ខាង​ត្បូង​ដូច​ខាង​លើ​នេះ លោក​ពូទីន​ដែល​​ស្ថិត​នៅ​ទី​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​មិន​ចាំ​បាច់​វិល​ទៅ​ប្រទេស​​រុស្ស៊ី​​សិន​ចាំ​និយាយ​ទេ​។ ​លោក​និយាយ​ពន្លះ​វិញ​ខ្លាំង​ៗ​ពី​ហាណូយ​តែ​ម្ដង​ថា​ «​បើ​កូរ៉េ​ខាង​ត្បូង​ហ៊ាន​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែន​មែន​ ពួក​គេ​នឹង​ប្រព្រឹត្ត​កំហុស​ដ៏​ធំ​បំផុត​»។ លោក​ព្រមាន​ថា​ «បើ​រឿង​នេះ​ជា​ការ​ពិត​មែន​ ទង្វើ​របស់​កូរ៉េ​ខាង​ត្បូង​នេះ​នឹង​នាំ​មក​នូវ​ផល​វិបាក​សម្រាប់​របប​ដឹក​នាំ​​នៅ​ទី​ក្រុង​សេអ៊ូល​​​»។ ​លោកយល់​ថា​កូរ៉េ​ខាង​ត្បូង​មិន​​ត្រូវ​​ព្រួយ​បារម្ភ​ជ្រុល​ពេក​ទេ​​ចំពោះ​កិច្ច​ព្រម​ព្រៀង​​នោះ​។ សំខាន់​កុំ​ឱ្យ​តែ​កូរ៉េ​ខាង​ត្បូង​មាន​បំណង​ឈ្លាន​ពាន​ទៅ​លើ​កូរ៉េ​ខាង​ជើង​ទៅ​បាន​ហើយ​។

ចំពោះ​សំណួរ​ថា​​បើសិន​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​របស់​បស្ចិម​ប្រទេស​បាញ់​ចូល​ទឹក​ដី​រុស្ស៊ី​ តើ​អាច​ចាត់​ទុក​ថា​នេះ​ជា​អំពើ​ឈ្លាន​ពាន​​ដែរ​ឬ​ទេ​? លោក​ពូទីន​ឆ្លើយ​តប​ថា​រុស្ស៊ី​ត្រូវ​ការ​សិក្សា​ស្វែង​យល់​ទៅ​លើ​ទិដ្ឋ​ភាព​ជាក់​ស្ដែង​ជា​មុន​សិន​។ ប៉ុន្តែ​លោក​យល់​ថា​ទង្វើ​នេះ​សឹង​តែ​អាច​ចាត់​ចូល​ជា​អំពើ​ឈ្លាន​ពាន​បាន​ហើយ​​​។ លោក​​ព្រមាន​ថា​រុស្ស៊ី​មិន​បដិសេធ​ទេ​នូវ​លទ្ធ​ភាព​ដែល​ទី​ក្រុង​ម៉ូស្គូ​​អាច​នឹង​​បញ្ជូន​អាវុធ​ទៅ​កូរ៉េ​ខាង​ជើង​ដើម្បី​ធ្វើ​ដាក់​ពួក​បស្ចិម​ប្រទេស​​ដូច​ដែល​ពួក​គេ​ធ្វើ​ដាក់​រុស្ស៊ី​​ដែរ​។

មន្ត្រី​រដ្ឋាភិបាល​របស់​​ប្រទេស​លោក​ខាង​លិច​ម្នាក់ និង​សមាជិក​ព្រឹទ្ធ​សភា​​អាមេរិក​ម្នាក់​បង្ហើប​ឱ្យ​ដឹង​ថា​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​បាញ់​អាវុធ​របស់​អាមេរិក​ចូល​ទឹក​ដី​រុស្ស៊ី​ជា​បណ្ដើរ​ៗ​ហើយ​។ លោក​ពូទីន​ធ្លាប់​ប្រកាស​ជា​បណ្ដើរ​ៗ​តាំង​ពី​មុន​នេះ​ថា​លោក​សូម​រក្សា​សិទ្ធិ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​​​​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី​​ដើម្បី​ជួយ​បាញ់​ប្រហារ​ទៅ​បស្ចិម​ប្រទេស​វិញ​ផង។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទី​ក្រុង​ហាណូយ លោក​ពូទីន​និយាយ​បញ្ជាក់​ផែន​ការ​នេះ​ម្ដង​ទៀត​ដើម្បី​ឱ្យ​ច្បាស់​ទាំង​អស់​គ្នា​​ក្រែង​លោ​មាន​អ្នក​សង្ស័យ​​ថា​លោក​និយាយ​តែ​មាត់​ទទេ ឬ​ក៏​និយាយ​ទាំង​ភាន់​ច្រឡំ​។ ​លោក​ពូទីន​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ទី​ក្រុង​ព្យុង​យ៉ាង​ក៏​លោក​និយាយ​អំពី​លទ្ធ​ភាព​នៃ​ការ​បញ្ជូន​អាវុធ​ទំនើប​ៗ​របស់​រុស្ស៊ី​ទៅ​ឱ្យ​​កូរ៉េ​ខាង​ជើង​ និង​ប្រទេស​ដទៃ​ទៀត​ដើម្បី​បាញ់​ប្រហារ​ទៅ​បស្ចិម​ប្រទេស​ ឬ​ប្រទេស​ដែល​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​​​។​

ស្ដាប់​ចុះ​ស្ដាប់​ឡើង​ទៅ​ឃើញ​ថា​​សភា​ព​ការណ៍​ពិភពលោក​ហាក់​ដូច​ជា​មិន​ស្រួល​។ ភូមិ​សាស្ត្រ​នយោ​បាយ​​នៅ​តាម​ប៉ូល​សំខាន់​ៗ​ក៏​អាច​នឹង​ប្រែ​ប្រួល​ផង​ដែរ​។ ឧទាហរណ៍ វៀតណាម​កំពុង​តែ​ត្រូវ​គ្នា​ជា​មួយ​អាមេរិក​សុខ​ៗ​ឥឡូវ​នេះ​ងាក​ទៅ​ចាប់​ដៃ​ជា​មួយ​សម្ព័ន្ធ​មិត្ត​ចាស់​របស់​ខ្លួន​ធ្វើ​មិន​ដឹង​។ វៀតណាម​ទទួល​ស្វាគមន៍​លោក​ពូទីន​យ៉ាង​កក់​ក្ដៅ​បំផុត​ដោយ​ក្រាល​សុទ្ធ​តែ​ព្រំ​ក្រហម​ទទួល​លោក​ និង​មិន​ខ្វាយ​ខ្វល់​ពី​ការ​រិះ​គន់​របស់​ប្រទេស​អាមេរិក​ឡើយ​។​

ងាក​ទៅ​អ៊ុយ​ក្រែន​ឯណោះ​វិញ មុន​ដំបូង​គេ​សង្ឃឹម​ថា​វិបត្តិ​អ៊ុយ​ក្រែន​អាច​នឹង​បាន​ធូរ​ស្រាល ហើយ​អាច​​នឹង​បញ្ចប់​​ទៅ​វិញ​ឆាប់​ៗ​នេះ​​។ ​ផ្ទុយ​ទៅ​វិញ, សភាព​ការណ៍​មិន​ត្រឹម​តែ​មិន​ធូរ​ស្រាល​ទេ​​ ប៉ុន្តែ​រឹត​តែ​ធ្ងន់​​ធ្ងរ​ជាង​មុន។ ឥឡូវ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​ចង់​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​នេះ​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ