រាជធានីភ្នំពេញ ៖ ករណីនារីម្នាក់បានរៀបរាប់ថា មានបុរសម្នាក់ដែលជាអ្នកបើកម៉ូតូកង់បី និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព លូកលាន់លើរាងកាយរបស់គាត់នភៅលើកង់បី កាលពីវេលាម៉ោងប្រហែល០៤ទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គឺជារឿងយល់ច្រឡំនោះទេ ។
បន្ទាប់ពីមានការផ្សាយព័ត៌មាន ហើយស្ត្រីរងគ្រោះ ឈ្មោះ តឺយ ស្រីនាង ជនជាតិខ្មែរ មុខរបរសាឡន ស្នាក់នៅបន្ទប់ជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីឱ្យសមត្ថកិច្ចជួយដោះស្រាយរួចមក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ម្ចាស់ម៉ូតូកង់បី (ផាសអេប) ដែលមានឈ្មោះ អិន ណី ជនជាតិខ្មែរ មុខរបរ រត់ម៉ូកង់បី ស្នាក់នៅបន្ទប់ជួលលេខ០៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបក្ខពួកម្នាក់ទៀតឈ្មោះ ធី ផានិត មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ត្រូវជាបងប្អូននឹងគ្នា ចូលខ្លួនមកបំភ្លឺនៅមុខសមត្ថកិច្ច ។
បុរសទាំង០២នាក់ បានប្រាប់ឱ្យដឹងថា ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ស្ត្រីរូបនោះទេ ដោយស្ត្រីនោះមានស្ថានភាពស្រវឹង និងបានហៅកក់ម៉ូតូកង់បីគាត់ ចេញពីក្ក្លឹបមួយកន្លែង នៅម្ដុំសង្កាត់ភ្នំពេញថ្មី ឱ្យជូនគាត់ទៅផ្ទះនៅម្ដុំផ្លូវ ៣៧១ លុះទៅដល់ជិតស្ដុបត្រឡោកបែក ស្រាប់តែស្ត្រីនោះប្រាប់ម្ចាស់កង់បីឱ្យត្រឡប់បកក្រោយវិញ ទៅជីបម៉ុងនៅម្ដុំកាំកូវិញ លុះបកក្រោយតាមផ្លូវ ៥៩៨ ដល់ស្ដុបសាលារៀន ឥន្ទ្រទេវី បត់ចូលតាមផ្លូវ ១០០៣ ភ្នំពេញថ្មីវិញ ម្ដុំផ្សារថៃហួត ក៏ទៅតាមផ្លូវ ១០៨៦ ឡើងទៅផ្លូវ ៥៩៨ សំដៅទៅផ្លូវ ២៧១ លុះមកដល់ផ្លូវ ២៧១ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្ត្រីនោះប្រាប់ថាខុសផ្លូវហើយ ម្ចាស់ម៉ូតូកង់បីក៏ខឹង ក៏បានឈប់ម៉ូតូដាក់ស្ត្រីនោះចុះ ក៏ជិះម៉ូតូចេញទៅបាត់ ទើបស្ត្រីនោះខឹងក៏ហៅអ្នកសារព័ត៌មានមកធ្វើការផ្សាយផ្ទាល់ ថា ម្ចាស់ម៉ូតូកង់បីនោះ បានលូកលាន់លើរាងកាយរបស់គាត់ទៅវិញ ។
បន្ទាប់ពីសាកសួរភាគីទាំងសងខាងរួច ស្ត្រីនោះបានសារភាពថា ខ្លួនពិតជាស្រវឹងខ្លាំង និងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់រឿង ដោយករណីនៅជាការយល់ច្រឡំតែប៉ុណ្ណោះ ។
យោងតាមការដកពាក្យបណ្តឹង នឹងមានការអនុញ្ញាតពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានអប់រំ និងអនុញ្ញាតឱ្យបុរសពីរខាងលើ ត្រឡប់ទៅផ្ទះវិញ ។
សូមរម្លឹកឡើងវិញថា «នារីម្នាក់ថាត្រូវបក្ខពួកអ្នករត់កង់បីបៀ.តបៀ.នតែមិនហ៊ានស្រែក នាងថាប៉ុន្មានម៉ាត់នេះក៏ដាក់នាងចុះវិញ» ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ 271 ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម៉ូតូកង់បីឥណ្ឌាដែលជនរងគ្រោះបុកឃីង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4328 ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានចូលលេងក្លិបហ្គោលឡាញ ដែលមានគ្នា៣នាក់ ក្នុងនោះភេទទី៣ ចំនួន២នាក់ តែមិត្តភក្ដិគាត់ប្រញាប់ទៅផ្ទះមុន នៅពេលនោះគាត់បានបុកឃីងម៉ូតូកង់បីឥណ្ឌាពីម្តុំក្លឹបហ្គោលឡាញ មានទីតាំងនៅផ្លូវ1986 ដើម្បីដឹកជនរងគ្រោះទៅម្តុំផ្លូវ371 ។ ខណៈពេលគាត់ឡើងម៉ូតូកង់បីឥណ្ឌា ស្រាប់តែអ្នកបើកម៉ូតូកង់បីឥណ្ឌាបានហៅបក្ខពួកម្នាក់ទៀតមកជិះជាមួយ ហើយបំរុងនាំជនរងគ្រោះទៅផឹកមួយឈុតទៀត តែជនរងគ្រោះមិនព្រម បានប្រាប់ថា គាត់ប្រញាប់ នៅពេលនោះម៉ូតូកង់បីឥណ្ឌាបានដឹកគាត់ចេញពីក្លឹបហ្គោលឡាញ ដោយមានបុរសម្នាក់ខាងលើជិះជាមួយព្រមទាំងបបួលបូកគីឡូថែមទៀត តែនាងមិនព្រម ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលធ្វើដំណើរនៅតាមផ្លូវ បុរសជាបក្ខពួកអ្នកបើក ម៉ូតូកង់បីឥណ្ឌាម្នាក់ដែលជិះជាមួយ បានលូកលាន់និងបៀតបៀនកេរ្តិ៍ខ្មាសស្ទើរពេញខ្លួនប្រាណ ។
នារីរងគ្រោះបានបន្តទៀតថា ដោយសារតែនាងមានតែម្នាក់ឯង ដោយខ្លាចជនបង្កនិងបក្ខពួកសម្លា.ប់នាង ទើបនាងមិនហ៊ានស្រែក តែនៅពេលនាងថា ពួកគាត់ធ្វើបាបនាង ចាំនាងទាក់ទងហៅបងៗអ្នកសារព័ត៌មាន ។ ខណៈពេលនោះជនសង្ស័យអ្នកបើកម៉ូតូកង់បីឥណ្ឌា និងបក្ខពួក បានដាក់នាងចុះតាមផ្លូវហើយបើកម៉ូតូកង់បីឥណ្ឌាជិះគេចខ្លួនបាត់ ចំណែកឯជនរងគ្រោះបានទាក់ទងទៅបងប្អូននឹងមិត្តភ័ក្ដិមកកន្លែងកើតហេតុភ្លាមៗ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងភ្លាមៗទេ រង់ចាំពេលព្រឹកនឹងទៅដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍មានវិធានការចាត់ការតាមនីតិវិធី ព្រោះនាងបានថតស្លាកលេខកង់បីខាងលើទុករួចរាល់ហើយ ៕
ចែករំលែកព័តមាននេះ