ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកគ្នាតវ៉ា នៅខាងមុខសាលាខេត្តស្វាយរៀង និងដាក់ញត្តិ ជូនលោកអភិបាលខេត្តស្វាយរៀង ដោះស្រាយរឿងក្រុមហ៊ុនមរតក រំលោភលើកកិច្ចសន្យា បង់ប្រាក់គ្រប់ហើយ មិនបានទទួលដី មកគ្រប់គ្រងជាកម្មសិទ្ធិ ។
បើតាមស្ត្រីម្នាក់ ឈ្មោះ សំ មុន្នីណេត នៅភូមិឃ្មត់ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះជិត២០០គ្រួសារ បានទិញដីឡូត៌ របស់ក្រុមហ៊ុនមរតក អ្នកខ្លះបង់បាន៥០% អ្នកខ្លះបង់គ្រប់ចំនួន១០០% នៅពេលសួររកទីតាំងដី និងប្លង់ដី ក្រុមហ៊ុនគ្មានដី និងឯកសារប្រគល់ដី ឲ្យអតិថិជនអ្នកទិញដី ទើបប្រជាពលរដ្ឋលើកគ្នាមកតវ៉ា និងដាក់ញត្តិ ជូនលោកអភិបាលខេត្តស្វាយរៀង ជួយអន្តរាគមន៍ដោះស្រាយ ។
ប្រភពបន្តថា ការទំនាស់ជាមួយក្រុមហ៊ុន ករណីគ្មានដីឲ្យប្រជាពលរដ្ឋនេះ កើតឡើងតាំងពីឆ្នាំ២០២២ មកម្លេះ គឺគ្មានដំណោះស្រាយ ក្រុមហ៊ុន មិនបានបង្ហាញទីតាំងដី និងឯកសារប្លង់ដី ឲ្យប្រជាពលរដ្ឋបានស្គាល់ទីតាំងដីឡូត៌របស់ខ្លួនបានទិញ នៅកន្លែងណានោះទេ គឺឲ្យប្រជាពលរដ្ឋ ដែលទិញដីបង់រំលោះបង់ប្រាក់បន្តតាមខែ រាល់ខែ បើអតិថិជនបង់ប្រាក់យឺតតែ៧ថ្ងៃ ក្រុមហ៊ុនពិន័យជាប្រាក់ ក្នុងមួយថ្ងៃ០,៥% បើខកខានបង់២ទៅ ៣ខែ គឺក្រុមហ៊ុនដកយកដីវិញ ហើយយកទៅលក់ឲ្យអ្នកផ្សេង ។
បើតាមសមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានយើងថា ប្រជាពលរដ្ឋមកតវ៉ានេះ គឺមាន០២គម្រោង គម្រោងទី១, គឺភូមិមរតក ស្ថិតនៅភូមិទទា សង្កាត់ចេកក្រុងស្វាយរៀង និងគម្រោងទី២, ភូមិមរតកថ្ម.ស ស្ថិតនៅភូមិថ្ម.ស ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ។ គឺមានការស្មុកស្មាយខ្លាំងណាស់ រួមមាន ៖
ករណីទី១ ក្រុមហ៊ុនមរតក បានប្រមូលទិញដីពីប្រជាពលរដ្ឋ ក្នុង១ហិកតា តម្លៃ១០ម៉ឺនដុល្លារ ក៏ប៉ុន្តែក្រុមហ៊ុន មិនបានឲ្យប្រាក់ទៅម្ចាស់ដីទេ គឺឲ្យម្ចាស់ដី យកចំនួនប្រាក់ ដែលលក់ដីបាន ដាក់ជាភាគហ៊ុន ជាមួយក្រុមហ៊ុន ដោយក្រុមហ៊ុនមរតក ឲ្យភាគលាភ ចំណេញតាមចំនួនសាច់ប្រាក់ លុះផ្ទុះកូវីដ-១៩ ចំនួន៣ឆ្នាំ ធ្វើឲ្យមុខរបរអចលនទ្រព្យដីធ្លី ធ្លាក់ចុះគាំង គ្មានដំណើរការ ក្រុមហ៊ុនក្យ័យធន់ គ្មានប្រាក់បង់ឲ្យម្ចាស់ដីតាមកិច្ចសន្យា ម្ចាស់ដីទាមទារយកដីវិញអស់មួយចំនួន ធ្វើឲ្យមានវិបត្តិក្រុមហ៊ុនគ្មានដីឲ្យអតិថិជន ក៏ប៉ន្តែក្រុមហ៊ុនតម្រូវឲ្យអតិថិជន ដែលបានទិញដីបង់រំលោះពីក្រុមហ៊ុនបង់ប្រាក់បន្ត ។
ករណីទី២ ប្រជាពលរដ្ឋមួយចំនួន ដែលបានបង់ប្រាក់ គ្រប់ថ្លៃទិញដីហើយ សួររកទីតាំងដី និងប្លង់ដី ក្រុមហ៊ុនគ្មានដីឲ្យ គឺក្រុមហ៊ុនបានធ្វើប្លង់ចុះបញ្ជីដីធ្លី បានតែមួយចំនួន ប្រមាណជាង២០០បណ្ណ័ប៉ុណ្ណោះ រីឯមួយចំនួនទៀត ក្រុមហ៊ុនគ្មានដីឲ្យអតិថិជនខ្លួន ។
ករណីទី៣ ប្រជាពលរដ្ឋមួយចំនួន បានបង់ប្រាក់ឲ្យក្រុមហ៊ុនបាន៥០% ខ្លះបាន៧០%ហើយ ក៏សួររកទីតាំងដី និងចង់មើលឯកសារ រត់ការចុះបញ្ជីដីធ្លី នៅសុរិយោដី ក្រុមហ៊ុនមិនព្រមបង្ហាញ ឲ្យប្រជាពលរដ្ឋដែលទិញដីបានឃើញ (គឺគ្មានឯកសារច្បាស់លាស់ និងគ្មានដី ដើម្បីបង្ហាញទីតាំងច្បាស់លាស់) ទើបប្រជាពលរដ្ឋលើកគ្នាតវ៉ា និងដាក់ញត្តិ ជូនលោកអភិបាលខេត្តអន្តរាគមន៍ ដោះស្រាយពួកគាត់ សូមឲ្យក្រុមហ៊ុន បង្ហាញទីតាំងក្បាលដីឡូត៌ និងឯកសារប្លង់ដីរបស់ពួកគាត់ ។
ចំពោះអ្នកបានបង់ប្រាក់គ្រប់ចំនួន ហើយមិនទាន់ទទួលបានដី មកគ្រប់គ្រងស្របច្បាប់ ភាគច្រើនគាត់ទាមទារឲ្យក្រុមហ៊ុនប្រគល់ប្រាប់មកឲ្យពួកគាត់វិញ គ្រប់ចំនួន ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីប្រធានក្រុមហ៊ុនមរតក បានទេ រហូតមកដល់ម៉ោង៦និង០០នាទីល្ងាចថ្ងៃដដែលនេះ ។ ចំណែកញត្តិរបស់ប្រជាពលរដ្ឋ លោកអភិបាលខេត្តស្វាយរៀង បានចាត់តំណាងមកទទួលញត្តិ ពីប្រជាពលរដ្ឋហើយ និងបង្កើតគណៈកម្មការពិនិត្យ និងហៅភាគីក្រុមហ៊ុនភូមិមរតក មកសាកសួរ ដើម្បីដោះស្រាយ សូមឲ្យប្រជាពលរដ្ឋអត់ធ្មត់បន្តិចសិន អាជ្ញាធរ នឹងចុះអង្កេត ដោះស្រាយជូនឆាប់ៗនេះ ៕
ចែករំលែកព័តមាននេះ