ខណ:ប្រជាជនកម្ពុជាកំពុងតែសប្បាយរីករាយឈានចូលថ្ងៃទីបី នៃបុណ្យចូលឆ្នាំខ្មែរ មេដឹកនាំពិភពលោកវិញកំពុងខ្វល់រឿងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល ដោយបាញ់កាំជ្រួច និងដ្រូនជាងច្រើនរយគ្រាប់ និងគ្រឿង ។
ស្នាមញញឹមលើផ្ទៃមុខរបស់ប្រជាជនកម្ពុជាមានពាសពេញបណ្តាញសង្គម ខណ:ប្រជាជនកម្ពុជានាំគ្នាចែករំលែករូបភាពសប្បាយរីករាយ នៅតាមទីក្រុងភ្នំពេញ និងខេត្តទាំង២៤ នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រជាជនកម្ពុជាកំពុងតែបរិភោគអាហារឆ្ងាញ់ ដើរលេងកម្សាន្តតំបន់ទេសចរណ៍គួរជាទីទាក់ទាញ និងលេងកម្សាន្តល្បែងប្រជាប្រិយដូចជា ទាញព្រ័ត ចោលឈូង វាយក្អម និងល្បែងប្រជាប្រិយជាច្រើនទៀត ព្រមទាំងបាញ់ទឹកប៉ាតម្សៅយ៉ាងសប្បាយ ។
ប៉ុន្តែផ្ទុយទៅវិញ ប្រជាជននៅមជ្ឈឹមបូព៌ា និងមេដឹកនាំពិភពលោក កំពុងតែខ្វល់រឿងអ៊ីរ៉ង់វាយ ប្រហារ ដោយកាំជ្រួច និងដ្រូនយោធាជាង៣០០គ្រាប់ និងគ្រឿងលើអ៊ីស្រាអែល ។ សំណាងល្អកាំជ្រួច និងដ្រូនទាំងនោះស្ទើរទាំងអស់ត្រូវបាញ់ស្ទាក់ដោយអាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្តអ៊ីស្រាអែល ។
ទោះជាយ៉ាងក៏ដោយចុះ ការវាយប្រហារនោះបានធ្វើអោយមេដឹកនាំពិភពលោក ទាំងអគ្គលេខាធិការ អង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីអង់គ្លេសព្រមទាំងមេដឹកនាំអឺរ៉ុបផ្សេងទៀត មានការព្រួយបារម្ភ ហើយអំពាវនាវកុំអោយមានការវាយប្រហារគ្នាធ្ងន់ធ្ងរជាងនេះដែលអាចនាំដល់ការផ្ទុះចេញជាសង្គ្រាម ។
លោក អង់តូនីញ៉ូ ហ្គូតារេស អគ្គលេខាធិការអង្គការសហប្រជាជាតិចាត់ទុកស្ថានភាពភាពនៅមជ្ឈឹម បូព៌ាថា កំពុងស្ថិតនៅមាត់ជ្រោះដ៏គ្រោះថ្នាក់ ។
លោក បានអំពាវនាវអោយមានការអត់ធ្មត់ និងទប់ចិត្តកុំអោយរឿងកាន់តែធ្ងន់ធ្ងរទៅ ខណ:គេ កំពុងព្រួយបារម្ភអំពីការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារសងសឹករបស់អ៊ីរ៉ង់នោះ ។
អ៊ីរ៉ង់បានព្រមានរួចហើយថា បើអ៊ីស្រាអែលច្រឡោតតបតវិញកាន់តែខ្លាំងខ្លួននឹងវាយប្រហារ វិញកាន់តែខ្លាំងផងដែរ ។ ពិភពលោកចង់អោយអ៊ីស្រាអែលទប់ចិត្តហើយកុំធ្វើការឆ្លើយតបណាមួយដែលនាំអោយដល់ការផ្ទុះសង្គ្រាមនៅមជ្ឈឹមបូព៌ា ៕ដោយសារ៉ាន់
ចែករំលែកព័តមាននេះ