អ្នកជំនាញកម្ពុជាបានកំពុងតែជំរុញឲ្យធ្វើនយោបាយការទូតសេដ្ឋកិច្ច ដោយលើកទឹកចិត្តឲ្យនិវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅក្នុងវិស័យអេឡិចត្រូនិក វិស័យយានយន្ត និងបច្ចេកវិទ្យា ស្របពេលដែលអាជីវកម្មលក់រាយ ធនាគារ និងឧស្សាហកម្មគ្រឿងបង្គំកំពុងតែមាននិន្នការ វិជ្ជមាន និងទទួលបានការគាំពារពីកម្ពុជា ។
គោលនយោបាយទាក់ទាញនិងលើកទឹកចិត្តអ្នកវិនិយោគទុនជប៉ុនន គឺកំពុងតែធ្វើដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងដំណើរចូលរួមសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី “អនាគតរបស់អាស៊ី”។
លោក ស៊ុន ចាន់ថុល បានលើកឡើងនូវការលើកទឹកចិត្តនេះនៅពេល ដែលបានជួប ជាមួយនឹង លោក ស៊ូយូស៊ី ហាសាបេ (Tsuyosi Hasabe ) ប្រធានក្រុមហ៊ុន Nikkei Inc. នៅក្នុងទីក្រុង តូក្យូ ។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលនយោបាយថ្មី របស់កម្ពុជាក្នុង ការអភិវឌ្ឍ ប្រទេសឱ្យកាន់តែរីកចម្រើន ដើម្បីសម្រេចបានគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេស មាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ដូច ជាកត្តាអំណោយផលផ្សេងៗក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។
ក្នុងនោះដែរលោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងផែនការថ្មីៗទៀតជាច្រើន រួមមាន គម្រោងសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការលើកកម្រិតផ្លូវជាតិលេខ៥ ពី២គន្លង ទៅ៤គន្លង គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផែនការកសាងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបលោកប្រធានក្រុមហ៊ុនអំពី តួនាទី របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិន ដែលមក បណ្តាក់ទុនវិនិយោគនៅកម្ពុជា និងស្នើសុំឱ្យក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុនរួមមាន វិស័យអេឡិច ត្រូនិក វិស័យយានយន្ត និងបច្ចេកវិទ្យាជាដើម ដើម្បីជំរុញការប្រែក្លាយ ប្រទេសកម្ពុជាពីការប្រើប្រាស់កម្លាំងពលកម្ម ទៅការប្រើប្រាស់ជំនាញបច្ចេកទេស សម្រាប់វិស័យឧស្សាហកម្ម។
នាឱកាសនោះ លោកប្រធានក្រុមហ៊ុន បានបង្ហាញនូវចំណាប់អារម្មណ៍លើការអភិវឌ្ឍន៍យ៉ាង ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបានប្តេជ្ញាចិត្តជួយផ្សព្វផ្សាយ និងណែនាំ ក្រុមហ៊ុនជប៉ុនឱ្យបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
មកដល់ពេលនេះជប៉ុនគឺជាប្រទេសមួយដែលកំពុងតែចាប់អារម្មណ៍នឹងទីផ្សារនិយោគនៅ កម្ពុជាដោយនៅពេលនេះក្រុមហ៊ុនដែលកំពុងតែជោគជ័យមានដូចជា ក្រុមហ៊ុនលក់ទំនិញ រាយនៅហាងទំនើប អ៊ីអន វិស័យហិរញ្ញវត្ថុនិងធនាគារ គ្រឿងបង្គុំអេឡិចត្រូនិច ដូចជាមីនីបៀ ក៏ដូចជាក្រុមហ៊ុនដែលទើបបើករោងចក្រតម្លើងរថយន្តតូយូតាជាដើម ។
ចែករំលែកព័តមាននេះ