រាជធានីភ្នំពេញ ៖ ចំថ្ងៃខួបលើកទី៤៧ នៃថ្ងៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា រយៈពេល៤៧ឆ្នាំមកនេះគ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖ “ទោះពេលវេលាបានកន្លងហួស រយៈពេល៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញ ដល់រឿងរ៉ាវ ដែលបានជួបប្រទះ កាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែកខ្ញុំ តែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។ យើងមានតែជីវិតប៉ុណ្ណោះធ្វើជា ដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើង នាពេល៤៥ឆ្នាំកន្លងមកនេះ ? ។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន” ។
សម្តេចតេជោបានលើកឡើងថា ការយកជីវិតទៅប្តូរយកសន្តិភាព ជូនប្រជាជនតាមរយៈនយោបាយ ឈ្នះ ឈ្នះ ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ ទៅកាន់ជំនាន់ថ្មី ។
ជាមួយគ្នានោះដែរ សម្ដេចតេជោបានគូសបញ្ជាក់ថា «ចូរចងចាំថា គ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ»៕
ចែករំលែកព័តមាននេះ