ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋា ថាក់វិស៊ីនចេញបញ្ជាឱ្យសមត្ថកិច្ចស៊ើបអង្កេតសំណុំរៀងស្លាប់សកម្មជននយោបាយម្នាក់ដែលជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ ហើយក្រោយមកបានធ្វើកូដកម្មបង្អត់អាហារខ្លួនឯងរហូតដល់ស្លាប់កាលពីម្សិលមិញ។ នារីសកម្មជនរូបនេះឈ្មោះនេត្រធីផន (Netiporn) វ័យ២៨ឆ្នាំត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាំងពីខែមករា ឆ្នាំ២០២៤។ ជនជាប់ចោទបានស្នើសុំនៅក្រៅឃុំ។ ប៉ុន្តែតុលាការយល់ឃើញថាលក្ខខណ្ឌរបស់គាត់មិនគ្រប់គ្រាន់។
សមត្ថកិច្ចក៏ឃុំខ្លួនជនជាប់ចោទរូបនេះជាបន្តទៀត។ តាមពិត ការបង្អត់អាហារនេះធ្វើឡើងតាំងពីមុនស្នើសុំនៅក្រៅឃុំម៉្លេះ។ ប៉ុន្តែដោយសារតុលាការបដិសេធការស្នើសុំ, គាត់ក៏ធ្វើកូដកម្មបង្អត់អាហារជាបន្តទៀត។ កាលពីយប់មិញ មនុស្សរាប់រយនាក់បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសកម្មជនដែលស្លាប់នៅក្នុងមន្ទីរពេទ្យនៃនាយកដ្ឋានពន្ធនាគារដោយគាំងបេះដូង។
លោកសេដ្ឋាថ្លែងប្រាប់អ្នកសារព័ត៌មានថានរណាក៏ដោយឱ្យតែស្លាប់យើងសោកស្ដាយ។ លោកក៏សូមឆ្លៀតយកឱកាសនេះផ្ញើសាររំលែកទុកជូនចំពោះក្រុមគ្រួសារសកម្មជនឈ្មោះនេត្រធីផនផងដែរ។ លោកថ្លែងបន្តទៀតថាលោកបានណែនាំឱ្យក្រសួងយុត្តិធម៌ស៊ើបអង្កេតឱ្យបានលម្អិតទៅលើសំណុំរឿងស្លាប់សកម្មជនរូបនេះ។
មុនពេលស្លាប់, សកម្មជនឈ្មោះនេត្រធីផនត្រូវក្រុមគ្រូពេទ្យបញ្ចុះបញ្ចូលឱ្យលេបថ្នាំ ឬអាហារបំប៉នមានជាតិវីតាមីនដើម្បីប៉ូវកម្លាំង និងស្ដារកាយពលឡើងវិញ។ ប៉ុន្តែនារីរូបនេះញ៉ាំតែអាហារទន់ៗជាប្រភេទអាហារទឹកត្រឹមតែបន្តិចបន្តួចតែប៉ុណ្ណោះ ហើយមិនព្រមលេបថ្នាំវីតាមីនទេ។ ថ្នាំមានសារធាតុរ៉ែខនិចក៏មិនព្រមញ៉ាំដែរ។ មែនទែនទៅ, កាលនោះបើនារីរូបនេះអនុវត្តតាមការបញ្ចុះបញ្ចូលប្រហែលជាមិនទាន់ហួសពេលទេព្រោះស្ថានភាពរាងកាយមិនទាន់ឈានដល់ដំណាក់កាលចុះទ្រុឌទ្រោមខ្លាំងដល់ថ្នាក់កែលែងឡើង។
នាយកដ្ឋានពន្ធនាគារចេញសេចក្ដីប្រកាស១នៅរសៀលថ្ងៃពុធដើម្បីបញ្ជាក់ថាពួកគេកំពុងរង់ចាំគ្រូពេទ្យធ្វើកោសល្យវិច័យចេញលទ្ធផលជាផ្លូវការសិនដើម្បីកំណត់ថាតើការស្លាប់នេះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដ។ នាយកមន្ទីរពេទ្យប្រចាំពន្ធនាគារនោះប្រាប់ថាមុនពេលមានបញ្ហាធ្ងន់ធ្ងររហូតដល់ស្លាប់នេះ ស្ថានភាពរបស់ជនរងគ្រោះហាក់ដូចជាធម្មតា។
ចាប់តាំងពីមានចលនាបាតុកម្មយុវជនកាលពីឆ្នាំ២០២០ គេអាចចាត់ទុកថាសកម្មជនឈ្មោះនេត្រធីផនជាមនុស្សដំបូងគេដែលស្លាប់នៅពេលជាប់ឃុំ។ ចលនានេះទាមទារឱ្យមានកំណែទម្រង់របបរាជានិយម។ សកម្មជនរូបនេះស្ថិតនៅក្នុងចំណោមមនុស្ស២៧២នាក់ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រចាប់តាំងពីឆ្នាំ២០២០។
ប្រទេសថៃអនុវត្តច្បាប់យ៉ាងតឹងតែងពាក់ព័ន្ធនឹងការការពារព្រះមហាក្សត្រ និងស្ថាប័នព្រះបរមរាជវាំង។ អ្នកដែលល្មើសនឹងច្បាប់នេះអាចនឹងជាប់ពន្ធនាគារអតិបរមា១៥ឆ្នាំ។ នៅក្នុងករណីខ្លះកាត់ទោសឱ្យជាប់ពន្ធនាគារ៥០ឆ្នាំ។ ចាប់តាំងពីខែមករា ឆ្នាំ២០២៤ សកម្មជនជាប់ឃុំ២៧នាក់បានស្នើសុំនៅក្រៅឃុំ។ ក្នុងនោះ ១៧នាក់ជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ។ ប៉ុន្តែតុលាការបានបដិ សេធជាហូរហែ។ នារីឈ្មោះនេត្រធីផនបង្អត់អាហារខ្លួនឯងរយៈពេល៦៥ថ្ងៃមុនពេលផុតដង្ហើម៕
ចែករំលែកព័តមាននេះ