ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ថា​ខ្លួន​បា.ញ់​ទម្លាក់​មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់​បាន​៩៩%

8 ខែ មុន

ទី​ក្រុង​យេរូសាឡឹម៖ ​អ៊ីស្រាអែល​បង្ហាញ​មោទ​ក​ភាព​របស់​ខ្លួន​យ៉ាង​ខ្លាំង​ដែល​ខ្លួន​អាច​​ទប់​ស្កាត់​ដោយ​ជោគ​ជ័យ​ចំពោះ​​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​​កាល​ពី​ព្រឹក​មិញ​​​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​ជាង​៣០០​គ្រឿង និង​មីស៊ីល​មិន​ចេះ​តិច​គ្រាប់ចូល​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​។ និយាយ​រួម អ៊ីរ៉ង់​​ប្រើ​ស្ទីល​របៀប​ក្រុម​ហាម៉ាស់​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​ជាង​៥០០០​គ្រាប់​កាល​ពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៣​​​។ ប៉ុន្តែ​លើក​នេះ​​​ជា​អ៊ីស្រាអែល​​ទំនង​ជា​បាន​ត្រៀមខ្លួន​​ដល់​កម្រិត​កំពូល​​ទើប​​អាច​បន្ទច់​បង្អាក់​អាវុធ​ទាំង​នេះ​មិន​ឱ្យ​វាយ​ប្រហារ​គោល​ដៅ​របស់​ខ្លួន​បាន​សម្រេច​។ ​​អ៊ីស្រាអែល​​ថា​ខ្លួន​អាច​បាញ់​ធ្លាក់​ដ្រូន និង​មីស៊ីល​​៩៩%​។…

ទី​ក្រុង​យេរូសាឡឹម៖ ​អ៊ីស្រាអែល​បង្ហាញ​មោទ​ក​ភាព​របស់​ខ្លួន​យ៉ាង​ខ្លាំង​ដែល​ខ្លួន​អាច​​ទប់​ស្កាត់​ដោយ​ជោគ​ជ័យ​ចំពោះ​​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​​កាល​ពី​ព្រឹក​មិញ​​​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​ជាង​៣០០​គ្រឿង និង​មីស៊ីល​មិន​ចេះ​តិច​គ្រាប់ចូល​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​។ និយាយ​រួម អ៊ីរ៉ង់​​ប្រើ​ស្ទីល​របៀប​ក្រុម​ហាម៉ាស់​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​ជាង​៥០០០​គ្រាប់​កាល​ពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៣​​​។ ប៉ុន្តែ​លើក​នេះ​​​ជា​អ៊ីស្រាអែល​​ទំនង​ជា​បាន​ត្រៀមខ្លួន​​ដល់​កម្រិត​កំពូល​​ទើប​​អាច​បន្ទច់​បង្អាក់​អាវុធ​ទាំង​នេះ​មិន​ឱ្យ​វាយ​ប្រហារ​គោល​ដៅ​របស់​ខ្លួន​បាន​សម្រេច​។ ​​អ៊ីស្រាអែល​​ថា​ខ្លួន​អាច​បាញ់​ធ្លាក់​ដ្រូន និង​មីស៊ីល​​៩៩%​។

​ប៉ុន្តែ​បញ្ហា​មិន​ទាន់​បញ្ចប់​ត្រឹម​ហ្នឹង​ទេ​។ គេ​បារម្ភ​ថា​ភ្នក់​ភ្លើង​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​អាច​នឹង​ឆេះ​រាល​ដាល​កាន់​តែ​ខ្លាំង​។ អ្នក​ខ្លះ​រហូត​ដល់​ទៅ​និយាយ​ថា​សង្គ្រាម​មជ្ឈិម​បូព៌ា​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ​។ ឥឡូវ​នេះ​ កម្រិត​ភាគ​រយ​ស្ថិត​នៅ​​៥០​-៥០​​​ចំពោះ​លទ្ធ​ភាព​ដែល​​ថា​អ៊ីស្រាអែល​អាច​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ​ទៅ​លើ​អ៊ីរ៉ង់ និង​កូន​ចៅ​របស់​អ៊ី​រ៉ង់​​​។

នៅ​យប់​នេះ លោកបៃដិន​​ត្រៀម​កោះ​ប្រជុំ​បន្ទាន់​​​​នៃ​ក្រុម​ប្រទេស​​ដែល​មាន​ឧស្សាហ​កម្ម​ធំ​ៗ​ទាំង​៧ ឬ​ជី​ប្រាំពីរ​ (G7)​ដើម្បី​ចាត់​វិធាន​ការ​ផ្នែក​ការ​ទូត​​ចំពោះ​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​។ នេះ​ជា​សញ្ញា​បង្ហាញ​ថា​រដ្ឋ​បាល​​​របស់​លោក​បៃ​ដិន​ចង់​ឱ្យ​អហោ​សិកម្ម​នឹង​គ្នា​ត្រឹម​ហ្នឹ​ងទៅ​ចុះ​។ លោក​មិន​ចង់​ឃើញ​ការ​វាយ​ប្រហារ​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បន្ត​ទៀត​ទេ​។​

តាំង​ពី​ព្រឹក​ព្រលឹម​​ថ្ងៃ​អាទិត្យ​​ ​អ៊ីរ៉ង់​ពន្លះ​អ៊ីស្រាអែល​មួយ​ក្ឌាំង​ដោយ​បាញ់​មីស៊ីល​បណ្ដែត​ (cruise missile) ជាង​៣០​គ្រាប់, ​​មីស៊ីល​ផ្លោង​ (ballistic missile) ជាង​១២០​គ្រាប់​ និង​យន្ត​ហោះ​ដ្រូន​១៧០​គ្រឿង​វាយ​​សង្គ្រប់​លើ​​​អ៊ីស្រាអែល​។ តាម​ពិ​ត ​ប្រទេស​ទាំង​២​សង្គ្រឺត​ធ្មេញ​ដាក់​គ្នា​យូរ​ហើយ​​​​​។ គ្រាន់​តែ​ថា​កាល​ពី​ពេល​កន្លង​មក ពួក​គេ​ច្រើន​ធ្វើ​សង្គ្រាម​ប្រយោល ឬ​សង្គ្រាម​ខ្ចី​ដៃ​ (proxy war) ​ដោយ​ប្រើ​ប្រាស់​កូន​ចៅ​របស់​ខ្លួន​។ ជា​ពិសេស អ៊ីរ៉ង់​​​ប្រើ​ប្រាស់​កូន​ចៅ​របស់​ខ្លួន​ដូច​ជា​ក្រុម​ហេស្បូឡា​នៅ​ប្រទេស​លីបង់​, ក្រុម​​ហ៊ូទី​នៅ​ប្រទេស​យេម៉េន​​, ក្រុ​មហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា ​និង​ក្រុម​ដទៃ​ទៀត​ដើម្បី​វាយ​ប្រហារ​អ៊ីស្រាអែល​។​

ប៉ុន្តែ​​កាល​ពី​ព្រឹក​មិញ​ជា​លើក​ទី​១​ដែល​អ៊ីរ៉ង់​វាយ​អ៊ីស្រាអែល​ដោយ​ផ្ទាល់​ធ្វើ​ឱ្យ​អ៊ីស្រាអែល​ភ័យ​ផ្អែម​មាត់​ខ្លះ​ៗ​ដែរ​។ អ៊ីស្រាអែល​​បន្លឺ​​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​ស្រែក​កង​រំពង​ពាស​ពេញ​ផ្ទៃ​ប្រទេស​​។ អ៊ីស្រាអែល​ទំនង​ជា​បាន​ព្យាករ​តាំង​ពី​យូរ​មក​ហើយ​ថា​នឹង​មាន​ថ្ងៃ​នេះ​​​។ ដូច្នេះ​ ​អ៊ីស្រាអែល​​​បាន​រៀប​ជើង​ព្រួល​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ជា​ច្រើន​ស្រទាប់​​​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ប្រទេស​អាមេរិក​​ដើម្បី​ទប់​ស្កាត់​គ្រាប់​មីស៊ីល​ផ្លោង​ពី​ចម្ងាយ, គ្រាប់​មីស៊ីល​បណ្ដែត​, ដ្រូន​ និង​គ្រាប់​រ៉ុក​កែត​។

អ្នក​នាំ​ពាក្យ​យោធា​អ៊ីស្រាអែល​ថ្លែង​ថា​អ៊ីរ៉ង់​​បាញ់​​​មីស៊ីល និង​យន្ត​ហោះ​ដ្រូន​​ជាង​៣០០​គ្រឿង​។ ប៉ុន្តែ​អ៊ីស្រាអែល​បាញ់​ទម្លាក់​៩៩%​។ ចំពោះ​សំណួរ​ថា​តើ​អ៊ីស្រាអែល​នឹង​វាយ​សង​សឹក​វិញ​ទេ?​ អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា​អ៊ីស្រាអែល​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បីការ​ពារ​ប្រជា​ជន​របស់​ខ្លួន​។ ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោ​កណឺតាន់​យ៉ាហ៊ូ​ បង្ហោះ​សារ​នយោបាយ​ខ្លី​មួយ​នៅ​លើ​ទ្វីត​ថឺ​ថា​ «យើង​បាន​បាញ់​ស្ទាក់​។ យើង​បាន​បិទ​ខ្ទប់​ (ការ​វាយ​ប្រហារ)។ បើ​យើង​រួម​កម្លាំង​គ្នា យើង​នឹង​មាន​ជ័យ​ជម្នះ​»។

រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​អ៊ីស្រាអែល​ក៏​អប​អរ​សាទរ​នឹង​ការ​ទទួល​ជោគ​ជ័យ​លើក​នេះ​ផង​ដែរ​។ លោក​អរ​គុណ​ប្រទេស​អាមេរិក និង​ប្រទេស​ដទៃ​ទៀត​ដែល​​ជួយ​ជ្រោម​ជ្រែង​អ៊ីស្រាអែល​​​ក្នុង​ការ​ទប់ទល់​​នឹង​​ការ​វាយ​ប្រហារ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​បញ្ហា​មិន​ទាន់​​បិទ​បញ្ចប់​ត្រឹម​ហ្នឹង​ទេ​។​ មាន​ន័យ​ថា​អ៊ីរ៉ង់​អាច​នឹង​វាយ​ប្រហារ​ថែម​ទៀត​ ឬ​មិន​អីចឹង​ទេ អ៊ីស្រាអែល​អាច​នឹង​វាយ​បក​វិញ​។​

​​លោក​​ថ្លែង​ថា​អ៊ីស្រាអែល​ខូច​ខាត​បន្តិច​បន្តិច​នៅ​មូល​ដ្ឋាន​អាកាស​របស់​ខ្លួន​។ ប៉ុន្តែ​មិន​ថ្វី​ទេ​ ទី​នេះ​​​អាច​ដំណើរ​ការ​បាន​ជា​ធម្ម​តា​។ ក្រៅ​ពី​នេះ កុមារី​ម្នាក់​អាយុ​៧​ឆ្នាំ​រង​របួស​ធ្ងន់​​​។ ​ដូច្នេះ ការ​វាយ​ប្រហារ​កាល​ពី​ព្រឹក​មិញ​នោះ​មិន​បាន​សម្លាប់​ជីវិត​មនុស្ស​សូម្បី​តែ​ម្នាក់​។ តាម​មើល​ទៅ អ៊ីស្រាអែល​ទំនង​ជា​​មាន​មោទ​ក​ភាព​រហូត​ដល់​ញញឹម​បិទ​មាត់​មិនជិត​ទេ​ក្រោយ​ការ​ទទួល​ជោគ​ជ័យ​លើក​នេះ​។ ​បើ​ប្រៀប​ធៀប​នឹង​ការ​វាយ​ប្រហារ​របស់​ហាម៉ាស់​កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​​​គឺ​​ខុស​គ្នា​ឆ្ងាយ​ណាស់​។

​​កាល​ណោះ ជន​ស៊ីវិល​អ៊ីស្រាអែល​ស្លាប់​​​១២០០​នាក់​ធ្វើ​ឱ្យ​​អ៊ីស្រាអែល​ខ្មាស​គេ​មិន​ស្ទើរ​ទេ។ ​​ហាម៉ាស់​ជា​ចលនា​ប្រដាប់​អាវុធ​​តូច​ខ្លាំង​ណាស់​បើ​ប្រៀប​ធៀប​ជា​មួយ​អ៊ីស្រាអែល​ដែល​មាន​​​កម្លាំង​ការ​ពារ​ជាតិ​លេខ​១​​នៅ​មជ្ឈិម​បូព៌ា​។ ​ហាម៉ាស់​​អាច​វាយ​ទម្លុះ​ខ្សែ​ការ​ពារ​របស់​អ៊ីស្រាអែល​នៅ​តាម​ព្រំ​ដែន។ ទោះ​​បី​​អ៊ីស្រាអែល​សាង​សង់​ប្រព័ន្ធ​ការ​ពារ​ព្រំ​ដែន​ដែល​បំពាក់​សុទ្ធ​តែ​របង​លួស​បន្លា​ និង​ចរន្ត​អគ្គិសនី​ឆក់​ ប៉ុន្តែ​នៅ​ទី​បំផុត​ ក្រុម​​ហាម៉ាស់​​​អាច​វាយ​ឆ្មក់​តាម​ជើង​គោក ជើង​ទឹក​ និង​ជើង​អាកាស​​។​

ដូច្នេះ ការ​ដែល​អ៊ីស្រាអែល​អាច​ការ​ពារ​ខ្លួន​ខ្លាំង​ដល់​កម្រិត​ព្រឹក​មិញ​អាច​ជួយ​ស្ដារ​កិត្តិ​យស​របស់​អ៊ីស្រាអែល​បាន​ឡើង​វិញ​។ ប៉ុន្តែ​សហគ​មន៍​ជាតិ និង​អន្តរ​ជាតិ​កំពុង​តែ​ផ្អែម​មាត់​នៅ​ឡើយ​ទេ​​ព្រោះ​មិន​ដឹង​ថា​តើ​អ៊ីស្រាអែល​នឹង​ចាត់​វិធាន​ការ​វាយ​បក​បែប​ណា​​ទៀត​។ ​នៅ​វ៉ាស៊ីនតោន​ លោក​បៃដិន​ថ្លែង​ថា​អាមេរិក​ជួយ​​ឱ្យ​អ៊ីស្រាអែល​បាញ់​ទម្លាក់​ដ្រូន​ និង​មីស៊ីល​របស់​អ៊ីរ៉ង់​​ភាគ​ច្រើន​បំផុត​។ លោក​សន្យា​ថា​នឹង​កោះ​ប្រជុំ​ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​ដើម្បី​ចាត់​វិធាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​នេះ​។

​លោក​បៃដិន​តម​សម្ដី​គ្នា​ជា​មួយ​លោក​ណឺតាន់​យ៉ាហ៊ូ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ ប៉ុន្តែ​កាល​ពី​​ពេល​ថ្មីៗ​នេះ​លោក​ទាំង​២​បាន​សន្ទ​នា​គ្នា​តាម​ទូរ​ស័ព្ទ​។ លោក​បៃដិន​ប្រាប់​លោក​ណឺតាន់​យ៉ាហ៊ូ​ថា​ការ​ដែល​អ៊ីស្រាអែល​អាច​ការ​ពារ​ខ្លួន​បាន​ដល់​កម្រិត​នេះ​ជា​សារ​នយោបាយ​ប្រាប់​ទៅ​ក្រុម​ប្រទេស​បច្ចា​មិត្ត​ថា​ពួក​គេ​មិន​អាច​គំរាម​កំហែង​សន្តិសុខ​ជាតិ​របស់​អ៊ីស្រាអែល​បា​ន​ឡើយ​។​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ចង់​ពង្រីក​បញ្ហា​ឱ្យ​កាន់​តែធំ​ទេ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ