ខេត្តបាត់ដំបង ៖ ខណៈគ្រាប់ភ្លៀងបានថមថយបន្តិច ស្រាប់តែគ្រាប់រន្ទះបានបាញ់កក្រើកលើដីយ៉ាងសាហាវដូចពាក្យគេនិយាយថា «លាន់ដូចរន្ទះបាញ់» ដែលអ្នកភូមិបានឃើញផ្ទាល់ភ្នែក នៅវេលាម៉ោងជាង៧យប់ថ្ងៃទី១៥ ឧសភា នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង តែសំណាងល្អពុំគ្រោះថ្នាក់មនុស្សនៅក្បែរនោះទេ ។
សាក្សីបានឃើញផ្ទាល់ភ្នែកបាននិយាយថា មេឃកំពុងរលឹមតិចៗ ស្រាប់តែលាន់សម្លេងផ្ទុះស្ទើរបែក
ក្រដាសត្រចៀក ជាមួយនឹងដុំភ្លើងផ្ទុះនៅលើដី ដែលម្ចាស់ទុកចោលមួយកន្លែង ។ សាក្សីក៏ដូចអ្នកភូមីដទៃទៀតបានប្រាប់ថា ដំបូងស្មានតែផ្ទុះគ្រាប់ តែដល់ពេលទៅពិនិត្យកន្លែងផ្ទុះទើបដឹងថា «រន្ទះបាញ់» ព្រោះមិនឃើញមានបំណែកគ្រាប់ ឬសំណាកសេសសល់នៅក្បែររណ្ដៅឡើយ ។
រណ្ដៅដីដែលត្រូវរន្ទះបាញ់នោះ មានទំហំមុខកាត់ប្រហែលកន្លះម៉ែត្រ ហើយជ្រៅគួរសម មើលទៅ
ស្រដៀងនឹងរណ្ដៅគ្រាប់មីន ឬរណ្ដៅគ្រាប់ផ្លោងដែរ ។ សូមបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១៥ ឧសភា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅក្នុងក្រុងបាត់ដំបង ថែមទាំងបានខ្យល់ និងផ្គររន្ទះបាញ់កងរំពងគួរឲ្យខ្លាច ។ នៅក្នុងក្រុងទឹកភ្លៀងបានជនលិចដងផ្លូវជាច្រើនខ្សែរ តែវាបានស្រកចុះវិញភ្លាមៗនាប៉ុន្មានម៉ោងក្រោយភ្លៀងរាំង។
ដំណាលៗគ្នានៅតាមបណ្ដាស្រុកដទៃទៀត ក៏មានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះបាញ់យ៉ាងខ្លាំង រហូតមានងាប់សត្វគោ របួសមនុស្ស និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់ជាច្រើនខ្នង៕
ចែករំលែកព័តមាននេះ