ខេត្តបាត់ដំបង ៖ ម៉ោងជិត១២ថ្ងៃត្រង់ទៅហើយ (០៤ ០៥ ២៤) ក្រោមកំដៅថ្ងៃបណ្ដើរកូនព្រិចៗ បើកភ្នែកស្ទើរពុំរួច គេឃើញមានក្រុមកម្មករជាស្ត្រីប៉ុន្មាននាក់ មានក្មេង មានចាស់ រាប់ទាំងម្ចាស់ចម្ការដំណាំស្លឹកគ្រីផង ម្នាក់ៗហាក់មមារញឹកយ៉ាងខ្លាំង តស៊ូប្រឹងប្រែងកាប់គាស់គល់ស្លឹកគ្រី ដើម្បីកាត់តម្រឹមសម្អាតវិចខ្ចប់ ថ្លឹងដឹកយកទៅលក់ឲ្យម៉ូយ ខណៈម្ចាស់ចម្ការបានថ្អូញត្អែរថា «តំលៃស្លឹកគ្រីឆ្នាំនេះធ្លាក់ចុះជាងឆ្នាំទៅមិញ ដែលធ្វើឲ្យគាត់ប្រឈមនឹងការខាតបង់»។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/1cd67a3753b50a1a1387e30f8f80ad25.jpg)
ក្រោមកំដៅថ្ងៃព្រិចៗ សីតណ្ហភាពឡើងកំដៅរហូតដល់៤១អង្សាសេ នៅលើដីចម្ការដំណាំស្លឹកគ្រីដែលម្ចាស់អះអាងថា មានទំហំផ្ទៃដីចំនួន០៣ហិចតា ស្ថិតក្នុងភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល គេឃើញក្រុមកម្មករបាននាំគ្នា ប្រឹងប្រែងគាស់ និងកាប់តម្រិមគល់ស្លឹកគ្រី ក្រោមដំបូលតង់កៅស៊ូជ្រកក្នុងចម្ការចេកក្បែរនោះ និងខ្លះទៀតយកឆត្រធ្វើជាម្លប់ជ្រកកំដៅថ្ងៃហូតហែង នៅចំកណ្ដាលចម្ការ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/8770868dedec72ff2ed969a329e97835.jpg)
ជាមួយគ្នានឹងការមមារញឹករបស់ក្រុមកម្មករ ក្នុងការកាប់គាស់ កាត់សម្អាតដើមស្លឹកគ្រីច្រកថង់វិចខ្ចប់ គេក៏ប្រទះឃើញម្ចាស់ចម្ការស្លឹកគ្រីនេះ ហាក់គ្មានពេលទំនេរដែរ ជាមួយនឹងសម្រែកថា «ក្ដៅណាស់លោកអើយ» ។ ស្ត្រីម្នាក់ដែលជាម្ចាស់ចម្ការដំណាំស្លឹកគ្រីដ៏នេះ បានជិះម៉ូតូកញ្ចាស់របស់គាត់ដែលមានបំពាក់កញ្ឆេរសម្រាប់ដឹកដើមស្លឹកគ្រីផង បានជិះឆ្លងកាត់ដីចម្ការរបស់គាត់ ដឹកជញ្ជូនដើមស្លឹកគ្រីទាំងកណ្ដាលថ្ងៃត្រង់ ខណៈក្រុមកម្មកររបស់គាត់កំពុងមមារញឹកកាប់តម្រឹមដើមស្លឹកគ្រី ក្រោមដំបូលឆ័ត្រ និងតង់កៅស៊ូ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/1a2a4321379218c229370f6c41fe6123.jpg)
អ្នកស្រី ពេញ ស៊ីយ៉ាន វ័យ៣៦ឆ្នាំ ជាម្ចាស់ចម្ការដំណាំស្លឹកគ្រី នៅភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល បានផ្ដល់បទសម្ភាសន៍ផ្ទាល់ជាមួយកោះសន្តិភាព កាលពីថ្ងៃទី ០៤ ឧសភា ដោយរៀបរាប់ពីដំណើរការ នៃដំណាំស្លឹកគ្រីរបស់អ្នកស្រី និងពីប្រាក់ចំណូលដែលទទូលបានពីការលក់ដើមស្លឹកគ្រី ។ ជាមួយនឹងសកម្មភាពដ៏មមារញឹកដឹកជញ្ជូនដើមស្លឹកគ្រី អ្នកស្រី ពេញ ស៊ីយ៉ាន បានឆ្លៀតផ្ដល់បទសម្ភាសន៍ដូច្នេះថា «ឆ្នាំនេះស្លឹកគ្រីបានធ្លាក់ចុះតំលៃសម្បើមណាស់ បើប្រៀបធៀបទៅនឹងតំលៃទីផ្សារឆ្នាំទៅម៉ិញ»។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/7b370379e5686de50918e03047b6c4ed.jpg)
អ្នកស្រីបានប្រាប់ថា «កាលពីឆ្នាំទៅម៉ិញ គល់ស្លឹកគ្រីលក់បានតំលៃចន្លោះពី១៤០០រៀល ដល់ ១៦០០រៀល ក្នុង០១គីឡូក្រាម ហើយម៉ូយមកកាត់ដល់ចម្ការ និងដឹកជញ្ជូនដោយខ្លួនឯង។ ប៉ុន្តែឆ្នាំនេះគល់ស្លឹកគ្រីលក់បានត្រឹមតំលៃ ១០០០រៀលប៉ុណ្ណោះ ក្នុង០១គីឡូក្រាម ហើយគាស់និងកាត់សម្អាតវិចខ្ចប់ខ្លួនឯង រួចដឹកជញ្ជូនយកទៅប្រគល់ឲ្យម៉ូយដល់ផ្សារ ភូពុយ ទៀត។ ដូច្នេះ បើគិតថ្លៃឈ្នូលកម្មករ និង ថ្លៃឡានដឹកជញ្ជូនផង ខ្ញុំមិនមានប្រាក់ចំណេញទេ ថែមទាំងប្រឈមនឹងការខាតបង់ទៀតឆ្នាំនេះ»។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/a7a44dd285191936ba1f116207b8eae1.jpg)
នៅលើផ្ទៃដីលាតសន្ធឹងដ៏ធំល្វឹងល្វើយ ស្ថិតនៅត្រើយម្ខាងនៃដងអូរត្រែង ក្នុងភូមិស្វាយសរ ឃុំត្រែង គេឃើញមានដាំំណាំកសិកម្មគ្រប់ប្រភេទច្រើនអនេក រួមទាំងដំណាំស្វាយកែវរមៀតរាប់សិបហិចតាផង ដែលមើលទៅហាក់កំពុងប្រកូតប្រជែងជាមួយនឹងដំណាំស្លឹកគ្រី ដែលមានស្លឹកពណ៌មាស (ស្លឹកចាស់) លាយពណ៌បៃតងចាស់។ ជ្រកក្រោមដំបូលតង់កៅស៊ូ ដែលមើលមួយភ្លែត ហាក់កប់លុបបាត់ទៅនឹងគំនរដើមស្លឹកគ្រី និងដើមចេក ខណៈដៃរបស់គាត់កំពុងលើកកាំបិតកាប់ចិញ្ច្រាំតម្រិមសម្អាតដើមស្លឹកគ្រីផង ស្ត្រីដែលមានវ័យចំណាស់បន្តិចបានប្រាប់ថា គាត់ជាម្ចាស់ចម្ការស្លឹកគ្រី ហើយពេញ ស៊ីយ៉ាន ដែលកំពុងដឹកជញ្ជូនដើមស្លឹកគ្រីតាមម៉ូតូនោះជាកូនស្រីគាត់។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/d4ac493cfd3fc50371c9e8d75809d0ff.jpg)
គាត់មិនបានប្រាប់ឈ្មោះទេ ហើយក៏មិនងើបមុខដែរ ពេលផ្ដល់បទសម្ភាសន៍ជាមួយកោះសន្តិភាព ព្រោះគាត់ជាប់ដៃមមារញឹកខ្លាំង កាប់សម្អាតដើមស្លឹកគ្រី ប៉ុន្តែគាត់នៅតែអាចផ្ដល់បទសម្ភាសន៍បាន។ គាត់បានប្រាប់ថា «ថ្ងៃនេះ (០៤ ០៥ ២៤) ម៉ូយបានកុម្មង់ទិញដើមស្លឹកគ្រីចំនួនជាង៦០០គីឡូក្រាម។ ដូច្នេះហើយ ទើបខ្ញុំដាក់កម្មករចំនួន៦នាក់ ប្រឹងធ្វើឲ្យបានគ្រប់ចំនួន បើទោះជាក្ដៅយ៉ាងណា ក៏ពួកខ្ញុំ មិនបានសម្រាកដែរ»។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/74d6278d23a90ff396186ee0207c48a7.jpg)
ម្ចាស់ចម្ការរូបនេះ ក៏បានត្អូញត្អែរពីការប្រឈមនឹងការខាតបង់ដែរសម្រាប់ឆ្នាំនេះ ដោយសារតែទីផ្សារស្លឹកគ្រីធ្លាក់ខ្លាំង។ បើទោះជាគាត់មិនងើបមុខនិយាយស្ដីក៏ដោយ ប៉ុន្តែគាត់អាចឆ្លើយបានគ្រប់សំនួរ ដែលកោះសន្តិភាព បានសួរនាំគាត់។ ដង្ខៅចម្ការស្លឹកគ្រីចំនួន០៣ហិចតារូបនេះ បានពិព័រណ៌នាដោយសង្ខេប អំពីការចំណាយទៅលើដំណើរការ នៃដំណាំស្លឹកគ្រីរបស់គាត់ដូច្នេះថា «ឆ្នាំនេះតំលៃស្លឹកគ្រីធ្លាក់ចុះខ្លាំង តែការចំណាយច្រើន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/75c7e74d2fcf2683aa4004768493309d.jpg)
ដូចជាចំណាយលើថ្លៃប្រេងបូមទឹកស្រោចស្រប ចំណាយលើការភ្ជួរដី ចំណាយលើការថែទាំផ្សេងៗ។ នៅពេលប្រមូលផល ខ្ញុំចំណាយលើកកម្មករកាត់សម្អាតវិចខ្ចប់ដើមស្លឹកគ្រី ការចំណាយលើសោរហ៊ុយឡានដឹកជញ្ជូនឲ្យម៉ូយដល់ទីផ្សារ។ ដូច្នេះ ស្លឹកគ្រី០១គីឡូក្រាមតំលៃ១០០០រៀល ទូទាត់ទៅខ្ញុំមិនចំណេញទេ ខុសពីឆ្នាំមុនៗច្រើនណាស់»។ ដោយឡែក អ្នកស្រី ពេញ ស៊ីយ៉ាន ក៏បានលើកឡើងផងដែរ អំពីការចំណាយច្រើន រីឯតំលៃទីផ្សារធ្លាក់ចុះខ្លាំងក្នុងឆ្នាំនេះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/9d171e61c7b5b1eb9e64b134806b491c.jpg)
អ្នកស្រីបានបញ្ជាក់ថា តាមពិតតំលៃ១០០០រៀលនេះ ប្រសិនបើម៉ូយៗមកកាត់ និង ដឹកជញ្ជូនដល់ចម្ការដោយខ្លួនឯងដូចឆ្នាំមុនៗ យើងមិនអាចសល់ប្រាក់ចំណេញខ្លះ។ ប៉ុន្តែឆ្នាំនេះ ស្លឹកក្រីតំលៃថោកហើយ ម្ចាស់ចម្ការត្រូវជួលកម្មករគាស់ និង កាត់សម្អាតដើមស្លឹកគ្រី ហើយត្រូវចំណាយសោរហ៊ុយដឹកជញ្ជូនឲ្យម៉ូយដល់ទីផ្សារទៀត។ ដូច្នេះហើយ ទើបយើងមិនចំណេញ ហើយអាចប្រឈមនឹងការខាត់ទុនថែមទៀតផង។ ប៉ុន្តែយ៉ាងណា យើងត្រូវតែប្រមូលផល ព្រោះបារម្ភខ្លាចមានអគ្គីភ័យកើតឡើងដោយយថាហេតុ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/5d1ffb6e284cc89c201cfe6be11df96b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/00bbac406d2268352afecbe2a313ec04.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/44ff88210df55dadf2a01f70fd843a10.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/127c737c2b8fe7907cd1978749aca447.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/b26f4ad7822ead2b5454791912363da6.jpg)
ចែករំលែកព័តមាននេះ