ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ឆ្នាំ​នេះ​មិន​សូវ​ត្រូវ​ប៉ាន់​ទុរេន​ព្រោះ​​​អា​កាស​ធាតុ​ក្ដៅ​ខ្លាំងពេក

7 ខែ មុន

ទី​ក្រុង​បាងកក៖ វិស័យ​ទុរេន​របស់​ថៃ​​កំពុង​​ជួប​បញ្ហា​ជំពាក់​មុខ​ស្រាយ​មិន​ចេះ​អស់​។ អស់​ពី​រឿង​១​​ចូល​រឿង​១​​ទៀត​។ វៀតណាម​ទើប​តែ​ដណ្ដើម​ទី​ផ្សារ​ទុរេន​ក្នុង​ការ​នាំ​ចូល​ប្រទេស​ចិន​​ថៃ​មិន​ទាន់​ស្ដារ​ឡើង​វិញ​ផង​ ឥឡូវ​នេះ​​ខែ​ក្ដៅ​ខ្លាំង​ធ្វើ​ឱ្យ​​ម្ចាស់​ចម្ការ​ទុរេន​ថៃ​​ត្អូញ​​ត្អែរ​មិន​ដាច់​​ពី​មាត់​។ ម្ចាស់​ចម្ការ​ទុរេន​​ឈ្មោះ​បុស្បា ណាក់​ភីផាត់ ​(Busaba Nakpipat) ​ប្រាប់​​​ថា​ឆ្នាំ​នេះ​គាត់​ជួប​នឹង​បញ្ហា​ធំ​​​។…

ទី​ក្រុង​បាងកក៖ វិស័យ​ទុរេន​របស់​ថៃ​​កំពុង​​ជួប​បញ្ហា​ជំពាក់​មុខ​ស្រាយ​មិន​ចេះ​អស់​។ អស់​ពី​រឿង​១​​ចូល​រឿង​១​​ទៀត​។ វៀតណាម​ទើប​តែ​ដណ្ដើម​ទី​ផ្សារ​ទុរេន​ក្នុង​ការ​នាំ​ចូល​ប្រទេស​ចិន​​ថៃ​មិន​ទាន់​ស្ដារ​ឡើង​វិញ​ផង​ ឥឡូវ​នេះ​​ខែ​ក្ដៅ​ខ្លាំង​ធ្វើ​ឱ្យ​​ម្ចាស់​ចម្ការ​ទុរេន​ថៃ​​ត្អូញ​​ត្អែរ​មិន​ដាច់​​ពី​មាត់​។ ម្ចាស់​ចម្ការ​ទុរេន​​ឈ្មោះ​បុស្បា ណាក់​ភីផាត់ ​(Busaba Nakpipat) ​ប្រាប់​​​ថា​ឆ្នាំ​នេះ​គាត់​ជួប​នឹង​បញ្ហា​ធំ​​​។ ស្ត្រី​វ័យ​៥៤​ឆ្នាំ​រូប​នេះ​កំពុង​មើល​ថែ​ទាំ​ចម្ការ​ទុរេន​នៅ​ខេត្ត​ឈុន​បុរី​។

​ទុរេន​ថៃ​ឆ្នាំ​នេះ​ប្រមូល​ផល​បាន​តិច​ជាង​រាល់​ដង​​​ដោយ​សារ​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​។ អ្នក​ស្រី​បុស្បា​ត្អូញ​ត្អែរ​ថា​បើ​អាកាសក្ដៅ​បែប​​​នេះ​ត​ទៅ​ទៀត​​ ​ឆ្នាំ​ក្រោយ​ៗ​​ប្រហែល​ជា​​និយាយ​លែង​ចេញ​តែ​ម្ដង​​​​។ ​ជា​រៀង​រាល់​ឆ្នាំ​ ​​ទុរេន​អាច​ប្រមូល​ផល​​ចាប់​ពី​ខែ​មីនា-​មិថុនា​។ ប៉ុន្តែ​​​អាកាស​ធាតុ​ក្ដៅ​ណាស់​ឆ្នាំ​នេះ​។​ នៅ​ឈុន​បុរី​​កម្ដៅ​ឡើង​ដល់​៤០​អង្សា​​អស់​ជា​ច្រើន​អាទិត្យ​​​គួប​ផ្សំ​នឹង​គ្រោះ​រាំង​ស្ងួត​នៅ​រដូវ​ប្រាំង​ទៀត​ធ្វើ​ឱ្យ​រយៈ​ពេល​ប្រមូល​ផល​ទុរេន​កាន់​តែ​ខ្លី​។

អ្នក​ស្រី​បុស្បា​ប្រាប់​ថា​​សីតុណ្ហ​ភាព​ក្ដៅ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ផ្លែ​ទុរេន​តូច​ជាង​មុន​, ស្រាល​ជាង​មុន​ និង​​ឆាប់​ទុំ​ជាង​មុន​។ ទុរេន​ខ្លះ​ទើប​តែ​ចេញ​ផ្លែ​តូច​តែ​មួយ​​​មិន​បាន​ប៉ុន្មាន​ផង​​ក៏​ចាប់​ផ្ដើម​ទុំ​បាត់​ទៅ​ហើយ​​។ ផ្លែ​ទុរេន​តូច​ៗ​គេ​មិន​ចង់​ទិញ​ទេ​​។ ទុរេន​ខ្លះ​គ្រាប់​ធំ​ទៀត​ចប់​តែ​ម្ដង​​។ ​ហេតុ​នេះ​​​គុណ​ភាព​ទុរេន​ទាំង​សាច់​ ក្លិន ពណ៌​សម្បុរ​របស់​ទុរេន​មិន​​ត្រូវ​តាម​កម្រិត​ស្តង់​ដារ​ទាល់​តែ​សោះ​​​​។

ដូច្នេះ ប្រាក់​ចំណូល​​ពី​ការ​លក់​ទុរេន​​​ឆ្នាំ​នេះ​​មិន​បាន​ប៉ុន្មាន​ទេ​ព្រោះ​ត្រូវ​ផាត់​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ដូច​ជា​​​ការ​ដាំ​ដុះ ថែ​ទាំ ដាក់​ជី ស្រោច​ទឹក​កាន់​តែច្រើន​​​ជាង​មុន​។ ឆ្នាំ​នេះ​ចាប់​ពី​ខែ​មីនា​មក, ​ទឹក​ទន្លេ​ បឹង​ បួរ​ រីង​ចង់​អស់​។ ​រាល់​ឆ្នាំ​, ម្ចាស់​ចម្ការ​ច្រើន​ពឹង​​​លើ​​ទឹក​​អណ្ដូង​​ដែល​ជីក​នៅ​ក្នុង​ចម្ការ​សម្រាប់​ស្រោច​ទុរេន​។ ប៉ុន្តែ​ឆ្នាំ​នេះ​​អណ្ដូង​គ្មាន​ទឹក​​១​តំណក់​។ ដូច្នេះ អ្នក​ស្រី​បុស្បា​ត្រូវ​ទិញ​ទឹក​ដែល​គេ​ដឹក​តាម​ឡាន​ដើម្បី​យក​ទៅ​ស្រោច​ចម្ការ​ទុរេន​ទំហំ​១,៦​ហិកតារ​ចំនួន​៤​​កន្លែង​។ ​​ស្រោច​​ម្ដង​ៗ​អស់​​ទឹក​​១០​ឡាន​ស្មើ​នឹង​១២០​ម៉ែត្រ​គីប​​។ គាត់​​​ត្រូវ​ស្រោច​រាល់​ថ្ងៃ​។ គិត​ទៅ​​គ្រាន់​តែ​ចំណាយ​លើ​ទឹក​ស្រោច​ទុរេន​អស់​រាប់​ពាន់​ដុល្លារ​​។​

វិស័យ​នាំចេញ​ទុរេន​របស់​ថៃ​អាច​រក​ប្រាក់​ចំណូល​បាន​ខ្ទង់​ពាន់​លាន​ដុល្លារ​ក្នុង​​១​ឆ្នាំ​ៗ​។ ម៉្យាង​ទៀត ទុរេន​ជា​ដំណាំ​ដែល​អាច​រក​ចំណូល​ច្រើន​លំដាប់​ទី​បី​របស់​ប្រទេស​ថៃ​បន្ទាប់​ពី​អង្ករ​ និង​កៅស៊ូ​។ ប៉ុន្តែ​នៅ​ពេល​ការ​ប្រមូល​ផល​ទុរេន​ជួប​នឹង​បញ្ហា​ដូច្នេះធ្វើ​ឱ្យ​អាជីវ​ករ​ទទួល​ទុរេនពី​ចម្ការ​យក​ទៅ​លក់​បន្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ថា​អាច​នឹង​ខ្វះ​ទុរេន​​លក់​​ឆ្នាំ​នេះ​​។​

អាជីវ​ករ​លក់​ទុរេន​សម្លឹង​ឃើញ​ថា​ថ្វី​ដ្បិត​​ផ្លែ​ទុរេន​រាង​តូច​ៗ​ជាង​មុន​ដោយ​សារ​ស្រោច​ទឹក​មិន​ដល់​ ប៉ុន្តែ​​ទុរេន​នៅ​តែ​​ត្រូវ​ប៉ាន់​ តម្លៃ​នៅ​តែ​ខ្ពស់​ដោយ​សារ​ប្រទេស​ចិន​​​​​មានតម្រូវ​ការ​ទុរេន​កាន់​តែ​ច្រើន​។ ​​ទុរេន​ថៃ​ដែល​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ៩៥​%​នាំ​ទៅ​ចិន ហើយ​អាច​លក់​បាន​៤,៦​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​តួ​លេខ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​។

និយាយ​នេះ​និយាយ​កាល​ពី​ឆ្នាំ​២០២៣​រាប់​ថយ​ក្រោយ​វិ​ញ​។ ប៉ុន្តែ​ចាប់​ពី​​ពេល​នេះ​​ទៅ​មុខ, ថៃ​លែង​អាច​វ៉ាង​ទី​ដូច​មុន​ទៀត​ហើយ​​ដោយ​សារ​វៀតណាម​បាន​​វ៉ា​ដាច់​នៅ​ឆ្នាំ​នេះ​។ ជន​ជាតិ​ចិន​កំពុង​ឆ្ងាញ់​មាត់​នឹង​ទុរេន​វៀតណាម​​ដោយ​សារ​​ទី​១-​​អាច​ផ្គត់​ផ្គង់​បាន​​ខួប​ប្រាំង​ខួប​វស្សា, ទី២-ដឹក​ជញ្ជូន​លឿន និង​​ទី៣-​តម្លៃ​ថោក​​។ ទាំង​នេះ​​ជា​​ចំណុច​ស្លាប់​​រស់​នៃ​ការ​ប្រកួត​ប្រជែង​។

​សារ​ព័ត៌​មាន​ចិន​ផ្សាយ​កាល​ពី​ខែ​ឧសភា​ថា​ចិន​​នាំ​ចូល​ទុរេន​ពី​វៀតណាម​​ច្រើន​ជាង​មុន​៥០%​។ បញ្ហា​នេះ​ដោយ​សារ​ថៃ​មិន​អាច​ផ្គត់​ផ្គង់​ទុរេន​ទាន់​តម្រូវ​ការ​។ ​​ម៉្យាង​ទៀត​ថៃ​ជួប​នឹង​គ្រោះ​រាំង​ស្ងួត និង​ការ​ឡើង​កម្ដៅ​ខ្លាំង​។ ​​អាកាស​ធាតុ​ក្ដៅ​ធ្វើ​​ឱ្យ​ទុរេន​ប្រមូល​ផល​បាន​តិច និង​មាន​ផ្លែ​តូច​ៗ​​។ ឥឡូវ​នេះ មិន​ថា​តែ​អ្នក​ម្ចាស់​ចម្ការ​ទេ​ដែល​ត្អូញ​​។ សូម្បី​តែ​អាជីវ​ករ​ដែល​ទទួល​ទុរេន​ពី​ចម្ការ​យក​មក​ពុះ​លក់​បន្ត​ក៏​ចាប់​ផ្ដើម​ថ្ងូរ​ដូច​ព្រាប​។ បើ​គ្មាន​ទុរេន​លក់​ទេ​ ប្រាក់​ចំណូល​ក៏​មាន​តិច​ទៅ​តាម​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ