រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យកូនខ្មែរ បើចង់ក្លាយជាមន្ត្រីបម្រើប្រជារាស្ត្រ ត្រូវវិនិយោគលើការរៀនសូត្រ និងសមត្ថភាព មិនត្រូវពឹងខ្សែ ឬរកថវិកាដើម្បីសូកគេនោះទេ គឺត្រូវខិតខំរៀនសូត្រដោយខ្លួនឯង។
ថ្លែងនាឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ា
ណែត បានឲ្យដឹងថា ដើម្បីពង្រឹងគុណភាពប្រឡង គឺគ្រប់គ្រងលើវិញ្ញាសាដែលត្រូវចេញសម្រាប់ការប្រលងឲ្យបានហ្មត់ចត់ កុំឲ្យមានការបែកធ្លាយ។
សម្ដេចធិបតីបានលើកឡើងថា ម្ដាយ-ឪពុក ដែលភ័យខ្លាចកូនមិនបានប្រលងជាប់ កុំទៅរត់ការ ឬ ស្វែងរកការអន្តរាគមន៍ណាមួយ។ ត្រូវប្រាប់ឲ្យកូនខំប្រឹងរៀនសូត្រវិញ។ជាមួយគ្នានោះដែរ សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «មន្ត្រីចូលបម្រើរដ្ឋ ត្រូវចាប់ផ្តើម ពីខ្លួនឯង មានទំនុកចិត្ត មិនមែនជាការវិនិយោគទេ។ វិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំប្រឹង ប្រែងរៀនសូត្រ វិនិយោគអាហ្នឹង។ មិនត្រូវវិនិយោគរកខ្សែ រកថវិកា ដើម្បីសូកគេ នោះទេ។ ត្រូវវិនិយោគ ការខិតខំប្រឹងប្រែង ដើម្បីធានាបាន»។
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានឲ្យដឹងថា ដូច្នេះសុក្រឹតភាពសមត្ថភាព មុនក្លាយជាមន្ត្រីរាជការត្រូវបានបង្ហាញឡើងតាមរយៈការប្រឡងជ្រើសរើសមន្ត្រីរាជការកន្លងមក ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។
សម្ដេចនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «សុក្រឹតភាព និងភាពត្រឹមត្រូវនៃការប្រឡងនេះ គឺជាឧទាហរណ៍មួយ ប៉ុន្តែជាកិច្ចការធំណាស់សម្រាប់ផ្តល់ការលើក ទឹកចិត្តដល់កូនខ្មែររបស់យើង ដែលចង់ក្លាយជាមន្ត្រីបម្រើរាស្ត្រ។ គឺជាការចូល និងស្ម័គ្រចិត្ត និងការខិតខំលះបង់»។
សម្ដេចធិបតី ក៏បានរំលឹកនូវប្រសាសន៍ សម្ដេចធិបតី ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រមិនមែនចៅហ្វាយរបស់ប្រជារាស្ត្រឡើយ។ សម្ដេចបន្ដថា ជាការពិតណាស់ មន្ដ្រីមានការងារ មានឱកាស មានតួនាទី នាពេលបច្ចុប្បន្ន គឺដោយសារការគាំទ្ររបស់ប្រជាជន។
ជាមួយគ្នានេះ សម្ដេចធិបតីបន្ថែមថា មន្ដ្រីគ្រប់រូបក៏ជាប្រជារាស្ដ្រដែរ។ សម្ដេចថា នៅពេលមន្ត្រីចូលនិវត្តន៍ទៅ ក៏ក្លាយទៅជាប្រជារាស្ត្រធម្មតាវិញ ដូច្នេះក្នុងនាមជាមន្ត្រីរាជការ ត្រូវបម្រើរាស្ត្រដូចជាកូនជាចៅរបស់ខ្លួនឯង។
សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ចឹងបម្រើប្រជារាស្ដ្រ គឺដូចបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង ចាំពាក្យនេះទៅ។ តើយើងចង់រស់នៅក្នុងបរិស្ថាននេះ ងាយស្រួលរស់នៅទេ សេវាសាធារណៈទាន់ចិត្តល្អប្រសើរទេ បើយើងចង់បាន សម្រាប់យើង សម្រាប់កូនយើង សម្រាប់គ្រួសារយើង គួរអនុវត្ត ព្រោះយើងចូលរួមក្នុងការផ្ដល់សេវាឲ្យមន្ដ្រីផ្សេងទៀតផងដែរ ដែលជាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើង»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដទៀតថា តើសង្គមជាតិរបស់យើងបច្ចុប្បន្ន និងទៅអនាគត តើត្រូវអនុវត្តបែបណា? គ្រប់គ្នាមិនចង់បានការផ្តល់សេវាសាធារណៈ ដែលតម្រូវឲ្យមានការ អន្តរាគមន៍ ឬការចរចានោះទេ៕
ចែករំលែកព័តមាននេះ