រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ទំនេរពីការងារសំណង់ នឹកចង់ហូបផ្លែត្នោត ហើយបានសម្លឹងឃើញដើមត្នោត១ដើម នៅកណ្ដាលគេ ក្នុងចំណោមត្នោត៣ដើម មានផ្លែល្មម អាចហូបគ្រាប់បាន។ បន្ទាប់មក គាត់ក៏បានឡើងទៅលើដើមត្នោតនោះ ដើម្បីកាប់ផ្លែ ប៉ុន្តែជាអកុសល គាត់ពុំបានដឹងថា មានសម្បុកឪម៉ាល់ នៅលើដើមត្នោតនោះឡើយ ខណៈឡើងទៅពុំទាន់ដល់ចុងត្នោតផង ក៏ត្រូវបានសត្វឪម៉ាល់ រាប់រយមេ រោមទិច បណ្ដាលឲ្យធ្លាក់ពីលើដើមត្នោត កម្ពស់ប្រមាណជាង១០ម៉ែត្រ ស្លា.ប់ភ្លាមៗ តែម្ដង ។
ពេលនោះ បងប្អូនសាច់ញាតិ និងអ្នកភូមិបាននាំគ្នារត់ទៅជួយ ហើយពេលទៅដល់ ឃើញសត្វឪម៉ាល់រាប់រយមេ កំពុងរោមទិចស.ពជនរងគ្រោះ ក៏នាំគ្នាកាច់មែកឈើ ដែលមានស្លឹកយកទៅវាយបណ្ដេញឪម៉ាល់ចេញ ទើបអាចចូលយកសាកស.ពទៅផ្ទះបាន ។
ឧប្បត្តិហេតុនេះ បានកើតកាលពីវេលាម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅវាលស្រែក្បែរភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសាច់ញាតិជនរងគ្រោះបាននិយាយថា បុរសរងគ្រោះរូបនេះ ឈ្មោះ ជីម សុខលាង អាយុជាង៣៨ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ហើយគាត់ជាបុរសពោះម៉ាយ ដែលបានលែងលះគ្នា ជាមួយប្រពន្ធរយៈពេលជាង១០ឆ្នាំ មកហើយ ។ សព្វថ្ងៃគាត់ស្នាក់នៅជាមួយបងស្រីបង្កើត នៅក្នុងភូមិកើតហេតុនោះដែរ ហើយនៅថ្ងៃកើតហេតុ គាត់អត់ធ្វើការងារនោះទេ ដោយសារតែមេជាងជាប់រវល់ទៅស្រុកកំណើតនៅឯខេត្តស្វាយរៀង ។
សាច់ញាតិដដែល បាននិយាយបន្តថា បុរសរងគ្រោះ ពុំមែនជាអ្នកធ្លាប់ឡើតត្នោត អាជីពនោះឡើយ ប៉ុន្តែនៅថ្ងៃកើតហេតុ គាត់នឹកចង់ហូបគ្រាប់ត្នោតខ្ចី គាត់ក៏ដើរសំដៅទៅរកដើមត្នោត ៣ដើម នៅជិតភូមិ ហើយបានសម្លឹងឃើញដើមត្នោត ១ដើម នៅកណ្ដាលគេ មានផ្លែល្មមអាចហូបគ្រាប់បាន។ ខណៈនោះគាត់ក៏បានឡើងទៅលើដើមត្នោតនោះ ដើម្បីកាប់ផ្លែ ដោយពុំបានដឹងថា នៅលើដើមត្នោតនោះមានសំបុកឪម៉ាល់ឡើយ ជាអកុសល គាត់ឡើងទៅពុំទាន់ដល់ចុងត្នោតផង ក៏ត្រូវបានសត្វឪម៉ាល់រាប់រយក្បាលរោម ទិច បណ្ដាលឲ្យធ្លាក់ពីលើដើមត្នោត កម្ពស់ប្រមាណជាង១០ម៉ែត្រស្លា.ប់ភ្លាមៗតែម្ដង ។
សាច់ញាតិខាងលើបាននិយាយបន្ថែមទៀតថា នៅពេលដែលបុរសរងគ្រោះ ទៅឡើងកាប់ផ្លែត្នោតនោះ ពុំមាននរណា ទៅជាមួយនោះឡើយ ហើយដើមត្នោតនោះ ក៏មិនស្ថិតនៅឆ្ងាយពីផ្ទះបងប្អូនជីដូនមួយរបស់គាត់ និងផ្ទះរបស់អ្នកភូមិប៉ុន្មានឡើយ ។ ក្រោយមកស្រាប់តែ ឮស្នូរធ្លាក់លាន់សូរភឹង ខ្ទរដី ទើបនាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសរងគ្រោះ កំពុងដេកស្លា.ប់នៅក្រោមដើមត្នោតនោះបាត់ទៅហើយ។ ពេលទៅឃើញក៏សត្វឪម៉ាល់រាប់រយក្បាល កំពុងរោមទិចគួរឲ្យខ្លាច ក្រោយឃើញបែបនេះបងប្អូនសាច់ញាតិ និងអ្នកភូមិ ក៏នាំគ្នាកាច់មែកឈើ ដែលមានស្លឹក យកទៅវាយបណ្ដេញសត្វឪម៉ាល់ចេញ ទើបអាចចូលយកសាកសពទៅផ្ទះដើម្បីធ្វើបុណ្យបាន ៕
ចែករំលែកព័តមាននេះ