ខេត្តស្វាយរៀង ៖ ក្មេងស្រី០២នាក់បងប្អូនដើររើសអេតចាយ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងទិញសម្ភារសិក្សា បានទទួលអំណោយពីរដ្ឋបាលក្រុងស្វាយរៀង កាលពីរសៀលថ្ងៃទី៧ឧសភា ២០២៤ នេះ រួមមានអង្ករ៥០គីឡូក្រាម មី១កេះត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេលជ័រ១ ខ្នើយ១ ភួយ១ មុង១ និងថវិកា៤ម៉ឺនរៀល។
សូមរំលឹកផងដែរ មានក្មេងស្រី០២នាក់បងប្អូន ខំតស៊ូដើររើសអេតចាយ ដើម្បីលក់យកប្រាក់ជួយឪពុកម្តាយក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទិញសម្ភារៈសិក្សា។ កុមារី ឆន ភីណា អាយុ១០ ឆ្នាំ រៀនថ្នាក់ទី០៥ នៅសាលាបឋមសិក្សា០២ធ្នូ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង នាងបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងទាំងមុខក្រៀមក្រមថា ដោយជីវភាពគ្រួសារក្រីក្រ ក្រៅម៉ោងសិក្សា រូបនាងនិងបងស្រីតែងតែដើររើសអេតចាយដើម្បីលក់យកប្រាក់ឲ្យឪពុកម្តាយផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារនិងសម្រាប់ទិញសំលៀកបំពាក់និងសម្ភារៈសិក្សា។
បើតាមបុរសជាឪពុកឈ្មោះយ៉ង់ ចន្ធីម អាយុ៤២ឆ្នាំ ជាកម្មករសំណង់ បានឲ្យដឹងថា គាត់មានប្រពន្ធឈ្មោះអ៊ុយ សាខុម អាយុ៣៦ឆ្នាំ មុខរបរដើររើសអេតចាយ ។ គាត់មានកូនស្រី០២នាក់កូនទី១-ឈ្មោះអ៊ុយ ស្រីរត្ន័ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី០៦ នៅសាលបឋមសិក្សា០២ធ្នូ ជាសិស្សពូកែររៀនជាប់លេខ១រាល់ឆ្នាំ និងកូនទី២ ឈ្មោះឆនភីណា ភេទស្រីអាយុ១០ឆ្នាំរៀននៅសាលាបឋមសិក្សា០២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
គាត់មានទីលំនៅភូមិឈូក ឃុំក្រសាំង ស្រុករមាសហែក ដោយជីវភាពក្រីក្រ លំបាកក៏សម្រេចចិត្តនាំប្រពន្ធកូនមករស់នៅក្រុងស្វាយរៀង ដោយរូបគាត់ប្រកបមុខរបរជាកម្មករសំណង់ ចំណែកប្រពន្ធឲ្យដើររើសអេតចាយដើម្បីលក់ទិញអង្ករ ហូបប្រចាំថ្ងៃ ។
មុនដំបូងកាលពី៧ឆ្នាំមុន គឺរស់នៅតាមតង់កន្លែងធ្វើសំណង់ ដោយមានភ្លៀងខ្យល់ ពិបាកដល់កូនៗតូច ក៏សម្រេចចិត្តទៅជួលផ្ទះគេរស់នៅឯជាយក្រុងស្វាយរៀង ដើម្បីឲ្យកូនស្រីច្បងបានចូលរៀន ផង ដោយម្ចាស់ផ្ទះគេគ្រាន់តែធ្វើខ្ទមតូចឲ្យរស់នៅ ហើយឲ្យចាំដីឲ្យគេផង គេយកថ្លៃផ្ទះ១ខែ៨០,០០០រៀល ក្រោយមកគេក៏លែងជួលឲ្យនៅ ក៏ដើររកផ្ទះនៅ បាន១ខែ២ខែ កន្លែងខ្លះនៅបាន១ឆ្នាំក៏គេឈប់ជួល ត្រូវដើររកផ្ទះជួលនៅទៀត។
នៅឆ្នាំ២០២៤ នេះ ម្ចាស់ផ្ទះគេទៅរស់នៅក្រុងបាវិត គេទុកផ្ទះចោល ពេលគេឃើញគាត់អត់ផ្ទះនៅក៏អាណិតបានជួលផ្ទះឈើ១ខ្នងឲ្យរស់នៅនិងចាំផ្ទះឲ្យគេផង និងថែដំណាំឲ្យគេផង ដោយគេយកថ្លៃផ្ទះ១ខែ ១៥ម៉ឺនរៀល ដូច្នេះ បើគិតទាំងថ្លៃភ្លើង ថ្លៃទឹកនិងថ្លៃផ្ទះក្នុង១ខែត្រូវចំណាយប្រាក់២០ម៉ឺនរៀល។
ផ្ទះជួលរស់នៅសពថ្ងៃស្ថិតនៅភូមិសួនថ្មីសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។បច្ចុប្បន្នផ្នែកសំណង់ គេមិនសូវមានសាងសង់ គាត់ក៏មិនបានធ្វើសំណង់ទេ ជួនកាលទៅលីស៊ីម៉ង់ដ៏ឬលើកអីវ៉ាន់ឲ្យគេ ជួនក៏គ្មានអ្វីធ្វើ ដើរទៅចាំរកការងារធ្វើរអត់មាន ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះអ៊ុយ សាខុម និយាយថា គាត់ដើររើសអេតចាយ ចាប់ពីព្រឹកម៉ោង៧ ដល់ម៉ោង១១ព្រឹកត្រឡប់មកផ្ទះវិញដើម្បីដាំបាយធ្វើម្ហូបឲ្យកូនញ៉ាំ ពេលកូនៗត្រឡប់មកពីររៀនវិញ ។
ចំណែកកូនស្រីទាំងពីនាក់រៀនតែពេលព្រឹកទេ ដូច្នេះ ពេលរសៀលម៉ោង២និង០០នាទីគឺ ចេញទៅរើសអេតចាយដែរ រហូតម៉ោង០៧យប់ ទើបត្រឡប់មកផ្ទះវិញ ជួនកាលដើររើសមិនសូវបាន ក៏ទិញកំប៉ុងគេតាមផ្ទះនិងតាមតូបគេលក់ដូរគ្រឿងកំប៉ុង ។ ហើយក្នុង១ថ្ងៃ ទាំងអស់គ្នា អេតចាយលក់បាន១៥,០០០រៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះ ដោយអ្នករើសអេតចាយច្រើន។ដបទឹកសុទ្ធ ក្នុង១គីឡូ៥០០រៀល បើរើសបានសំបកកំប៉ុង បានថ្លៃគួសម១គី៥,០០០រៀល។
សព្វថ្ងៃ អាណិតកូនៗ កូនៗចង់រៀនសូត្រ ម្តាយឪពុកគ្មានលទ្ធភាព បើនាំប្រពន្ធកូនទៅស្រុកវិញក៏មិនដឹងថារកស៊ីអី មករស់នៅទីក្រុង ថាងាយស្រួលរកការងារធ្វើ គឺមិនស្រួលទេ បើគ្មានជំនាញ ដូច្នេះមានតែតស៊ូ ទោសបីរកមួយថ្ងៃ បានហូបមួយថ្ងៃ ក៏ត្រូវតែតស៊ូហើយពេលនេះកូនៗនៅរៀនថ្នាក់បឋម ដល់ពេល រៀនដល់អនុវិទ្យាល័យ សាលារៀនព្រឹកល្ងាចមិនដឹងថា អាចទៅរួចឬយ៉ាងណាទេ ក៏ប៉ុន្តែកូនៗ គេនិយាយថា នាងត្រូវតែតស៊ូ រៀនរហូតចប់ថ្នាក់ទី១២ ។
បច្ចុប្បន្ន ក្មួយស្រីខ្វះ សំលៀកបំពាក់សិក្សា និងសម្ភារសិក្សា សូមសប្បុរស់ជនមេត្តា ជួយផ្តល់ថវិកាទិញសំលៀកបំពាក់ និងផ្តល់សម្ភារសិក្សាដល់ក្មេងស្រីទាំងពីនាក់នេះផង ៕
ចែករំលែកព័តមាននេះ