ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកប្លីងខិន បានបង្ហួសដំណើរពីសៀងហៃទៅដល់ទីក្រុងប៉េកាំងបាត់ទៅហើយនៅល្ងាចថ្ងៃព្រហស្បតិ៍នេះដើម្បីព្យាយាមជួសជុលទំនាក់ទំនងនៃប្រទេសទាំងពីរដែលជួបនឹងភាពល្អក់កករនឹងគ្នាជាច្រើនឆ្នាំមកហើយ។ ពោលគឺតាំងពីជំនាន់លោកត្រាំកាន់អំណាច។
គេរំពឹងថាប្រមុខការទូតអាមេរិករូបនេះមិនភ្លេចនិយាយអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនទេនៅក្នុងចំណោមរបៀបវារៈសំខាន់ៗដទៃទៀត។ ម៉្យាងទៀត គេមិនទាន់ដឹងច្បាស់ថាតើលោកនឹងមានឱកាសជួបប្រធានាធិបតីចិនដែរឬទេនៅក្នុងទស្សនកិច្ចបីថ្ងៃនេះ។ ជាដំបូង លោកត្រូវជួបសមភាគីចិនសិន។
លោកប្លីងខិនជំរុញឱ្យប្រទេសចិនបង្កើតបរិយាកាសល្អៗសម្រាប់អ្នកវិនិយោគអាមេរិកដែលទៅបណ្ដាក់ទុននៅប្រទេសចិន។ លោកអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងផ្ដល់ការធានាកម្រិតខ្ពស់សម្រាប់បរិយាកាសវិនិយោគ ខណៈដែលដំណើរទស្សនកិច្ចលើកនេះក៏ស្វះស្វែងរកការផ្សះផ្សារជម្លោះពាណិជ្ជកម្មផងដែរ។ ទន្ទឹមនឹងនោះ ទស្សនកិច្ចនេះក៏ដិតដាមដោយបញ្ហាថ្មីៗចំនួន២។ ទី១-ការគំរាមបិទទីកតុកនៅលើទឹកដីអាមេរិក និងទី២-ការអនុម័តកញ្ចប់ជំនួយ៩៥ពាន់លានដុល្លារ។
គេដឹងថានៅក្នុងកញ្ចប់ជំនួយនោះក៏មានជំនួយយោធាសម្រាប់កោះតៃវ៉ាន់ច្រើនគួរសមដែររហូតដល់ជាង៨ពាន់លានដុល្លារ។ បញ្ហានេះធ្វើឱ្យប្រទេសចិនខឹងសម្បារយ៉ាងខ្លាំង និងបញ្ចេញប្រតិកម្មតបតាំងពីម្សិលមិញ។ សភាពការណ៍វិវត្តថ្មីទាំងពីរនេះគឺជាស្រមោលអន្ធការ ឬជាផ្ទាំងពពកខ្មៅដែលតាមរំខានការផ្សះផ្សារទំនាក់ទំនងនៃមហាអំណាចទាំងពីរ។
លោកប្លីងខិនជាមន្ត្រីជាន់ខ្ពស់ចុងក្រោយគេរបស់រដ្ឋបាលលោកបៃដិនដែលធ្វើដំណើរទៅប្រទេសចិន។ ទន្ទឹមនឹងការមើលមុខគ្នាមិនចំនេះ ប្រទេសទាំងពីរក៏បន្តការសន្ទនាគ្នាដើម្បីជៀសវាងបញ្ហាផ្ទុះឡើងកាន់តែខ្លាំងទៅជាជម្លោះប្រដាប់អាវុធ។ ម៉្យាងទៀត ទោះមានជម្លោះនឹងគ្នាយ៉ាងណាក៏ដោយ មានតែការនិយាយគ្នាតែប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាបាន។
ប្រទេសចិនក៏មិនណយប៉ុន្មានដែរ។ ក្រុមហ៊ុនរបស់អាមេរិក និងអឺរ៉ុបដែលវិនិយោគនៅចិនត្អូញត្អែរគ្រប់ៗមាត់ថាពួកគេរងសម្ពាធកាន់តែខ្លាំង។ បើមិនរងសម្ពាធដោយសារអាជ្ញាធរចិនគាបសង្កត់ទេ ក៏រងសម្ពាធដោយសារជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង២ដែរ។ ហេតុនេះ ក្រុមហ៊ុនខ្លះចាប់ផ្ដើមរើទីតាំងរោងច្រករបស់ខ្លួនរពុយៗចេញពីប្រទេសចិនទៅប្រទេសដទៃ។
វ៉ាស៊ីនតោន និងប៉េកាំងកាន់តែខ្វែងគំនិតគ្នាខ្លាំងឡើងៗពាក់ព័ន្ធនឹងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកនៅលើទឹកដីចិន។ មិនទាន់មានសញ្ញាណាមួយបង្ហាញថាប្រទេសទាំង២បន្ធូរដៃឱ្យគ្នានៅឡើយទេ។ វ៉ាស៊ីនតោនក៏មិនបន្ធូរដៃដែរ។ នៅដំណាក់កាលចុងក្រោយ ប្រទេសចិនមិនអាចនាំទំនិញទៅលក់នៅប្រទេសអាមេរិកដោយងាយស្រួល ឬដោយទូលំទូលាយដូចមុនទេ។ ម៉្យាងទៀត គោលជំហរ ឬនយោបាយការបរទេសពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែនក៏ជាបញ្ហាចោទដ៏ធំផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកថ្លែងថាថ្មីៗនេះមានកិច្ចជំនួបពិសេសរវាងលោកប្លីងខិនជាមួយលេខាបក្សកុម្មុយនិស្តចិន លោកឈឹនជីនីង (Chen Jining) ប្រចាំទីក្រុងសៀងហៃ។ នៅក្នុងគ្រានោះ លោកប្លីងខិនបានពាំនាំនូវពាក្យពេចន៍ និងកង្វល់នានារបស់អ្នកវិនិយោគអាមេរិកទៅជម្រាបជូនភាគីចិនថាអ្វីដែលជាបញ្ហាលំបាកសម្រាប់ពួកគេគឺគោលនយោបាយរបស់ប្រទេសចិនស្ដីពីពាណិជ្ជកម្ម និងវិនិយោគ និងការអនុវត្តទម្រង់សេដ្ឋកិច្ចផែនការដែលផ្ទុយពីសេដ្ឋកិច្ចទីផ្សារសេរី៕
ចែករំលែកព័តមាននេះ