រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ខណៈកំពុងបើកបររថយន្ត ១គ្រឿង ដឹកចៅទៅសាលារៀន ស្រាប់តែមានអាការៈ មិនស្រួលខ្លួន ហើយងងឹតមុខ ធ្វើឲ្យគាត់បាត់បង់ម្ចាស់ការក្នុងការបើកបរ ក៏បានរេចង្កូតឡើងទៅចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងថ្ម១ដើម បណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ប៉ុន្តែសំណាងល្អ ពុំបានបណ្ដាលឲ្យគាត់ និងចៅ ឬអ្នកដំណើរណាម្នាក់ឡើយ ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើ បានបើកបររថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5193 ដឹកចៅទៅរៀន ។ ដោយគាត់បើកបរធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងថ្ម ១ដើម បណ្ដាលឲ្យខ្ទេចមុខ១ចំហៀង ខាងស្ដាំ ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ បុរសខាងលើរួមនឹងចៅ មិនបានរងរបួសនោះឡើយ ហើយក៏ពុំបង្កឲ្យមានអ្នកដំណើរណាម្នាក់រងរបួសនោះទេ ចំណែកបង្គោលភ្លើង ក៏ពុំរងការខូចខាតនោះដែរ ។ បុរសអ្នកបើកបររថយន្តនោះ បានប្រាប់អ្នកទៅចោមរោមមើលថា គាត់មិនស្រួលខ្លួន ហើយងងឹតមុខទើបជួបគ្រោះថ្នាក់បេបនេះតែម្ដង ។
ក្រោយពេលកើតហេតុនគរបាល បានទៅពិនិត្យមើលជាក់ស្ដែង និងបានឲ្យម្ចាស់នាំយករថយន្តទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ