ខេត្តបាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌជាច្រើនគ្រាប់ ត្រូវបានមន្ត្រីស៊ីម៉ាក់ និងកម្មករកាយប្រព័ន្ធលូប្រទះឃើញនៅកន្លែងផ្សេងគ្នា កាលពីព្រឹកថ្ងៃទី២៤ ឧសភា នៅក្នុងក្រុងបាត់ដំបង ។ នេះបើតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ច។
សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅម៉ោង៨ព្រឹកថ្ងៃទី ២៤ ឧសភា ក្រុមកម្មករ ដែលប្រើគ្រឿងចក្រកាយប្រព័ន្ធលូនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌចំនួន០៣គ្រាប់ ដែលជាប្រភេទគ្រាប់ B-40 ។
ដោយឡែក គ្រាប់យុទ្ធភណ្ឌដែលមន្ត្រីជំនាញស៊ីម៉ាក់រាវរកឃើញ ស្ទើរតែដំណាលគ្នាដែរ នៅម៉ោង៩ព្រឹកថ្ងៃដដែល កម្លាំងអង្គភាពស៊ីម៉ាក់បានរាវរកឃើញគ្រាប់កាំភ្លើងនេះជាច្រើនគ្រាប់ នៅលើដីមួយកន្លែង ក្នុងភូមិរំចេក៤ សង្កាត់រតនៈ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌដែលមន្ត្រីជំនាញស៊ីម៉ាក់រកឃើញនោះមាន គ្រាប់ធុន៦០ម.ម ចំនួន១៥គ្រាប់, ក្បាលបំផ្ទុះគ្រាប់ធុន៦០ម.ម ចំនួន១៥គ្រាប់, គ្រាប់បែកប្រភេទ ៨២-២ ចំនួន០១គ្រាប់ និង គ្រាប់B-40 ចំនួន០៣គ្រាប់។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌទាំងនេះ ត្រូវបានកម្លាំងស៊ីម៉ាក់រាវរកឃើញពេលធ្វើការបោសសំអាតលើផ្ទៃដីមួយកន្លែង ដើម្បីសាងសង់អគារសាលប្រជុំ។ មន្ត្រីស៊ីម៉ាក់បានប្រមូលគ្រាប់យុទ្ធភ័ណ្ឌទាំងនេះទៅរក្សាទុក ដើម្បីរៀបចំកំទេចចោល៕
ចែករំលែកព័តមាននេះ