ខេត្តបាត់ដំបង ៖ ភ្លើងឆេះព្រៃ និងភ្លើងឆេះរោងស្នាក់នៅក្នុងភោជនីយដ្ឋានចំនួន០២ករណី ហាក់បានកើតឡើងព្រមៗគ្នា តែដាច់ដោយឡែកពីគ្នាក្នុងខេត្តបាត់ដំបង ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្ដាលថ្ងៃត្រង់ នៅថ្ងៃទី ១៤ មិថុនា។
យោងតាមសេចក្ដីរាយការណ៏ពីសមត្ថកិច្ចស្ដីពី «អគ្គិភ័យ» នេះ បានឲ្យដឹងថា ដំបូងអគ្គិភ័យនេះបានកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ១៤ មិថុនា នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ដោយបានឆេះរោងបគ្គលិកស្នាក់នៅ នៅក្នុងអាហារដ្ឋាន «ម្លប់ស្លា ៩៩៩»។ របាយការណ៏បានឲ្យដឹងទៀតថា រោងស្នាក់នៅនោះសាងសង់ពីដែកប្រក់ស្បូវ ជញ្ជាំងស្បូវ មានទំហំ ៤ម៉x១២ម៉ ដែលត្រូវអគ្គិភ័យលេបត្របាក់យកអស់ទាំងស្រុងតែម្ដង រាប់ទាំងសម្ភារ និងទ្រព្យសម្បត្តិនានាផង។
បើតាមសមត្ថកិច្ចបានប្រាប់ថា រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ចមិនបានជួយបាញ់ទឹកពន្លត់ទេ ព្រោះកម្លាំងមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរខាងនោះ បាននាំគ្នាប្រើប្រាស់ទុយោទឹកនៅតាមផ្ទះ ជួយបាញ់ពន្លត់មុនពេលរថយន្តទឹករបស់សមត្ថកិច្ចទៅដល់។ សមត្ថកិច្ចបានធ្វើការសួរនាំអំពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង ហើយបានរកឃើញថា ជនដែលបង្កឲ្យមានភ្លើងឆេះរោងស្នាក់នៅក្នុងហាងនេះ គឺជាក្មួយប្រុសម្ចាស់ហាង ដែលទើបមានអាយុ០៤ឆ្នាំ។
កុមារាដ៏រពឹសដៃនេះ បានយកដែកកេះទៅកេះដុតជញ្ជាំងស្បូវលេង ទើបបង្កជាអគ្គិភ័យឆេះខ្ទេចឆេះខ្ទីអស់គ្មានសល់បែបនេះ។ ជុំវិញតុល្យការ នៃការខូចខាត បើតាមម្ចាស់ហាងនេះ បានប្រាប់សមត្ថកិច្ចថា សម្ភារ ឬទ្រព្យសម្បត្តិនានា ដែលខូចខាតរួមមាន៖ ធុងបាស់សម្រាប់ចាក់កំដរភ្ញៀវចំនួន០៤គ្រាប់ ប្រាក់ប្រមាណ២,៥លានរៀល ទូរស័ព្ទដៃចំនួន០៤គ្រឿង និងសម្លៀកបំពាក់ជាច្រើនទៀតរបសៀ់ជនរងគ្រោះ បានក្លាយជាផេះទាំងស្រុងតែម្ដង តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
ដោយឡែក នៅឯក្រុងបាត់ដំបងឯណេះវិញ បើតាមមន្ត្រីអគ្គីភ័យបាននិយាយថា ខណៈដែលសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងតស៊ូប្រយុទ្ធជាមួយនឹងអគ្គិភ័យ ដែលកំពុងលេបត្របាក់រោងស្នាក់នៅយ៉ាងសន្ធោសន្ធៅ ក្នុងហាង«ម្លប់ស្លា៩៩៩» នៅស្រុកសំពៅលូន ស្រាប់តែនៅម៉ោងប្រហាក់ប្រហែលគ្នានេះដែរ សមត្ថកិច្ចក្រុងបាត់ដំបង បានប្រកាសអាសន្នតាមវិទ្យុទាក់ទងថា មានអគ្គិភ័យកំពុងឆាបឆេះព្រៃលើដីទុកចោលមួយកន្លែង ហើយកំពុងរាលដាលខ្លាំង នៅភូមិអណ្ដូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ។
ក្រោយទទូលបានសេចក្ដីប្រកាសអាសន្ននេះ ទាំងកម្លាំងអធិការក្រុងបាត់ដំបង ទាំងកម្លាំងការិយាល័យពន្លត់អគ្គិភ័យនៃស្នងការខេត្ត បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ ដើម្បីជួយបាញ់ទឹកពន្លត់ និងទប់ស្កាត់ការឆេះរាលដាល។ បើតាមមន្ត្រីអគ្គីភ័យបានប្រាប់ថា រថយន្តទឹកចំនួន០៥គ្រឿង បានចេញអន្តរាគមន៍ពន្លត់ភ្លើងព្រៃនេះ។
អគ្គិភ័យបានឆេះរាលដាលព្រៃនៅលើដីឡូត៍ទុកចោលនោះ តែមិនមានប៉ះពាល់ផលដំណាំ ឬ ផ្ទះប្រជាពលរដ្ឋជិតខាងទេ។ ជុំវិញករណីកើតមានអគ្គិភ័យនេះ បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច រួមទាំងសាក្សីមួយចំនួនបានបំភ្លឺផង អគ្គិភ័យនេះ បានកើតឡើងដោយសារតែមានជនមិនស្គាល់មុខ«លួចដុត»។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលជនមិនស្គាល់មុខធ្លាប់លួចដុតព្រៃលើដីដែលម្ចាស់ទុកចោលនៅតំបន់នោះ ដែលម្ដងៗបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងប្រជាពលរដ្ឋ ទាំងសមត្ថកិច្ចនាំគ្នាចេញអន្តរាគមន៍ ៕
ចែករំលែកព័តមាននេះ