ទីក្រុងបាងកក៖ នៅអំឡុងសង្ក្រាន្តឆ្នាំនេះ ប្រទេសថៃសប្បាយមួយអស់ដៃ ប៉ុន្តែស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏ច្រើនសម្បើមណាស់ដែរ។ ចាប់ពីថ្ងៃទី១១-១៣ ខែមេសា ប្រទេសថៃស្លាប់មនុស្សជាង១០០នាក់ និងរបួសជិតមួយពាន់នាក់នៅទូទាំងប្រទេស។ អនុលេខាធិការប្រចាំការនៃក្រសួងដឹកជញ្ជូនថៃថ្លែងនៅរសៀលថ្ងៃអាទិត្យថានៅអំឡុងពេលនោះមានគ្រោះថ្នាក់ចរាចរណ៍៩៣៦ករណី, ស្លាប់១១៦នាក់ និងរបួស៩៦៨នាក់។
មូលហេតុសំខាន់នៃឧបទ្ទវហេតុទាំងនេះគឺការបើកបរលឿនពេក និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ គិតតែនៅក្នុងថ្ងៃសៅរ៍មួយប៉ុណ្ណោះ មានគ្រោះថ្នាក់ចរាចរណ៍៣៩២ករណី ស្លាប់មនុស្ស៤៨នាក់ និងរបួស៤១១នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតមានច្រើនជាងគេនៅខេត្តនគររាជសីមា និងខេត្តសុងក្លា១៩ករណីដូចគ្នា។ បន្ទាប់មក ខេត្តណាន១៦ករណី និងខេត្តឆៀងរ៉ាយ១៥ករណី។
ប៉ុន្តែដែលស្លាប់ច្រើនជាងគេគឺទីក្រុងបាងកកស្លាប់៤នាក់, ខេត្តចន្ទបុរី, ឆៀងរ៉ាយ, នគររាជសីមា និងពេជ្រប៊ុនស្លាប់បីនាក់ក្នុងមួយខេត្តៗ។ ចំណែកខេត្តដែលមានអ្នករងរបួសច្រើនជាងគេពីគ្រោះថ្នាក់ចរាចរណ៍គឺខេត្តសុងក្លារបួស២៣នាក់, ខេត្តនគរស្រីធម្មរាជារបួស២១នាក់ និងខេត្តណានរបួស១៧នាក់។ មូលហេតុធំជាងគេនៃគ្រោះថ្នាក់ចរាចរណ៍ទាំងនេះគឺការបើកបរលឿនពេកធ្វើឱ្យមានគ្រោះថ្នាក់១៥៧ករណី និងបន្ទាប់មកការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងធ្វើឱ្យមានគ្រោះថ្នាក់១០៩ករណី។
កាលពីថ្ងៃសៅរ៍ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះម៉ូតូ៣៤២ករណី, ឡានភីកអាប់២៦ករណី និងឡានផ្ទាល់ខ្លួន១៨ករណី។ គេរកឃើញថាអ្នកបើកបរដែលជួបនឹងហេតុការណ៍នេះ២៩៧នាក់មិនបានពាក់មួកសុវត្ថិភាពទេ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃប្រាប់ថាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមេសា មនុស្សធ្វើដំណើរជាង៨លានដងតាមមធ្យោបាយផ្សេងៗ។
ពោលគឺកើនឡើង៥,៣៩%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងចំណោមការធ្វើដំណើរត្រឡប់ទៅលេងផ្ទះនៅស្រុកកំណើត ឬធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា គេសង្កេតឃើញថាជនជាតិថៃចូលចិត្តជិះរថភ្លើងច្រើនជាងគេរហូតដល់ជាង៤៥%។ បន្ទាប់មកជិះឡាន៣៣% និងជិះយន្តហោះ១១%៕
ចែករំលែកព័តមាននេះ