មិនយូរទេ រថភ្លើងថ្មីនៅស្រុកខែ្មរ តែចាស់នៅប្រទេសជប៉ុននឹងដាក់ចូលទៅក្នុងកញ្ចប់នៃ សេវាកម្មដឹកជញ្ជូនរបស់កម្ពុជា ក្រោមការគ្រប់គ្រងតាមរយៈប្រតិបត្តិការសម្បទានរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉ៃវេ កម្ពុជា ។
មកដល់ពេលនេះ តាមការបញ្ជាក់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា ចាប់តាំងពីបានបញ្ជូនពីជប៉ុនមកដល់កម្ពុជា រថភ្លើង៤ នៅក្នុងចំណោម១១ នៃរថភ្លើង Kiha-183 គឺបានធ្វើតេស្តបើកបរលើផ្លូវដែកទាំងពីរខ្សែររួចរាល់ ប៉ុន្តែកាលបរិច្ឆេទនៃការបើកដំណើរការនៅមិនទាន់កំណត់នៅឡើយ ។ ដំណើរការសាកល្បង នៅលើកំណត់ផ្លូវដែកភាគខាងជើង គឺត្រូវបានក្រុមហ៊ុនដំណើរការកាលពីថ្ងៃទី១២ ខែមិថុនា ហើយការសាកល្បងនោះ ត្រូវបានបញ្ជាក់ថា ដំណើរការប្រកបដោយជោគជ័យ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ។
ក្រសួងបានបន្ថែមថា រថភ្លើង Kiha-183 ប្រភេទDMU (Diesel Multiple Unit)ចំនួន៤គ្រឿងបានបើកបរសាកល្បងជាថ្មីលើផ្លូវដែកភាគខាងជើងនៅលើចម្ងាយផ្លូវជាង៥៥គីឡូម៉ែត្រ ប្រកបដោយជោគជ័យ បន្ទាប់ពីការបើកបរសាកល្បងលើកទី១លើផ្លូវដែកភាគខាងត្បូងព្រះសីហនុ-ភ្នំពេញ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ។
ប្រភពដដែលបានបន្ថែមថា ការបើកសាកល្បងលើកទី២នេះបានធ្វើឡើងក្នុងល្បឿនចន្លោះពី៣០ ទៅ៥០គីឡូម៉ែត្រ នៅក្នុងមួយម៉ោងពោល គឺតាមបទដ្ឋានដែលបានកំណត់ ។ ដោយឡែក ក្រុមមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹក ជញ្ជូន និងក្រុមហ៊ុន បានយកចិត្តទុកដាក់សហការគ្នាលើការពិនិត្យ និងតាមដានដំណើរការបើកបរសាកល្បងនេះ ដោយផ្តោតជាពិសេសលើដំណើរការកង់ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថា មានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរមុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ។
ប្រភពដដែលបានសង្កតធ្ងន់ថា នៅពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយជាពីរខ្សែក្នុងនោះរួមមាន ៖ ខ្សែផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ក្នុងល្បឿន៨០គីឡូម៉ែត្រ នៅក្នុងមួយម៉ោង និងខ្សែផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ក្នុងល្បឿនចន្លោះពី៣០ទៅ៥០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ។
ក្រោយពេលដែលក្រសួងបានប្រកាសបែបនោះ នៅលើបណ្តាញសង្គម មានការគាំទ្រ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយចំណុចមួយដែលពលរដ្ឋបានដាក់សំនួរនឹងស្នើសុំបន្ថែមនោះ គឺល្បឿន ជាពិសេស គឺនៅលើកំណត់ផ្លូវភាគខាងជើង ពីព្រោះវាយឺត ហើយប្រជាពលរដ្ឋបានសំណូមពរឲ្យក្រុមហ៊ុនបង្កើនល្បឿនឲ្យដល់៨០គីឡូម៉ែត្រ នៅក្នុងមួយម៉ោងដូចជាកំណត់ផ្លូវ នៅភាគខាងត្បូងដែរ ។
ផ្អែកតាមសំណូមពរនេះ ប្រហែលជាពិបាកសម្រាប់ក្រុមហ៊ុនពីព្រោះកន្លងមកអ្នកជំនាញ បានលើកឡើងថា ស្ថានភាពផ្លូវដែកនៅភាគខាងជើងអាចទ្រុឌទ្រោមខ្លាំង ដែលមិនសាកសមនឹងល្បឿនលើសពីនេះ ។ តាមពិតទៅ ល្បឿននៃរថភ្លើងនេះ គឺអាចរត់បានលើសពី ១០០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ប៉ុន្តែមកដល់ពេលនេះដូចដែលក្រសួងបញ្ជាក់ គឺអាចត្រឹមតែនៅក្នុងល្បឿនប៉ុណ្ណោះ ។ សូមទុកឲ្យអ្នកជំនាញកំណត់ល្បឿន និងសមាមាត្រសុវត្ថិភាពវិញកុំអាលសុំ ពីព្រោះការជួសជុលផ្លូវដែកមិនមែនចំណាយតិចទេ ដូច្នេះសូមគាំទ្រល្បឿនសុវត្ថិភាពនេះសិន ។
កន្លងមកបញ្ហាដែលជាមូលហេតុចម្បង ដែលសេវាកម្មដឹកជញ្ជូនផ្លូវដែកនៅកម្ពុជាជាពិសេស គឺសេវាកម្មដឹកអ្នកដំណើរមិនសូវគាំទ្រ គឺបញ្ហាល្បឿនបន្ទាប់មក គឺសុវត្ថិភាព ហើយចំណុចមួយទៀត គឺផាសុខភាព ។ សេវាកម្មពីមុនយឺតខ្លាំងហើយឥឡូវនេះ គឺអាចថា គ្រាន់បើជាពិសេសនៅលើកំណាត់ផ្លូវដែកភាគខាងត្បូង ។ សេវាកម្មផ្លូវដែកនេះប្រសិនបើក្រុមហ៊ុនអាចដាក់តម្លៃមួយសមស្របជាមួយនឹងតម្លៃដឹកជញ្ជូនតាមរថយន្ត ឬថោកជាងបន្តិចនោះពលរដ្ឋនឹងអាចចាប់អារម្មណ៍កាន់តែច្រើន ។
សម្រាប់កំណត់ផ្លូវដែកពីភាគខាងជើងអាចនឹងនៅមានការពិចារណាច្រើនពីព្រោះតែល្បឿន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងករណីដែលក្រុមហ៊ុនគិតគូចំណុចនេះ ហើយកំណត់តម្លៃដែលសមរម្យជាងការដឹកជញ្ជូនតាមផ្លូវសម្រាប់អ្នកដែលមិនប្រញាប់ គួរជ្រើសរើសដំណើរការដឹកជញ្ជូននេះផង ។ នៅក្នុងករណីយើងចង់បានសេវាកម្មរថភ្លើងល្បឿនលឿន បើយើងមិនចាប់ផ្តើមហើយគាំទ្រអាចយឺត ដែលមាននៅពេលនេះទេ ក៏ពិបាកនឹងអាចទទួលបានអាចលឿនដែរ ។
សរុបមកវិញ ការដែលក្រសួង និងក្រុមហ៊ុនសហការគ្នាដាក់ឲ្យដំណើរការរថភ្លើង Kiha-183 ប្រភេទDMU នេះរំពឹងថានឹងអាចស្តារការគាំទ្រ និងជំរុញពិពិធកម្មនៃមធ្យោបាយក៏ដូចជាសេវាកម្មដឹកជញ្ជូននៅកម្ពុជាឲ្យកាន់តែប្រសើរ ប៉ុន្តែចំណុចមួយដែលគួរតែរិះគិត គឺបញ្ហាតម្លៃ ហើយសង្ឃឹមថា នៅពេលដែលរថភ្លើងនេះដាក់ចេញរាល់អ្នកដំណើរដែលឆ្លងកាត់ផ្លូវដែកត្រូវប្រុងប្រយ័ត្នផងដែរ ។ដោយឡែកក្រសួង និងក្រុមហ៊ុនត្រូវពង្រឹងស្តង់ដាសុវត្ថិភាព នៅពេលដែលឆ្លងកាត់ផ្លូវខ្វែង និងផ្លូវថ្នល់នានាមិនថាជាផ្លូវជាតិ ផ្លូវខេត្តឬផ្លូវលំឆ្លងកាត់ភូមិឡើយ ៕
ចែករំលែកព័តមាននេះ