ខេត្តពោធិ៍សាត់ ៖ សង្កេតឃើញឈ្មួញនៅតែលួចនាំចូលប្រភេទសាច់សត្វនិងគ្រឿងក្នុងបង្កកដែលខូចគុណភាព ដោយមិនបានគិតពីបញ្ហាសុខភាពរបស់អ្នកយកទៅទិញហូបឡើយ ។ ប៉ុន្តែទោះជាយ៉ាងណា ការនាំចូលសាច់ទាំងនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានជារឿយៗផងដែរ ។
ជាក់ស្តែង យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង២០,២០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយជំនាញបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្វើការស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកតូយ៉ូតាស៊ីណា ពណ៌.ស ពាក់ស្លាកលេខ បាត់ដំបង2C-5949 សង្ស័យដឹកសាច់បង្កក និងគ្រឿងក្នុងសត្វខូចគុណភាព ប៉ះពាល់ដល់សុខភាព នៅចំណុចលើផ្លូវជាតិលេខ5 មុខក្លោងទ្វារវត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
ប្រភពបន្តថា ការបង្ក្រាបខាងលើ គឺមានការសម្របសម្រួលពីលោកគ្រី សីហា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងឆែកឆេររកឃើញសាច់បង្កក និងគ្រឿងក្នុងសត្វខូចគុណភាព គ្មានលិខិតអនុញ្ញាត គ្មានប្រភពច្បាស់លាស់ ចំនួន ៥៥២ គីឡូក្រាម ក្នុងនោះរួមមាន៖
១-/អណ្តាតជ្រូក 42ថង់ ស្មើនឹង 210គីឡូក្រាម
២-/ពោះគោសម្អាតរួច 24ថង់ ស្មើនឹង 150គីឡូក្រាម
៣-/ជើងជ្រូក95គីឡូក្រាម
៤-/ជង្គង់មាន់-ទា ដកឆ្អឹងរួច 67គីឡូក្រាម ។
បច្ចុប្បន្ន សមត្ថកិច្ចយើងបានធ្វើការដុតកំទេចចោលតាមវិធានបសុពេទ្យ។
ចែករំលែកព័តមាននេះ