ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាឱ្យកម្លាំងជំនាញ បើកការស្រាវជ្រាវ រហូតបង្ក្រាបឃាត់បានមុខសញ្ញា ក្រុមក្មេងទំនើង០៥នាក់ មកពីរាជធានីភ្នំពេញ ហើយបានធ្វើសកម្មភាព ដោយប្រើអាវុធ (កាំបិតបុ័ងតោ និងកាំបិតផ្គាក់) គំរាមកាប់យកម៉ូតូ ក្នុងភូមិសាស្ត្រកំពង់ចាម ។
ករណីក្រុមក្មេងទំនើងធ្វើសកម្មភាព ប្រើអំពីហិង្សា ដោយប្រើអាវុធ (កាំបិតបុ័ងតោ និងកាំបិតផ្គាក់) គំរាមយកម៉ូតូតាមផ្លូវ កើតឡើងនៅវេលាម៉ោង០០និង១៥នាទីយប់រំលងធ្រាត ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ និងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន០៣គ្រឿង ក្នុងនោះម៉ូតូ០២គ្រឿង ជាមធ្យោបាយប្រព្រឹត្តបទល្មើស និងម៉ូតូ០១គ្រឿងទៀត ជាម៉ូតូរបស់ជនរងគ្រោះ ។
ផ្អែកតាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង០៥នាក់ បានឲ្យដឹងថា ក្រុមខ្លួនបានធ្វើដំណើរមកពីរាជធានីភ្នំពេញ ឆ្ពោះមកខេត្តកំពង់ចាម ហើយបានធ្វើសកម្មភាព យកកាំបិតបុ័ងតោ និងកាំបិតផ្គាក់ និងមធ្យោបាយម៉ូតូចំនួន០២គ្រឿង ដេញកាប់ជនរងគ្រោះ គំរាមយកម៉ូតូ នៅយប់វេលាម៉ោង០០ និង១៥នាទី រំលងធ្រាត ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចំណុចតាមផ្លូវ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ ចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង០៥នាក់នេះ មិនបានរស់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមឡើយ ៕
ចែករំលែកព័តមាននេះ